ធ្លាក់ឈាមក្រោយសម្រាលកូនដោយវះកាត់ នេះជាអ្វីម៉ាក់ៗគួរដឹង
ការធ្លាក់ឈាមក្រោយសម្រាលដោយវះកាត់ គឺជារឿងធម្មតាប៉ុណ្ណោះ។ បន្ទាប់ពីសម្រាលរួច រាងកាយរបស់យើងនឹងបញ្ចេញជាតិរម្អិល ឈាម និងជាលិកាដែលនៅសេសសល់តាមទ្វារមាស។

ឈាមតិចៗដែលធ្លាក់ក្រោយសម្រាលទាំងនេះ អាចមានរយៈពេលរហូតដល់៦សប្ដាហ៍ ប៉ុន្តែពណ៌ និងបរិមាណនៃវត្ថុរាវទាំងនេះ នឹងថយចុះទៅតាមពេលវេលា។
ការធ្លាក់ឈាមមានសភាពបែបណា?
ម៉ាក់ៗនឹងជួបប្រទះការធ្លាក់ឈាមច្រើន និងមានពណ៌ក្រហមចាស់ ក្រោយសម្រាលដោយវះកាត់រួច ដែលនឹងថយចុះនៅក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់។ ជាមួយគ្នានេះដែរ យើងក៏អាចឃើញកំណកឈាម អំឡុងពេលប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីសម្រាលរួចផងដែរ។
សម្រាប់ការសម្រាលដោយវះកាត់ ស្រីៗយើងអាចធ្លាក់ឈាមតិចជាងអ្នកដែលសម្រាលតាមធម្មជាតិ បន្ទាប់ពីរយៈពេល២៤ម៉ោង។ វត្ថុរាវដែលធ្លាក់ក្រោយសម្រាលនឹងមានបរិមាណតិចជាងមុន ព្រមទាំងផ្លាស់ប្ដូរពណ៌ផងដែរ ដូចជាពណ៌ត្នោត ក្រហមស្រាល ផ្កាឈូកស្រាល និងចុងក្រោយគឺពណ៌សនៅក្នុងរយៈពេលពីរបីសប្ដាហ៍បន្ទាប់។ ការធ្លាក់ឈាមដែលបន្តក្រោយសប្ដាហ៍ទី៤ដល់ទី៦ក្រោយសម្រាល អាចជាសញ្ញានៃរដូវរបស់យើង។ ប្រសិនបើម៉ាក់ៗបំបៅដោះ ការមករដូវអាចនឹងត្រូវការពេលយូរជាងនេះ។
ការថែទាំពេលធ្លាក់ឈាមក្រោយសម្រាលដោយវះកាត់
បន្ទាប់ពីសម្រាលដោយវះកាត់រួច ស្រីៗយើងគប្បីប្រើប្រាស់សំឡីដែលក្រាស់ និងជក់ទឹកបានល្អក្នុងរយៈពេលពីរបីថ្ងៃដំបូង។ យ៉ាងណាមិញ ចូរជៀសវាងប្រើប្រាស់តំប៉ុង បន្ទាប់ពីសម្រាលកូនរួចមិនថាសម្រាលតាមធម្មជាតិ ឬវះកាត់ឡើយ។
ការបំបៅកូនដោយទឹកដោះ អាចជួយឲ្យការធ្លាក់ឈាមមានការថយចុះ ពីព្រោះសាច់ដុំស្បូន និងសរសៃឈាមដែលព័ទ្ធជុំវិញរួមតូចនៅអំឡុងពេលបំបៅដោះ។ ការបង្កើនសកម្មភាពនៅប៉ុន្មានសប្ដាហ៍បន្ទាប់ពីវះកាត់រួច ក៏អាចធ្វើឲ្យឈាមធ្លាក់កាន់តែខ្លាំងដូចគ្នា។ ដូច្នេះហើយ ចូរព្យាយាមដាក់កម្រិតសកម្មភាព ខណៈពេលដែលយើងកំពុងតែជាសះស្បើយ។
នៅបរិវេណវះរបស់យើងអាចនឹងមានហូរទឹករងៃនៅរយៈពេលប៉ុន្មានថ្ងៃដំបូង បន្ទាប់ពីសម្រាលដោយការវះកាត់រួច ប៉ុន្តែមិនមានចេញឈាមឡើយ។ ចូរថែទាំកន្លែងវះកាត់ឲ្យស្អាតល្អ ដោយលាងសម្អាតជាមួយនឹងសាប៊ូ និងទឹក ក៏ដូចជាដាក់វាឲ្យមានខ្យល់ចេញចូលល្អ។ ម៉ាក់ៗគប្បីសាកសួរគ្រូពេទ្យ មុនពេលលាងសម្អាតត្រង់បរិវេណវះកាត់ជាលើកដំបូង ដើម្បីធានាសុវត្ថិភាព។
ពេលណាដែលយើងត្រូវបារម្ភ?
ការធ្លាក់ឈាមច្រើនឡើង បន្ទាប់ពីសម្រាលដោយវះកាត់រួច គឺជាកត្តាដែលយើងគួរបារម្ភ និងត្រូវត្រួតពិនិត្យដោយគ្រូពេទ្យភ្លាមៗ។ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ប្រសិនបើ៖
- ផ្លាស់ប្ដូរសំឡីអនាម័យលើសពីមួយដងក្នុងមួយម៉ោង
- ធ្លាក់ឈាមកាន់តែធ្ងន់ធ្ងរ ឬពណ៌ក្រមៅ
- កំណកឈាមមានទំហំធំជាងផ្លែព្រូន
- ការធ្លាក់វត្ថុរាវមានក្លិនមិនធម្មតា
សញ្ញាផ្សេងទៀតនៃវិបត្តិក្រោយសម្រាលកូន បន្ថែមពីលើការផ្លាស់ប្ដូរនៃការធ្លាក់ឈាម រួមមាន៖
- មានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយ ដូចជាគ្រុនក្ដៅ ឬគ្រុនញាក់ សន្លប់ ឬវិលមុខ
- ក្អួតចង្អោរ
- រមួលក្រពើ
- ឈឺចាប់នៅពេលនោម។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?