ចាស់ៗជំនាន់មុននិយមយកខ្សែ ឬក្រមាទៅចងជើងរបស់ទារក ធ្វើបែបនេះដើម្បីពត់ជើងក្មេងកុំឲ្យកូនជើងកោង ឬជើងកែងអីហ្នឹង។ ចុះទម្លាប់ចងពត់ជើងទារកនេះ អាចប៉ះពាល់ទៅដល់ឆ្អឹងដែរទេ?
សម្រាប់បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បានពន្យល់ថា យើងឃើញថា ចាស់ៗមានទម្លាប់ពត់ជើងទារកនេះតាំងពីដើមមក ហើយក៏មិនឃើញថាការធ្វើបែបនេះបង្កជាផលពិបាកទៅឲ្យទារក ឬធ្វើឲ្យខូចទម្រង់ជើងក្មេងដែរ គ្រាន់តែវិធីពត់ជើងក្មេងនេះ មិនត្រូវបានណែនាំឲ្យធ្វើទេ បើតាមក្បួនពេទ្យវិទ្យាសាស្ត្រ។
លោកស្រីបន្តថា រាល់ក្មេងកើតមក គឺជើងតែងមានសភាពកោងៗ តែនេះជារឿងធម្មតារបស់ទារក ព្រោះនៅពេលដែលវិវត្តធំទៅៗ ជើងរបស់ក្មេងនឹងចាប់ផ្ដើមត្រង់ដោយខ្លួនឯងបន្តិចម្ដងៗ។
“ខ្ញុំគិតថា ការដែលពត់ជើងទារកនេះមិនមានប៉ះពាល់អីខ្លាំងទេ ប្រសិនបើម៉ាក់ប៉ាធ្វើវិធីនេះក្នុងកម្រិតមួយសមស្រប មានន័យថា មិនពត់រហូតធ្វើឲ្យកូនឈឺ ឬចងរឹតជើងកូនទាល់តែតឹង ស្ទះឈាម គឺគ្មានបញ្ហាអីគួរឲ្យបារម្ភទេ។”
អ្វីដែលម៉ាក់ប៉ាគួរបារម្ភ គឺនៅពេលដែលកូនចេះអង្គុយ ហើយអង្គុយនៅក្នុងទម្រង់បត់កង្កែបវិញទេ (ទម្រង់អក្សរ W) ព្រោះការអង្គុយបែបនេះអាចបណ្ដាលឲ្យកូនជួបបញ្ហាឆ្អឹងដូចជា៖
– រលាកសន្លាក់
– ឆ្អឹងមិនប្រក្រតី ឬខូចទ្រង់ទ្រាយឆ្អឹង
– បង្អាក់ការលូតលាស់ឆ្អឹង និងបង្កផលប៉ះពាល់ពេលកូនធំឡើង។ល។
[embed-health-tool-vaccination-tool]