ការលាប ឬយកអ្វីទៅលើបំពោកលើបង្ហើយក្បាលទារកទើបនឹងកើត ប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ ចំពោះចម្ងល់របស់ម៉ាក់ប៉ាវិញ ចង់ដឹងថា បង្ហើយនោះជាអ្វី? យើងចាំបាច់ត្រូវការពារអ្វីខ្លះ? Helloគ្រូពេទ្យ នឹងបកស្រាយជូនដូចខាងក្រោម។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា បង្ហើយ របស់ទារកទើបកើត នៅចំកណ្ដាលផ្នែកខាងមុខ ដែលយើងមើលទៅឃើញមានចន្លោះហើបមួយ ហើយនៅពេលស្ទាប ឬប៉ះ វាមានសភាពទន់ និងប៉ោងផតចុះឡើងៗ។ ក្រៅពីបង្ហើយខាងមុខ នៅផ្នែកខាងក្រោយក្បាលក៏មានបង្ហើយមួយទៀតដែរ តែមិនសូវធំ និងយើងមិនសូវបានចាប់អារម្មណ៍ដូចខាងមុខ ដែលវានៅចន្លោះហើបតូចខាងក្រោយ រវាងឆ្អឹងលលាដ៍ក្បាលខាងលើ និងឆ្អឹងលលាដ៍ក្បាលខាងក្រោយ។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបានបន្តទៀតថា ជាទូទៅបង្ហើយផ្នែកខាងមុខមានរាង ៤ ជ្រុង ហើយចំណែកបង្ហើយក្រោយមានរូបរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយផ្នែកខាងក្រោយនេះនឹងចាប់ផ្ដើមរឹងប្រហែលជា ៤-៦ ខែបន្ទាប់ពីទារកកើត ចំណែកខាងមុខនឹងឡើងរឹងនៅពេលកូនតូចអាយុចាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំកន្លះ។
លោកបានបញ្ជាក់ទៀតថា ការប៉ះពាល់ ឬស្ទាបបង្ហើយអាចធ្វើបាន គ្រាន់តែត្រូវប្រុងប្រយ័ត្នកុំចុចសង្កត់ ឬយកអ្វីទៅចាក់ខ្លាំងៗទៅបានហើយ។ នៅពេលយើងស្ទាបប៉ះទៅឃើញថា បង្ហើយទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា កូនអាចកើតអាការខ្វះជាតិទឹក ឬបើឃើញថាបង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។
ពីមុនចាស់ៗទម្លាប់លាបពពួកប្រេងលាបរឹតលើបង្ហើយកូន ដើម្បីឲ្យវាឆាប់រឹង ប៉ុន្តែបច្ចុប្បន្ន ពេទ្យបានណែនាំមិនឲ្យលាបអ្វីលើបង្ហើយទារកទេ ហើយក៏មិនត្រូវធ្វើឲ្យបង្ហើយគេឆាប់រឹងដែរ។ ការលាបអ្វីលើបង្ហើយ ធ្វើឲ្យប៉ះពាល់សុខភាពកូនទៅវិញទេ ជាពិសេសសារធាតុមានជាតិ ម៉ង់តុល (Menthol)។
វេជ្ជបណ្ឌិតបន្ថែមទៀតថា ការធ្វើឲ្យបង្ហើយក្មេងឆាប់រឹង ក៏មិនមែនជារឿងល្អដែរ។ ប៉ាម៉ាក់ត្រូវដឹងថា បង្ហើយគឺជាផ្នែកទន់នៃក្បាលទារកមានសារៈសំខាន់បំផុតទៅដល់ការលូតលាស់ខួរក្បាល និងទម្រង់ក្បាល។
ចំពោះអត្ថប្រយោជន៍របស់បង្ហើយនេះវិញមាន ២ យ៉ាង៖
– ធ្វើឲ្យទម្រង់ក្បាលទារកបង្រួមងាយស្រួលកើតចេញពីពោះម៉ាក់
– វាធ្វើឲ្យទម្រង់ក្បាលរីកធំតាមការលូតលាស់របស់ខួរក្បាល។ ទារកកើតមក ក្នុងខែដំបូងៗខួរក្បាលគេលូតលាស់យ៉ាងឆាប់រហ័ស មានន័យថា ខួរក្បាលគេនឹងត្រូវរីកធំទៅតាមការលូតលាស់កូន។
ពេលខួរក្បាលលូតលាស់ និងរីកធំទម្រង់ក្បាលរបស់គេក៏ត្រូវតែរីកឲ្យស្របគ្នាដែរ ហើយទម្រង់ក្បាលអាចរីកបានលុះណាតែមានផ្នែកទន់ទាំងអស់នោះ។ ដូចនេះកុំធ្វើអ្វីលើបង្ហើយ ទុកឲ្យគេរឹងទៅតាមការវិវត្តរបស់កូន គឺល្អបំផុតហើយ។
[embed-health-tool-vaccination-tool]