backup og meta

កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 02, 2019

    កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា?

    ទារក​ខ្លះ​មាន​បញ្ហា​កើត​អាចម៍​ក្របីលើ​ក្បាល ហើយ​ខ្លះ​ទៀត​ក៏​គ្មាន ដែល​បញ្ហា​នេះ​កើត​ឡើង​ដោយសារការ​យក​ប្រេង​កូឡា​លាប​លើ​ក្បាល​កូន ​ជ្រើស​សាប៊ូ​ខុស លាង​សក់​កូន​មិន​អស់​សាប៊ូ ឬ​ជូត​សក់​មិន​ស្ងួត​ជាដើម។ ក្រោយ​ជួប​បញ្ហា​នេះ ធ្វើឲ្យ​ម៉ាក់​ៗ​មាន​កង្វល់​យ៉ាង​ខ្លាំង តែ​បើ​តាម​បទពិសោធ​ម៉ាក់​ៗ​មួយ​ចំនួន អាច​កម្ចាត់​អាចម៍​ក្របី​របស់​កូន​ដោយ​ចំណាយ​តិច រហ័ស ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៀត​ផង។

    ១- លាប​ប្រេង​សម្រាប់​ទារក​លើ​ក្បាល

    សម្រាប់​អ្នក​ម៉ាក់​សម័យ​ថ្មី លីន សូតា បាន​ឲ្យ​ដឹង​ថា កាល​កូន​អ្នកនាង​មាន​វ័យ ១ ខែ ស្រាប់តែ​លេចឡើង​អាចម៍​ពេញ​ក្បាល ទាំង​មិន​បាន​យក​ប្រេង​កូឡា​មក​លាប​លើ​ក្បាល​ផង។ ក្រោយ​ជួប​រឿង​នេះ ម៉ាក់​ៗ​វ័យ​ក្មេង ២៣ ឆ្នាំ​រូប​នេះ បាន​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែកទារក ហើយ​គេ​ណែនាំ​ឲ្យ​យក​ប្រេង​ទារក​ម៉ាក​ណា​ក៏​បាន យក​មក​លាប​ឲ្យ​សព្វ​ពេញ​ក្បាល និង​ទុក​ចោល ១៥ ឲ្យ​អាចម៍​ក្របី​រីក ចាំ​យក​ស្និត​មក​សិត​ថើៗ ហើយ​បើ​មិន​ទាន់​រីក​ល្អ​ទុក​បន្តិច​ទៀត ទើប​ពេល​សិត​ទៅ​កូន​មិន​ឈឺ ឬ​ស្រគាល​ក្បាល នោះ​អាចម៍​ក្របី​នឹង​របើក​មក​ទាំង​ផ្ទាំង​ៗ។ បន្ទាប់​ពី​សិត​យក​កូន​ទៅ​ងូត​ទឹក​កក​សក់ ហើយ​ព្យាយាម​យក​ពពុះ​សាប៊ូ​មក​ញី​ថ្នម​ៗ​កន្លែង​អាចម៍​ក្របី និង​លាង​ជម្រះ​ឲ្យ​អស់​ជាតិ​ប្រេង ព្រោះ​បើ​នៅ​មាន​ជាតិ​រម្អិល អាច​កើត​រឹតតែ​ច្រើន។ អ្នក​រស់នៅ​តាកែវ​បាន​បន្ត​ទៀត​ថា សម្រាប់​ម៉ាក់​ណា​មិន​មាន​ប្រេង​សម្រាប់​ទារក​អាច​ប្រើ​ប្រេង​ដូង ឬ​អូលីវ​ក៏​បាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ដូច​គ្នា ដោយ​អាច​ធ្វើ​រាល់ថ្ងៃ​ក៏​បាន​ប្រាកដជា​ឆាប់​ជ្រុះ​អស់។

    ២- ផ្សើម​សក់​ឲ្យ​សើម

    បើ​អ្នកនាង ឈិន សំនៀង វិញ​មិន​បាន​ចំណាយ​ប្រាក់​ទិញ​ប្រេង​អ្វី​ទាំងអស់ គ្រាន់តែ​មុន​កក់​សក់​ឲ្យ​កូន យក​ទឹក​មក​ផ្សើម​សក់​សិន និង​ទុក​ចោល​មួយ​សន្ទុះ​ធំ រួច​យក​ស្និត​មក​សិត​បញ្ច្រាស ដើម្បី​ឲ្យ​របើក។ បន្ទាប់ពី​សិត​អស់ ៤-៥ នាទី ចាំ​កក់​សក់​ឲ្យ​កូន​ធម្មតា ហើយ​ងូត​រួច​ត្រូវ​ជូត​សម្អាត​សក់​ឲ្យ​ស្ងួត ចាំ​ពាក់​មួក​ឲ្យ​កូន ព្រោះ​បើ​ជូត​សក់​កូន​មិន​ស្ងួត​វា​នឹង​រឹតតែ​កើតច្រើន​ខ្លាំង​ឡើង​ៗ។ ស្ត្រី​កូន ៣ រូប​នេះ​បន្ត​ទៀត​ថា បើ​ម៉ាក់​ៗ​ណា​ឧស្សាហ៍​ធ្វើ ២ ដង/ថ្ងៃ យ៉ាង​យូរ​មួយ​សប្ដាហ៍ ក្បាល​កូន​នឹង​ជ្រុះ​អាចម៍​ក្របី​អស់ ហើយ​មិន​ចាំបាច់​ប្រើ​អ្វី​ច្រើន​ឡើយ ព្រោះ​អាច​នាំឲ្យ​កើត​រឹតតែ​ច្រើន ព្រោះ​ផលិតផល​ខ្លះ​គ្មាន​គុណភាព​ធ្វើឲ្យ​ស្បែក​ក្បាល​កូន​រលាក ឬ​ស្ងួត។ បុគ្គលិក​រាជការ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ពេល​ដឹង​ថា​កូន​កើត​អាចម៍​ក្របី​បែប​នេះ ត្រូវ​ប្រញាប់​រក​វិធី​កម្ចាត់ ព្រោះ​វា​ជា​បណ្ដុំ​មេរោគ​មួយ​ប្រភេទ​ដែរ ហើយ​បែរ​ទុក​យូរ​អាច​ស៊ី​ជាប់​ស្បែក​ក្បាល​កូន​ទៅ​ជា​ដំបៅ រលួយ។

    អាចម៍ក្របី

    ៣- ដូរ​សាប៊ូ និង​ដូរ​របៀប​កក់

    ប្រសិនបើ​យើង​ជ្រើសរើស​សាប៊ូ​មិន​បាន​ត្រឹមត្រូវ​ក៏​អាច​ធ្វើឲ្យ​កូន​មាន​ឡើង​អាចម៍​ក្របី​ផង​ដែរ ដូចនេះពេលប្រើទៅមិនឃើញបានផល ត្រូវដូរជាប្រញាប់ ហើយ​ចៀសវាង​យក​សាប៊ូ​កក់​សក់​របស់​យើង​មក​កក់​ឲ្យ​កូន ព្រោះ​អាច​បណ្ដាល​ឲ្យ​រលាក។ នេះ​ជា​ការ​រៀបរាប់​របស់​អ្នក​នាង ក្រឹប សេងលី។ បុគ្គលិក​ក្រុមហ៊ុន​លក់​សម្ភារៈ​ផ្ទះបាយ​បាន​បន្ត​ទៀត​ថា ការ​ប្រើ​សាប៊ូ​កក់​សក់​ឲ្យ​កូន ទាមទារ​ការ​ពិនិត្យពិច័យ​ខ្លាំង​ មិនមែន​ចេះ​តែ​ប្រើ​តាម​គ្នា​ឡើយ ហើយ​របៀប​កក់​សក់​ឲ្យ​កូន​របស់​ម៉ាក់​ៗ​មួយ​ចំនួន​ធំ គឺ​ចាក់​សាប៊ូ​លើ​ក្បាល​តែម្ដង ដែល​នេះ​ជា​ទង្វើ​ខុសឆ្គង។ នៅ​ពេល​ចាក់​សាប៊ូ​លើ​ក្បាល​កូន ហើយ​យើង​ញី​មិន​បាន​សព្វ​ល្អ ព្រមទាំង​លាង​ឆាប់រហ័ស ធ្វើឲ្យ​ជាប់​សាប៊ូ​ខ្លះ។ វិធី​ត្រឹមត្រូវ អ្នក​រស់នៅ​ភ្នំពេញ​បាន​បន្ត​ទៀត​ថា គួរ​ចាក់​សាប៊ូ​នៅ​លើ​បាត​ដៃ និង​ញី​ឲ្យ​ចេញ​ពពុះ​សិន ចាំ​យក​ទៅ​ញី​លើ​ក្បាល​កូន ហើយ​លាង​សម្អាត​ឲ្យ​បាន​យូរ ដើម្បី​បង្ការ​ខ្លាច​សេសសល់​សាប៊ូ​នៅ​ស្បែក​ក្បាល។

    ៤- លាង​សក់​ជាមួយ​ទឹក​ក្ដៅ

    តាម​ការ​ចែករំលែក​របស់​ម៉ាក់​ៗ សៀន ថាវី បាន​ឲ្យ​ដឹង​ថា ទឹកក្ដៅឧណ្ហៗ​មាន​ប្រសិទ្ធភាព​បំផុត ដោយ​គ្រាន់តែ​មុជ​ទឹក​ជាមួយ​ទឹក​ក្ដៅ ហើយ​លាយ​សាប៊ូ​កក់​សក់​នឹង​ទឹក​ក្ដៅក្នុង​កូន​ចាន​ដែក​តូច​មួយ រួចកូន​កន្សែង​ទៅ​ជ្រលក់​ទឹក​សាប៊ូ​មក​ញី​លើ​សក់ និង​លាង​ជាមួយ​ទឹក​ក្ដៅ​តិចៗ ហើយ​យក​ក្រាស់​មក​សិត​បណ្ដើរ​ចាក់​ទឹក​លាង​សក់​បណ្ដើរ អាចម៍​ក្របី​នឹង​ជ្រុះ​ចេញ​មក​ទាំង​ផ្ទាំង​ៗ បើ​ប្រើ​ថដៃ​កាន់តែ​ដឹង​ពី​កេះកាន់តែឆាប់អស់ ព្រោះ​ដឹងពីកន្លែង​ណា​មាន​ច្រើន កន្លែងណា​មាន​តិច។ បន្ទាប់ពី​លាង​ជាមួយ​ទឹក​ក្ដៅ លើក​កូន​មក​ជូត​ខ្លួន ជូត​សក់ រួច​កោស​ផ្ទាំង​អាចម៍​ក្របី​ដែល​ជ្រុះមិនអស់ពេលលាងទឹក និង​កំពុងរបើក​ក្រោយត្រូវទឹក កុំ​ឲ្យ​ប៉ះ​ស្បែក​ក្បាល ព្រោះ​ក្មេង​អាច​ឈឺ។ អ្នក​ស្រុក​កៀន​ស្វាយ បន្ត​ទៀត​ថា បើ​ធ្វើ ៣ ថ្ងៃ​ជាប់​គ្នា ក្បាល​កូន​នឹង​រលោង​ស្អាត​ឡើង​វិញ។

    អត្ថបទពាក់ព័ន្ធ៖ លាមក៣ពណ៌នេះ បញ្ជាក់ថាកូនមានបញ្ហាសុខភាពហើយ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម