ប្រសិនបើយើងជ្រើសរើសសាប៊ូមិនបានត្រឹមត្រូវក៏អាចធ្វើឲ្យកូនមានឡើងអាចម៍ក្របីផងដែរ ដូចនេះពេលប្រើទៅមិនឃើញបានផល ត្រូវដូរជាប្រញាប់ ហើយចៀសវាងយកសាប៊ូកក់សក់របស់យើងមកកក់ឲ្យកូន ព្រោះអាចបណ្ដាលឲ្យរលាក។ នេះជាការរៀបរាប់របស់អ្នកនាង ក្រឹប សេងលី។ បុគ្គលិកក្រុមហ៊ុនលក់សម្ភារៈផ្ទះបាយបានបន្តទៀតថា ការប្រើសាប៊ូកក់សក់ឲ្យកូន ទាមទារការពិនិត្យពិច័យខ្លាំង មិនមែនចេះតែប្រើតាមគ្នាឡើយ ហើយរបៀបកក់សក់ឲ្យកូនរបស់ម៉ាក់ៗមួយចំនួនធំ គឺចាក់សាប៊ូលើក្បាលតែម្ដង ដែលនេះជាទង្វើខុសឆ្គង។ នៅពេលចាក់សាប៊ូលើក្បាលកូន ហើយយើងញីមិនបានសព្វល្អ ព្រមទាំងលាងឆាប់រហ័ស ធ្វើឲ្យជាប់សាប៊ូខ្លះ។ វិធីត្រឹមត្រូវ អ្នករស់នៅភ្នំពេញបានបន្តទៀតថា គួរចាក់សាប៊ូនៅលើបាតដៃ និងញីឲ្យចេញពពុះសិន ចាំយកទៅញីលើក្បាលកូន ហើយលាងសម្អាតឲ្យបានយូរ ដើម្បីបង្ការខ្លាចសេសសល់សាប៊ូនៅស្បែកក្បាល។
៤- លាងសក់ជាមួយទឹកក្ដៅ
តាមការចែករំលែករបស់ម៉ាក់ៗ សៀន ថាវី បានឲ្យដឹងថា ទឹកក្ដៅឧណ្ហៗមានប្រសិទ្ធភាពបំផុត ដោយគ្រាន់តែមុជទឹកជាមួយទឹកក្ដៅ ហើយលាយសាប៊ូកក់សក់នឹងទឹកក្ដៅក្នុងកូនចានដែកតូចមួយ រួចកូនកន្សែងទៅជ្រលក់ទឹកសាប៊ូមកញីលើសក់ និងលាងជាមួយទឹកក្ដៅតិចៗ ហើយយកក្រាស់មកសិតបណ្ដើរចាក់ទឹកលាងសក់បណ្ដើរ អាចម៍ក្របីនឹងជ្រុះចេញមកទាំងផ្ទាំងៗ បើប្រើថដៃកាន់តែដឹងពីកេះកាន់តែឆាប់អស់ ព្រោះដឹងពីកន្លែងណាមានច្រើន កន្លែងណាមានតិច។ បន្ទាប់ពីលាងជាមួយទឹកក្ដៅ លើកកូនមកជូតខ្លួន ជូតសក់ រួចកោសផ្ទាំងអាចម៍ក្របីដែលជ្រុះមិនអស់ពេលលាងទឹក និងកំពុងរបើកក្រោយត្រូវទឹក កុំឲ្យប៉ះស្បែកក្បាល ព្រោះក្មេងអាចឈឺ។ អ្នកស្រុកកៀនស្វាយ បន្តទៀតថា បើធ្វើ ៣ ថ្ងៃជាប់គ្នា ក្បាលកូននឹងរលោងស្អាតឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖ លាមក៣ពណ៌នេះ បញ្ជាក់ថាកូនមានបញ្ហាសុខភាពហើយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕