រឿងទារកក្អែទឹកដោះក្រោយបៅរួចជាបញ្ហាធម្មតាដែលទារកភាគច្រើនជួបប្រទះញឹកញាប់។ ម៉ាក់ប៉ាមិនចាំបាច់បារម្ភ ព្រោះវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពកូនទេ តែយើងគួរចៀសវាងមូលហេតុបង្កទាំងប៉ុន្មាននេះ បើចង់ឲ្យកូនលែងមានបញ្ហាក្អែទឹកដោះចេញមកវិញ។
មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ក្អែទឹកដោះជាបញ្ហាដែលតែងតែកើតមានលើទារក និងកុមារតូចៗ ហើយក៏ជាកង្វល់របស់ម៉ាក់ប៉ាភាគច្រើនដែរ។ ជាទូទៅ យើងឃើញថានៅសប្ដាហ៍២-៣ ក្រោយកើត កាន់តែខ្លាំងឡើងនៅពេលកូនៗមានអាយុ ៤-៥ ខែ ហើយភាគច្រើនបាត់ទៅវិញរវាង ៩-១២ខែ។ កត្តាចម្បងដែលបណ្ដាលឲ្យអាអូនក្អែនោះគឺ៖
ទី១. ឲ្យកូនបៅលើសចំនួនជ្រុល
ទី២. បំបៅកូនមិនត្រឹមត្រូវ ឬធ្វើឲ្យកូនលេបខ្យល់ចូលពោះច្រើន
ទី៣. កូនយំខ្លាំង ឬពេលកូនក្អក
មានវិធីណាជួយកូនកុំឲ្យក្អែទឹកដោះចេញមកវិញអត់?
បញ្ហាកូនក្អែនេះ យើងអាចកាត់បន្ថយ ឬជួយកូនឲ្យក្អែចេញមកបានដូចជា៖
– បំបៅដោះកូន (បៅដោះម្ដាយកាត់បន្ថយក្អែ ជាងក្មេងដែលបៅទឹកដោះគោ)
– លើកកូនបញ្ឈរ ១០-១៥នាទី ក្រោយពេលបៅហើយ
– បំបៅកូនញឹកញាប់ តែក្នុងបរិមាណតិចៗ
– ចៀសវាងស្លៀកខោទឹកនោម ឬសម្លៀកបំពាក់រឹបតឹងពេកឲ្យកូន
– ពន្យារពេលម៉ោងសម្រាប់លេងឲ្យបានយូរ ក្រោយបៅរួច
– ប្ដូរក្បាលដោះ បើកូនបៅទឹកដោះគោ
– ផ្លាស់ប្ដូររបបអាហារមួយចំនួនសម្រាប់ម៉ាក់ៗបំបៅដោះកូន (ចៀសវាងអាហារមានជាតិជូរ និងជាតិកាហ្វេអ៊ីនដូចជា ក្រូចឆ្មារ ក្រូច ប៉េងប៉ោះ កាហ្វេ តែ និងអាហារមានជាតិខ្លាញ់ច្រើន។)
តិចនិកក្នុងការជួយកូនកុំឲ្យក្អែខាងលើនេះ មិនត្រឹមតែអាចជួយដល់បញ្ហាក្អែទេ តែក៏អាចជួយដល់បញ្ហាទល់ខ្យល់ និងចុកឆ្អល់ពោះនៅលើកូនៗបានផងដែរ។ បញ្ហាដែលកូនក្អែភាគច្រើនមិនមានបង្កឡើងពីជំងឺអ្វីនោះ ហើយវាក៏មិនបង្កផលពិបាកដល់ការលូតលាស់របស់កូនដែរ។
[embed-health-tool-vaccination-tool]