វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បានឲ្យដឹងថា ជំងឺរលាកខួរក្បាលជេអ៊ី បង្កឡើងដោយសារមូសខាំ ហើយភាគច្រើនបំផុតកើតឡើងនៅតំបន់អាស៊ី និងកើតច្រើននៅរដូវវស្សា និងរដូវទឹកជំនន់។ ខាងក្រោមនេះលោកនឹងរៀបរាប់ពីស្ថានភាពជំងឺ និងអត្ថប្រយោជន៍វ៉ាក់សាំង ដែលគួរតែយកកូនទៅចាក់កុំបីខាន៖
– ជំងឺនេះមិនមានថ្នាំព្យាបាលទេ តែវាមានវ៉ាក់សាំងការពារ
– ប្រទេសអាស៊ីជាង ២៤ ប្រទេស និងមនុស្សជាង ៣ ពាន់លាននាក់ ប្រឈមនឹងជំងឺនេះ
– មនុស្សដែលកើតជំងឺនេះ ប្រហែលជា ៣០ ទៅ ៥០ % មានពិការភាពផ្នែកអវយវៈ និងបញ្ញាស្មារតីក្រោយពេលជា
– រោគសញ្ញាជំងឺ៖
- រោគសញ្ញានឹងមានអំឡុង ៤ ទៅ ១៤ ថ្ងៃបន្ទាប់ពីឆ្លងមេរោគ
- រោគសញ្ញាទូទៅរួមមាន ក្ដៅខ្លួនខ្លាំង ឈឺក្បាល ចុកពោះ ក្អួត រឹងក បង្ហើយប៉ោង (ទារក) វង្វេង សន្លប់ ប្រកាច់ និងអាចស្លាប់ ( អត្រាស្លាប់ ៣០% ជាមួយរោគសញ្ញានេះ)
- កើតច្រើនលើក្មេងអាយុចាប់ពី ១-១៥ឆ្នាំ ហើយមនុស្សចាស់ក៏កើតដែរ។
ចំពោះការព្យាបាល គ្រូពេទ្យនឹងព្យាបាលតាមរោគសញ្ញា និងគាំទ្រថែទាំអ្នកជំងឺ។ ដូចនេះដើម្បីការពារជំងឺរលាកវ៉ាក់សាំងខួរក្បាលជេអ៊ី ទី១ ការពារកុំឲ្យមូសខាំ ទី២ ត្រូវចាក់វ៉ាក់សាំងការពារ។
នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាលបានផ្ដល់វ៉ាក់សាំងការពាររលាកខួរក្បាលជេអ៊ីចំនួន ២ ដូសដោយឥតគិតថ្លៃ ពេលក្មេងអាយុអំឡុង ៩ ខែ និង ១៨ ខែនៅតាមមន្ទីរពេទ្យរដ្ធ និងមណ្ឌលសុខភាពទូទាំងប្រទេស ។
[embed-health-tool-vaccination-tool]