ក្រោយពេលសម្រាលមកហើយ ទារកទើបកើតនឹងត្រូវយកមកឲ្យម៉ាក់ប៉ាឱបស្បែកនឹងស្បែកសិន បន្ទាប់ខាងក្រុមគ្រូពេទ្យយកអាអូនទៅសម្អាត និងពិនិត្យមើលសុខភាពទូទៅរបស់អាអូន។ ក្នុងនោះ វិធីសាស្ត្រមួយដែលអាចពិនិត្យដឹងថា ទារកទើបនឹងកើតអាចមានបញ្ហាសុខភាពឬអត់នោះ គឺខាងគ្រូពេទ្យត្រូវធ្វើតេស្តឈាមអាអូនដោយការជោះកែងជើង។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា តេស្តជោះកែងជើងទារក ជាវិធីសាស្ត្រសាមញ្ញ និងមានសារៈសំខាន់មួយ ដើម្បីរកជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើតរបស់ទារកទើបនឹងកើត។ ម៉ាក់ប៉ាមិនចាំបាច់បារម្ភថាកូនឈឺទេ ព្រោះការធ្វើតេស្តឈាមនេះ មិនបង្កភាពឈឺចាប់ដល់ទារក ហើយតាមរយៈការពិនិត្យដ៏សាមញ្ញនេះ ទារកអាចរួចផុតពី ពិការភាពកាយសម្បទា និងស្មារតី។
នៅពេលអាអូនទើបនឹងកើតមានអាយុចាប់ពី ៤៨-៧២ម៉ោង ជាពេលដែលការធ្វើតេស្តឈាមទារកមានប្រសិទ្ធភាពខ្ពស់។ ការធ្វើតេស្តនេះមានសារៈសំខាន់ណាស់ ព្រោះជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត អាចធ្វើរោគវិនិច្ឆ័យបានតែតាមរយៈការយកឈាមទារកទៅពិនិត្យមើល ព្រោះរោគសញ្ញានៃជំងឺនេះស្ដែងចេញមកនៅពេលទារកអាយុចាប់ពី ៣សប្ដាហ៍-១ខែ ហើយរោគសញ្ញានោះក៏មានចេញឲ្យដែលអាចធ្វើឲ្យគ្រូពេទ្យចាប់អារម្មណ៍នៅពេលពិនិត្យសុខភាពទារកច្បាស់។
ជាទូទៅ ក្រោយពេលតេស្តយកឈាមអាអូនរួចរាល់ លទ្ធផលអាចចេញមកក្នុងរយៈពេល៥ថ្ងៃ ហើយលទ្ធផលនឹងចេញជាវិជ្ជមាន និងអវិជ្ជមាន មានន័យថា៖
លទ្ធផលវិជ្ជមាន៖ ទារកប្រឈមនឹងជំងឺមេតាបូលិកខ្ពស់
លទ្ធផលអវិជ្ជមាន៖ ទារកមិនប្រឈមនឹងជំងឺមេតាបូលិកទេ
ក្នុងករណីដែលលទ្ធផលតេស្តឈាមអាអូនចេញមកវិជ្ជមាន ក្រុមគ្រូពេទ្យនឹងត្រូវធ្វើតេស្តម្ដងទៀត ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តជាលើកទីពីរ និងដើម្បីព្យាបាលឲ្យទាន់ពេលវេលា។ បើអាអូនទទួលបានការព្យាបាលទាន់ពេល ភាគរយនៃការពិការកាយសម្បទា និងប្រាជ្ញាស្មារតីនឹងចុះទាប ប៉ុន្តែបើសិនជាហួសពេលក្នុងការព្យាបាលនោះ អាអូនច្បាស់ជាត្រូវប្រឈមនឹងពិការភាពផ្នែកកាយសម្បទា និងស្មារតីខ្លាំងមិនខាន។
[embed-health-tool-vaccination-tool]