backup og meta

៣ យ៉ាង ជួយឲ្យប្រព័ន្ធការពារទារករឹងមាំ អាចទប់ទល់ជាមួយបាក់តេរីអាក្រក់បាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 05, 2021

    ៣ យ៉ាង ជួយឲ្យប្រព័ន្ធការពារទារករឹងមាំ អាចទប់ទល់ជាមួយបាក់តេរីអាក្រក់បាន

    ប្រព័ន្ធការពាររាងកាយមានសារៈសំខាន់ណាស់សម្រាប់ប្រឆាំងនឹងបាក់តេរី វីរុសនានាដែលចូលទៅយាយីសុខភាពយើង។ ទារកទើបនឹងកើតក៏មានប្រព័ន្ធភាពស៊ាំការពាររាងកាយពីមេរោគមួយចំនួនដែរ តែខ្សោយ មិនអាចទប់ទល់នឹងពពួកបាក់តេរី ឬវីរុសបង្កជាជំងឺធ្ងន់ធ្ងរបានទេ។ ម៉ាក់ប៉ាមានដឹងទេថា កូនរបស់យើងប៉ះពាល់ជាមួយនឹងមេរោគរាប់ពាន់រាល់ថ្ងៃ តាមរយៈខ្យល់ដែលកូនដកដង្ហើម របស់ដែលដាក់ចូលក្នុងមាត់កូន និងបរិយាកាសជុំវិញខ្លួន។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC)។

    រាល់ពេលដែលកូនឈឺជំងឺអ្វីមួយ រាងកាយកូននឹងបង្កើតអង្គបដិប្រាណថ្មីដែលការពារកូនពីជំងឺនោះនៅពេលអនាគត។ ស្របគ្នានេះដែរ យើងជាម៉ាក់ប៉ាអាចធ្វើរឿងមួយចំនួន ដើម្បីជួយដល់ប្រព័ន្ធការពាររាងកាយកូនឲ្យកាន់តែរឹងមាំ។

    ១. បំបៅដោះកូន

    ទឹកដោះម្ដាយផ្ទុកសារធាតុជួយទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយកូនរួមមាន ប្រូតេអ៊ីន ជាតិខ្លាញ់ ស្ករ ប្រ៉ូបាយអូទិក (Probiotics) និង ព្រីបាយអូទិក (Prebiotics)។ល។ នៅពេលម៉ាក់ៗប៉ះពាល់មេរោគអ្វីមួយ រាងកាយម៉ាក់ៗនឹងបង្កើតអង់ទីក័រដើម្បីទប់ទល់នឹងមេរោគនោះមិនឲ្យមានការឆ្លងជំងឺ រួចវាក៏បញ្ជូនទៅទារកតាមរយៈទឹកដោះម្ដាយ។ ជាធម្មតា ដោយសារម្ដាយ និងទារក ប៉ះពាល់នឹងមេរោគស្រដៀងគ្នា នេះមានន័យថា អាអូនត្រូវបានការពារពីមេរោគនោះរួចជាស្រេច។

    ប៉ុន្តែ ចំពោះទារកដែលបៅទឹកដោះគោ ដើម្បីបានប្រព័ន្ធការរាងកាយរឹងមាំ ម៉ាក់ប៉ាគួរតែជ្រើសរើសយកទឹកដោះគោម្សៅណាដែលសម្បូរសារជាតិ Prebiotics ព្រោះកាលណា អាអូនទទួលបាន Prebiotics គ្រប់គ្រាន់ នាំឲ្យសម្បូរបាក់តេរីល្អក្នុងពោះវៀន រារាំងនូវការកើតជំងឺផ្សេងៗ ទោះជាប្រព័ន្ធភាពស៊ាំរបស់ក្មេងនៅខ្សោយក្តី។ បច្ចេកវិទ្យាថ្មីនេះៗ គេបានបង្កើតទឹកដោះគោម្សៅរូបមន្តថ្មីចុងក្រោយមួយ ដែលមានទាំងប្រ៉ូបាយអូទិក (Probiotics) និង ព្រីបាយអូទិក(Prebiotics) លាយបញ្ចូលគ្នា។ រូបមន្តនេះ រឹតតែធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្លាំង ព្រោះកំណើនបាក់តេរីល្អ Probiotics កាន់តែសម្បូរក្នុងពោះវៀន។

    ២. ចាក់វ៉ាក់សាំង

    ការទទួលបានសារជាតិចិញ្ចឹមពីទឹកដោះម្ដាយ ឬទឹកដោះគោម្សៅ នៅមិនទាន់គ្រប់គ្រាន់ សម្រាប់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់អាអូនទប់ទល់នឹងបាក់តេរី ឬវីរុសអាក្រក់ៗទេ។ ហេតុនេះហើយ អាអូនត្រូវទទួលបានការការពារបន្ថែមពីការចាក់វ៉ាក់សាំងផ្សេងៗ។ នេះបើតាមការលើកឡើងរបស់ CDC អាមេរិក។ ការចាក់វ៉ាក់សាំង គឺជាមធ្យោបាយដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត ក្នុងការការពារកូនពីជំងឺអាក្រក់ៗមកវាយប្រហារលើសុខភាពកូន។

    បើតាមគោលការណ៍ថ្នាក់ជាតិ នៃក្រសួងសុខាភិបាលកម្ពុជា ទារកនឹងទទួលការចាក់វ៉ាក់សាំងបង្ការជំងឺដល់ទៅ ១១ មុខ។ បន្ថែមពីលើនេះ ម៉ាក់ប៉ាអាចនាំអាអូនទៅចាក់វ៉ាក់សាំងការពារជំងឺក្រៅថ្នាក់ជាតិផ្សេងៗ ដើម្បីឲ្យប្រព័ន្ធការពាររាងកាយកូនកាន់តែរឹងមាំ។

    ចាក់វ៉ាក់សាំង

    ៣.បន្ថែមវីតាមីន និងជាតិរ៉ែផ្សេងៗ

    ជាទូទៅ ទឹកដោះម្ដាយ និងទឹកដោះគោម្សៅ មានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់សុខភាពអាអូនហើយ ប៉ុន្តែចាប់ពីពេលដែលអាអូនមានអាយុ ៦ខែទៅអាអូនអាចចាប់ផ្ដើមញ៉ាំអាហារបំប៉នដទៃបាន ក្រៅពីទឹកដោះម្ដាយ ឬទឹកដោះគោម្សៅ ម៉ាក់ប៉ាអាចឲ្យកូនញ៉ាំបន្លែ ឬផ្លែឈើនានា ដើម្បីជួយដល់សុខភាពកូនកាន់តែមានប្រព័ន្ធការពាររាងកាយរឹងមាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម