backup og meta

ថែទាំទារកតូច តាមមេតូតកង់ហ្គូរ៉ូ (ប៉ះជាប់ស្បែក) ផ្ដល់ប្រយោជន៍ច្រើនដល់កូន

ថែទាំទារកតូច តាមមេតូតកង់ហ្គូរ៉ូ (ប៉ះជាប់ស្បែក) ផ្ដល់ប្រយោជន៍ច្រើនដល់កូន

ការ​មើល​ទាំ​កូន​ឲ្យ​បាន​ដិត​ដល់​ល្អ ជា​កាតព្វកិច្ច និង​គោល​បំណង​ចាំបាច់​បំផុត​សម្រាប់​ម៉ាក់​ប៉ា​គ្រប់​រូប ហើយ​យើង​ជា​ម៉ាក់​ប៉ា​ឲ្យ​តែ​ឮ​ថា តិចនិក​នេះ តិចនិក​នោះ ចិញ្ចឹម​កូន​មើល​ថែ​កូន​បានល្អ ច្បាស់​ជា​សាក​ល្បង​លើ​កូន​យើង​ដែរ​។ ក្នុង​ចំណោម​តិចនិក​ថែ​ទាំ​ទារក​ជា​ច្រើន ក្បួន​មេតូត​កង់ហ្គូរ៉ូ ក៏​ជា​វិធី​មួយ​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កូន​យើង ពិសេស​ទារក​តូច​ៗ ឬ​ទារក​មិន​ទាន់​គ្រប់​ខែ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់​ម៉ែត ឲ្យ​ដឹង​ថា ការ​ថែទាំ​ទារក​តាម​បែប​មេតូត​កង់ហ្គូរ៉ូ ជា​ការ​ថែទាំ​ទារក​តូច ឲ្យ​ប៉ះ​ជាប់​នឹង​ស្បែក​ម្ដាយ ដើម្បី​ឲ្យ​ទារក​ទទួល​កម្ដៅ​ពី​ម្ដាយ។ វិធី​នេះមាន​ភាព​សាមញ្ញ មិន​មាន​ភាព​ស្មុក​ស្មាញ តែ​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​ជួយ​ម្ដាយ​ដែល​មាន​ទារក​កើត​មិន​គ្រប់​ខែ ឬ​មាន​គីឡូ​តិច​ពី​កំណើត (តិច​ជាង​ ២៥០០​ក្រាម)។ ផល​ប្រយោជន៍​នៃ​ការ​ថែ​ទាំ​នេះ

– ទារក​ទទួល​កម្ដៅ​គ្រប់​គ្រាន់​ពី​ម្ដាយ

ទារក​មាន​គីឡូ​ពី​កំណើត​តិច ឬ​មិន​គ្រប់​ខែ សរីរាង្គ​អា​អូន​ងាយ​នឹង​បាត់​បង់​កម្ដៅ ដោយ​សារ​ប្រព័ន្ធ​ការពារ​កម្ដៅ​របស់​ទារក​ខ្សោយ ហើយ​អា​អូន​តូច​ៗ ពុំ​មាន​ស្រទាប់​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ទេ។ ការ​បាត់បង់​កម្ដៅ​ចំពោះ​ទារក​តូច​ៗ និង​មិន​គ្រប់​ខែ អាច​បណ្ដាល​ឲ្យ​ទារក​មាន​គ្រោះ​ថ្នាក់​អាយុ​ជីវិត​រយៈ​ពេល​ខ្លី។

– ទារក​ឆាប់​ចង់​បៅ

ទារក​ទើប​នឹង​កើត មិន​អាច​មើល​ឃើញ​មុខ​ម្ដាយ​ទេ តែ​អា​អូន​អាច​ធំ​ក្លិន​ម្ដាយ ដែល​ក្លិន​នេះ​អាច​រំញោច​ឲ្យ​ទារក​ចង់​បៅ​ដោះ​ម៉ាក់ៗ ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ឆាប់​ឡើង​គីឡូ។

– ទារក​អាច​ដក​ដង្ហើម​បាន​ទៀង​ទាត់

ទារក​មិន​គ្រប់​ខែ ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដែល​មាន​នៅ​ផ្នែក​ខួរក្បាល​របស់​កូន​នៅ​ខ្ចី​នៅ​ឡើយ ដែល​ងាយ​ធ្វើ​ឲ្យ​ទារក​ឆាប់​ភ្លេច​ដក​ដង្ហើម។ ការ​ដាក់​ទារក​លើ​ទ្រូង​ម៉ាក់ ជួយ​ឲ្យ​អា​អូន​ស្ដាប់​ឮ​ចង្វាក់​បេះដូង​ម្ដាយ ដែល​ការ​ស្កាប់​ឮ​នេះ រំញោច​ឲ្យ​ទារក​ធ្វើ​ការ​ដក​ដង្ហើម​ទៀង​ទាត់​មក​វិញ។

– កាត់​បន្ថយ​ការ​ឆ្លង​រោគ​ក្នុង​មន្ទីរពេទ្យ

ទារក​តូច ឬ​មិន​គ្រប់​ខែ​មាន​ប្រព័ន្ធ​ការពារ​សរីរាង្គ​ខ្ចី ឬ​ខ្សោយ ដូច​នេះ​ទារក​ស្ថិត​ក្នុង​កន្លែង​សង្គ្រោះ​យូរ ងាយ​នឹង​ចាប់​យក​មេរោគ​ពី​ខាង​ក្រៅ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ការ​ដាក់​ទារក​ឲ្យ​នៅ​ជាមួយ​ម្ដាយ ធ្វើ​ឲ្យ​ទារក​ចង់​បៅ​ដោះ​ម៉ាក់ ដែល​ទឹក​ដោះ​ម្ដាយ​សម្បូរ​ទៅ​ដោយ​ប្រព័ន្ធការពារ (អង់ទីករ) ជួយ​ទារក​រួច​ផុត​ពី​ការ​ឆ្លង​រោគ​ក្នុង​មន្ទីរពេទ្យ។

លើសពីនេះ តិចនិកថែទាំទារក មេតូតកង់ហ្គូរ៉ូ បង្កើត​ទំនាក់​ទំនង​ស្និទ្ធស្នាល​រវាង​ម្ដាយ និង​កូន​តូច ដែល​ជួយ​ឲ្យ​ម៉ាក់​បាត់​អារម្មណ៍​តានតឹង​ពី​ការ​ថែ​ទាំ​កូន និង​ជួយ​ឲ្យ​ម៉ាក់ៗ​មាន​ភាព​ម្ចាស់​ការ ក្នុង​ការ​ថែ​ទាំ​ទារក​នៅ​ពេល​ដែល​ចេញ​ពី​ពេទ្យ​ទៅ​ផ្ទះ ហើយ​​​ការ​ថែ​​ទាំ​តាម​វិធី​កង់​ហ្គូរ៉ូ​នេះ ជួយ​កាត់​បន្ថយ​ការ​សម្រាក​ពេទ្យ​យូរ។

ប្រសិទ្ធភាព​នៃ​ការ​ថែ​ទាំ​តាម​បែប​វិធីសាស្ត្រ​នេះ គឺ​អាស្រ័យ​លើ​ពេល​វេលា។ បើ​ម៉ាក់​ៗ​ដាក់​កូន​ជាប់​ទ្រូង ជាប់​ស្បែក​កាន់​តែ​យូរ ប្រសិទ្ធភាព​កាន់​តែ​ល្អ ព្រោះ​កូន​នឹង​បាន​ទទួល​កម្ដៅ​ពី​ម្ដាយ​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ទារក​ឡើង​គីឡូ​បាន។

ទារក

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗដឹងអត់ ការធ្វើតេស្តឈាមទារកទើបកើត អាចជួយអាអូនផុតពីពិការភាព

វិធីថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម