ទារកទើបកើតមិនទាន់ស៊ាំទៅនឹងមុខងារផ្សេងៗនៃរាងកាយរបស់ពួកគេនៅឡើយ។ ដូច្នេះហើយ ទារកមួយចំនួនអាចនឹងយំនៅពេលពួកគេបន្ទោបង់ ពីព្រោះតែអាអូនមានអារម្មណ៍ចម្លែក។ យ៉ាងណាមិញ ពេលខ្លះ ទារកអាចយំនៅពេលបន្ទោបង់បណ្ដាលមកពីការឈឺចាប់ ឬបញ្ហាក្រពះជាដើម។
ប្រសិនបើទារកតែងតែយំនៅពេលបន្ទោបង់ ម៉ាក់ៗគប្បីសង្កេតមើលរោគសញ្ញាបន្ថែម ដើម្បីកំណត់ឲ្យបានច្បាស់អំពីមូលហេតុ ក៏ដូចជាស្វែងរកការព្យាបាលដ៏សមស្រប។
១. ទទួលអារម្មណ៍នៃការបន្ទោបង់
ប្រសិនបើអាអូនយំនៅពេលបន្ទោបង់នៅប៉ុន្មានថ្ងៃដំបូង វាអាចដោយសារតែពួកគេកំពុងតែសម្របខ្លួនទៅនឹងអារម្មណ៍នៃការបន្ទោបង់។ ម្យ៉ាងវិញទៀត វាក៏អាចមកពីសាច់ដុំពោះរបស់ទារកនៅមិនទាន់លូតលាស់នៅឡើយ ដែលពិបាកឲ្យលាមកឆ្លងកាត់។ បញ្ហានេះគឺជារឿងធម្មតា ហើយម៉ាក់ៗក៏មិនចាំបាច់បារម្ភដែរ ពីព្រោះពួកគេនឹងស៊ាំចំពោះរឿងនេះក្នុងពេលឆាប់ៗមិនខាន។
២. ទល់លាមក
ទារកតូចៗក៏អាចប្រឈមនឹងការទល់លាមកដូចគ្នា ដែលធ្វើឲ្យពួកគេយំនៅពេលបន្ទោបង់។ ប្រសិនបើទារកបន្ទោបង់ពិបាក និងមិនទៀងទាត់ ពួកគេអាចនឹងមានបញ្ហាទល់លាមក។ សញ្ញាទូទៅដែលបញ្ជាក់ថាទារកទល់លាមក៖
- មួម៉ៅ
- ក្អែល
- លាមករឹង និងស្ងួត
- មានការឈឺចាប់នៅពេលបន្ទោបង់
- ឈឺពោះ និងហើមពោះ
- បន្ទោបង់តិចជាង៣ដងក្នុងមួយសប្ដាហ៍
៣. ការពិបាកក្នុងការបន្ទោបង់ (Infant dyschezia)
ស្ថានភាពនេះ គឺនៅពេលដែលទារកយំលើសពី១០នាទី មុនពេលបន្ទោបង់។ មុខរបស់ទារកអាចប្រែទៅជាពណ៌ក្រហម ឬស្វាយ រហូតដល់ពេលលាមកទន់ ឬរាវឆ្លងកាត់។ បញ្ហានេះគឺជារឿងធម្មតា និងកើតឡើងជាទូទៅ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីរយៈពេលពីរបីសប្ដាហ៍។
៤. ការប្រេះរន្ធគូទ
ក្នុងករណីដែលអាអូនមានអាការៈទល់លាមករ៉ាំរ៉ៃ ពួកគេអាចនឹងវិវត្តទៅជាការប្រេះរន្ធគូទ ដោយមានការដាច់រលាតតូចមួយនៃស្បែកក្នុងស្រទាប់នៃរន្ធគូទ ឬចង្អូរគូទ ដែលបណ្ដាលមកពីការបន្ទោបង់លាមករឹង។
៥. ការចុកពោះ
អាការៈចុកពោះប៉ះពាល់ដល់ទារកប្រមាណ១០%ទៅ៤០% និងកើតឡើងភាគច្រើននៅពេលដែលទារកមានអាយុប្រហែល៦សប្ដាហ៍។ ទារកអាចនឹងយំខ្លាំង ប្រសិនបើពួកគេចុកពោះ។ រោគសញ្ញាផ្សេងទៀតរួមមាន លាមកមានឈាម មានហ្គាសច្រើន និងឈឺចាប់នៅពេលបន្ទោបង់ កន្ទួលរមាស់ស្បែក និងក្អួត។
ប៉ាម៉ាក់គួរបារម្ភនៅពេលណា?
ការយំតិចតួច និងម្ដងម្កាល នៅពេលបន្ទោបង់គឺជារឿងធម្មតាប៉ុណ្ណោះសម្រាប់ទារក។ ប៉ុន្តែ ប្រសិនបើកូនយំខ្លាំង អំឡុងពេលបន្ទោបង់ មានអាការៈគ្រុនក្ដៅ ពិបាកក្នុងការបំបៅដោះ និងលាមកមានឈាម ប៉ាម៉ាក់គប្បីនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យ។
តិចនិកជួយឲ្យទារកឈប់យំ នៅពេលបន្ទោបង់
ប៉ាម៉ាក់អាចអនុវត្តតិចនិកមួយចំនួនខាងក្រោមនេះ ដើម្បីជួយបំបាត់ការឈឺចាប់របស់ទារក និងកុំឲ្យពួកគេយំ នៅពេលបន្ទោបង់។
- ប្រសិនបើអាអូនបៅទឹកដោះម្ដាយ ម៉ាក់ៗគប្បីផ្លាស់ប្ដូររបបអាហាររបស់ខ្លួន ដើម្បីឲ្យទារកបន្ទោបង់លាមកទន់។ ក្នុងករណីបំបៅទឹកដោះគោ ចូរពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ឬគ្រូពេទ្យ។
- បញ្ចូលអាហារដែលមានជាតិសរសៃខ្ពស់ ដូចជាផ្កាខាត់ណាបៃតង ផ្លែសារី និងផ្លែចេកនៅក្នុងរបបអាហាររបស់កូន ចំពោះកូនដែលអាចចាប់ផ្ដើមញ៉ាំអាហាររឹងបាន។
- រក្សាជាតិទឹកនៅក្នុងរាងកាយទារក ដោយការបំបៅញឹកញាប់។ សម្រាប់ទារកដែលមានអាយុលើសពី៦ខែ ម៉ាក់ៗអាចឲ្យពួកគេញ៉ាំទឹកបន្ថែម។
- ម៉ាស្សាថ្នមៗនៅរន្ធផ្ចិត និងបរិវេណពោះ។
- ស្អំទឹកក្ដៅឧណ្ហៗនៅលើពោះរបស់ទារក ដើម្បីឲ្យអាអូនបន្ទោបង់ងាយស្រួល និងធ្វើបែបនេះរៀងរាល់ពេលបំបៅរួច។
[embed-health-tool-vaccination-tool]