ពិតណាស់ ប៉ាម៉ាក់គ្រប់រូបតែងតែចង់ឲ្យកូនមានភាពឆ្លាតវៃ និងប៉ិនប្រសប់។ ជាក់ស្ដែង មានវិធីសាស្ត្រងាយៗជាច្រើន ដែលអាចជួយជំរុញដល់ការអភិវឌ្ឍសតិបញ្ហារបស់ក្មេង។ ប៉ាម៉ាក់អាចរំញោចអារម្មណ៍របស់កូន ដើម្បីធ្វើឲ្យមានភាពច្នៃប្រឌិត ភាពប៉ិនប្រសប់ និងឆ្លាតវៃ។ ជាទូទៅ ខួរក្បាលអាអូននឹងវិវត្តតាមរយៈពេល និងបទពិសោធន៍ផ្សេងៗ។ តិចនិកខាងក្រោមនេះ អាចជួយឲ្យកូនកាន់តែមានភាពឆ្លាតវៃបន្ថែមទៀត។
១. ជៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរសព្ទច្រើន
ប៉ាម៉ាក់ភាគច្រើនតែងតែឲ្យកូនមើលទូរទស្សន៍ ឬទូរសព្ឬច្រើន ប៉ុន្តែពេលវេលាសម្រាប់កម្មវិធីទូរទស្សន៍ទាំងនេះ មិនបានផ្ដល់រំញោចដល់ខួរក្បាលទារកទាល់តែសោះ។ វាធ្វើឲ្យចុះខ្សោយជំនាញនៃការយល់ដឹងរបស់អាអូន ព្រមទាំងខ្ជះខ្ជាយពេលវេលាក្នុងការអភិវឌ្ឍបញ្ញាថែមទៀតផង។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីប្រើប្រាស់ពេលវេលានេះ ដើម្បីឲ្យកូនចូលរួមសកម្មភាពរាងកាយ ដែលទាមទារឲ្យមានការគិត និងការបន្លាស់ទី។ រាល់ហ្គេមងាយៗ ដូចជាបាល់ទាត់សម្រាប់ទារក ឬលេងចាប់បាល់ អាចជួយបង្កើនជំនាញសម្របសម្រួលរបស់ទារកបានយ៉ាងមានប្រសិទ្ធភាព។
២. បង្កើនភាពជិតស្និទ្ធជាមួយនឹងកូន
អ្នកវិទ្យាសាស្ត្រជឿជាក់ថា ការបង្កើនភាពជិតស្និទ្ធជាមួយនឹងកូនអាចជំរុញការអភិវឌ្ឍខួរក្បាលរបស់ពួកគេបានយ៉ាងស័ក្ដិសិទ្ធិ។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីបង្ហាញការស្រលាញ់ចំពោះអាអូន លេង និងឱបកូន ដើម្បីជួយជំរុញខួរក្បាលកូនឲ្យកាន់តែឆ្លាតវៃ។ នៅពេលដែលប៉ាម៉ាក់ជជែកជាមួយកូន និងបង្កើតទំនាក់ទំនងផ្លូវចិត្ត វាអាចជួយក្នុងការអភិវឌ្ឍជំនាញគិតរបស់កូន។ បន្ថែមពីនេះ វានឹងធ្វើឲ្យកូនកាន់តែមានភាពជឿជាក់ និងអារម្មណ៍សុវត្ថិភាព។
៣. បង្កើតការប្រកួតប្រជែងសម្រាប់កូន
ជាមួយគ្នានេះដែរ ប៉ាម៉ាក់គប្បីឲ្យកូនចូលរួមសកម្មភាពផ្សេងៗដែលស័ក្ដិសមទៅតាមវ័យរបស់ពួកគេ ពីព្រោះការប្រកួតប្រជែងទាំងនេះ នឹងធ្វើឲ្យកូនចេះប្រើប្រាស់ខួរក្បាលរបស់ខ្លួនប្រកបដោយភាពឆ្លាតវៃ។ ចូរប្រើប្រាស់វត្ថុដូចជាបាល់ ឬឧបករណ៍ផ្គុំរូបភាពដើម្បីបង្កើតហ្គេមសប្បាយៗនៅផ្ទះ។ ជាមួយនឹងសកម្មភាពងាយៗទាំងនេះ ប៉ាម៉ាក់អាចបង្រៀនកូន និងជួយពួកគេឲ្យរៀនពីពណ៌ សណ្ឋាន និងលេខផ្សេងៗ។
៤. ណែនាំកូនពីការអានសៀវភៅ
វាមិនមែនជារឿងឆាប់រហ័សពេកឡើយ ក្នុងការណែនាំកូនឲ្យស្គាល់សៀវភៅ នៅពេលដែលពួកគេនៅវ័យក្មេង។ ដូចនេះហើយ នៅពេលដែលកូនមានអាយុពីរបីខែ ប៉ាម៉ាក់អាចអានកាសែត ឬសៀវភៅឲ្យឮៗ ដើម្បីអាចឲ្យកូនបានស្ដាប់ផងដែរ។ ទោះបីជាអាអូនមិនទាន់អាចនិយាយបាន ប៉ុន្តែពួកគេអាចចាប់បាននូវអ្វីដែលយើងនិយាយទាំងអស់។ លើសពីនេះ ប៉ាម៉ាក់ក៏អាចចាប់ផ្ដើមជាមួយនឹងសៀវភៅដែលមានរូបភាព នៅពេលដែលកូនកាន់តែធំឡើង ព្រមទាំងនិទានរឿងឲ្យពួកគេស្ដាប់។ កត្តានេះ ក៏អាចជួយបន្ថែមពាក្យពេចន៍សម្រាប់កូន ក៏ដូចជាឲ្យអាអូនបានដឹងអំពីផ្ទះ និងពិភពលោកខាងក្រៅកាន់តែច្បាស់ថែមទៀត។
៥. បំបៅដោះកូន រហូតដល់ពួកគេអាយុ២ឆ្នាំ
យោងតាមការសិក្សាផ្សេងៗបានបង្ហាញថា ទារកដែលបៅដោះម្ដាយរយៈពេល២ឆ្នាំ អាចមានIQខ្ពស់ជាងទារកដែលមិនបានបៅដោះម្ដាយ យ៉ាងហោចណាស់៥%។ ដូច្នេះហើយ ម៉ាក់ៗគប្បីបំបៅដោះកូនតាំងពីពួកគេកើត រហូតដល់អាយុ២ឆ្នាំ ទើបជាការប្រសើរ។ យ៉ាងណាមិញ នៅពេលដែលអាអូនមានអាយុ៦ខែ ប៉ាម៉ាក់ចាំបាច់បន្ថែមអាហារដែលមានសារធាតុចិញ្ចឹមសម្រាប់កូន ដែលត្រូវបានណែនាំដោយគ្រូពេទ្យជំនាញ ដើម្បីជួយឲ្យកូនរឹងមាំ ព្រមទាំងមានសុខភាពល្អ។
[embed-health-tool-vaccination-tool]