ការឡើងហើមសុដន់របស់ទារកដោយសារជាលិកាណាមួយ ច្បាស់ជាធ្វើឲ្យម៉ាក់ប៉ាបារម្ភមិនខាន មិនថានៅលើកូនប្រុស ឬកូនស្រីទេ។ បញ្ហាសុដន់ទារកឡើងហើម ឬរឹងនេះជារឿងធម្មតា កើតឡើងលើទារកទើបនឹងកើត និងបន្តរីកធំរយៈពេលខ្លី ហើយនឹងបាត់ទៅវិញក្នុងអំឡុង ២-៣សប្ដាហ៍ ឬអាចច្រើនខែ។ នេះបើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។
មូលហេតុបង្កឲ្យសុដន់ទារកឡើងហើម
ឃើញសុដន់កូនឡើងរឹងម៉ាក់ប៉ាច្បាស់ជាឆ្ងល់ថាបញ្ហានេះកើតឡើងដោយសារមូលហេតុអី? ខាងក្រោមនេះគឺជាមូលហេតុបង្កឲ្យអាអូនឡើងហើមសុដន់ដូចជា៖
១. បម្រែបម្រួលអ័រម៉ូន
ម៉ាក់ៗឆ្លងកាត់ការផ្លាស់ប្ដូរអ័រម៉ូនច្រើនអំឡុងពេលពពោះ ហើយពេលខ្លះ អ័រម៉ូននោះក៏អាចប៉ះពាល់ទៅដល់អាអូនដែរ ជាហេតុបណ្ដាលឲ្យទារកទៅជាឡើងសុដន់បែបនេះ។
២. បម្រែបម្រួលរាងកាយ
មានផ្នែករាងកាយ និងផ្លូវចិត្តជាច្រើនដែលស្ត្រីពពោះត្រូវឆ្លងកាត់ ហើយការផ្លាស់ប្ដូរនេះអាចប៉ះពាល់ដល់កូន បណ្ដាលឲ្យសុដន់ឡើងធំ។
៣. បម្រែបម្រួលសារធាតុគីមី
ពេលខ្លះ ទារកអាចស្រូបយកសារធាតុគីមីមាននៅក្នុងចរន្តឈាមម្ដាយ។ ប៉ុន្តែ ក្រោយកើតមក ការផ្គត់ផ្គងសារធាតុគីមីក្នុងចរន្តឈាមកូនអាចនឹងឈប់ ជាហេតុបណ្ដាលឲ្យអ័រម៉ូនមួយចំនួនប្រែប្រួល បង្កឲ្យសុដន់ទារកឡើងធំ ឬមានដុំក្នុងសុដន់។
តិចនិកថែទាំបញ្ហាសុដន់កូនឡើងធំ
– មិនត្រូវក្ដិច ឬប៉ះលេងសុដន់កូន ព្រោះអាចឆ្លងមេរោគ
– មិនត្រូវច្របាច់យកទឹកចេញពីសុដន់កូនទេ (ពេលខ្លះ សុដន់អាអូនឡើងហើម និងចេញទឹកដោះ)
– ជូតសម្អាតសុដន់កូនជាមួយកំណាត់ ឬកន្សែងទន់ ថ្នមៗ
– បន្តបំបៅដោះកូនតាមទម្លាប់ធម្មតា
ពេលណាគួរជួបពេទ្យ?
ដូចដែលបានលើកឡើងមកថា បញ្ហាសុដន់ទារកឡើងហើម ឬរឹង ជារឿងធម្មតាដែលអាចកើតឡើងលើទារក និងបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែបើម៉ាក់ប៉ាសង្កេតឃើញសញ្ញាទាំងប៉ុន្មានលើអាអូន គួរយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យទើបល្អ៖
- សុដន់កូនឡើងធំទៅៗ មិនស្រក
- សុដន់កូនឡើងក្រហម ឬរមាស់
- អាអូនក្ដៅខ្លួន មួម៉ៅ ឬមិនញ៉ាំអាហារ។
[embed-health-tool-vaccination-tool]