ផលប៉ះពាល់នៃអ័រម៉ូនចំពោះទារកទើបកើត អាចកើតឡើងនៅក្នុងស្បូន ដោយសារតែទារកប៉ះពាល់នឹងសារធាតុគីមីជាច្រើន ដែលនៅក្នុងចរន្តឈាមរបស់ម្ដាយ។ បន្ទាប់ពីសម្រាលរួច ទារកនឹងលែងរងឥទ្ធិពលពីអ័រម៉ូនទាំងនេះទៀត។ ប៉ុន្តែការប៉ះពាល់នេះ ក៏អាចបង្កជាស្ថានភាពសុខភាពបណ្ដោះអាសន្នចំពោះអាអូនទើបកើតផងដែរ ដូចជាហើមដោះ ឬធ្លាក់ឈាមតាមទ្វារមាសជាដើម។
ហេតុអ្វីបានជាដោះអាអូនហើម?
ពិតណាស់ អ័រម៉ូនពីម្ដាយ គឺជាសារធាតុគីមីមួយចំនួនដែលឆ្លងកាត់សុកចូលទៅក្នុងឈាមរបស់ទារក ក្នុងអំឡុងពេលមានផ្ទៃពោះ។ អ័រម៉ូនទាំងនេះអាចប៉ះពាល់ដល់ទារកបាន។
ជាក់ស្ដែង ស្ត្រីពពោះផលិតអ័រម៉ូនEstrogenនៅក្នុងកម្រិតខ្ពស់។ កត្តានេះបណ្ដាលឲ្យសុដន់របស់ម៉ាក់ៗរីកធំ។ នៅរយៈពេល៣ថ្ងៃ ក្រោយសម្រាល ទារកទើបកើតទាំងស្រី និងប្រុសអាចកើតមានអាការៈហើមដោះ។ យ៉ាងណាមិញ អាការៈហើមនេះមិនមានរយៈពេលយូរឡើយ ប៉ុន្តែវាក៏ក្លាយជាការបារម្ភរបស់ប៉ាម៉ាក់ថ្មីថ្មោងជាក់ជាមិនខាន។
ប៉ាម៉ាក់គួរច្របាច់ដោះទារកឬទេ?
ការហើមដោះនឹងបាត់ទៅវិញនៅសប្ដាហ៍ទី២បន្ទាប់ពីសម្រាល ខណៈពេលអាអូនលែងមានអ័រម៉ូនទាំងនេះទៀត។ ប៉ាម៉ាក់មិនត្រូវច្របាច់ ឬម៉ាស្សាដោះរបស់ទារកទើបកើតឡើយ ពីព្រោះវាអាចបណ្ដាលឲ្យមានការឆ្លងមេរោគនៅខាងក្រោមស្បែក (អាប់សែ)។ ជាមួយគ្នានេះដែរ អ័រម៉ូនដែលបានមកពីម្ដាយក៏អាចនាំឲ្យមានសារធាតុរាវលេចចេញពីក្បាលដោះរបស់ទារកដូចគ្នា ហើយជាទូទៅ វានឹងបាត់ទៅវិញនៅក្នុងរយៈពេល២សប្ដាហ៍។
ការប្រែប្រួលដទៃទៀតចំពោះទារិកា
មួយវិញទៀត ចំពោះទារិកាអាចនឹងមានការប្រែប្រួលជាបណ្ដោះអាសន្ននៅក្នុងបរិវេណទ្វារមាស។
- ជាលិកាស្បែកនៅជុំវិញបរិវេណទ្វារមាស មើលទៅហើមដែលជាលទ្ធផលនៃការប៉ះពាល់នឹងអ័រម៉ូនEstrogen។
- មានសារធាតុរាវពណ៌ស ហូរចេញពីទ្វារមាស ដែលហៅថា ធ្លាក់សបែបធម្មជាតិ។
- មានឈាមតិចៗចេញពីទ្វារមាស។
ជាទូទៅ ការប្រែប្រួលទាំងនេះគឺជារឿងធម្មតា ហើយវានឹងបាត់ទៅវិញដោយខ្លួនឯងនៅពេលដែលទារកអាយុបាន២ខែ។
[embed-health-tool-vaccination-tool]