រលាកបំពង់កជាជំងឺដែលយាយីលើកុមារតូចៗញឹកញាប់ បើតាមការសិក្សាកុមារម្នាក់អាចនឹងមានជំងឺរលាកបំពង់ក ៣-៨ដង/ឆ្នាំ។ តើមូលហេតុអីបានក្មេងរលាកបំពង់កញឹកញាប់? ម៉ាក់ប៉ាគួរធ្វើបែបណា ដើម្បីបង្ការកូនៗពីជំងឺរលាកបំពង់ក?
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ បម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផា រលាកបំពង់កច្រើនកើតលើកុមារ អាយុ ៦ខែ-៦ឆ្នាំញឹកញាប់ជាងគេ។
១. មូលហេតុនាំឲ្យក្មេងកើតជំងឺរលាកបំពង់ក
– កត្តាអនាម័យ (ក្មេងឧស្សាហ៍បៀមដៃ ឬយករបស់របរមិនស្អាតផ្សេងៗដាក់ចូលក្នុងមាត់)
– ក្មេងមានប្រព័ន្ធការពាររាងកាយមិនរឹងមាំ (កើតមិនគ្រប់ខែ មិនបានបំបៅដោយទឹកដោះម្តាយ មិនបានចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ)
– ក្មេងមានអាលែកហ្សីនៅផ្លូវដង្ហើម
– ក្មេងមានជំងឺច្រាលទឹកអាស៊ីដក្នុងក្រពះមកបំពង់ក
- មានជំងឺរួមផ្សំផ្សេងទៀត។
២. វិធីបង្ការជំងឺរលាកបំពង់ក
ទោះបីជាក្មេងងាយនឹងរលាកបំពង់កក្តី តែបើម៉ាក់ប៉ាធ្វើបានប៉ុន្មានចំណុចងាយៗនេះ អាចកាត់បន្ថយពីការរលាកបំពង់កលើកូនៗបាន។
– រក្សាអនាម័យ ឧស្សាហ៍លាងដៃកូនជាមួយនឹងសាប៊ូ អាល់កុល ឬជែល
– ឧស្សាហ៍លាងសម្ភារៈក្មេងលេង
– នាំកូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់មុខតាមកម្មវិធីជាតិ
– ត្រូវបំបៅកូនដោយទឹកដោះម្តាយយ៉ាងហោចណាស់ឲ្យបាន៦ខែ
– ផ្តល់ចំណីអាហារមានជីវជាតិទៅកូន
– ចៀសវាងការបញ្ចុកចំណីអាហារកុមារ ២-៣នាក់ ដោយប្រើចាន ឬស្លាបព្រាតែ១
- មិនត្រូវឲ្យកុមារនៅក្បែរអ្នកជំងឺ ពិសេសអ្នកជក់បារី។
[embed-health-tool-vaccination-tool]