បញ្ហាជ្រាំងអណ្ដាតកើតឡើងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែការកើតបញ្ហានេះចំពោះទារកអាចជារឿងឈឺក្បាលមួយសម្រាប់ប៉ាម៉ាក់ ព្រោះអាអូននៅតូចពិបាកបៅ និងញ៉ាំអាហារណាស់។ ចុះជំងឺជ្រាំងអណ្ដាតទារក និងកុមារកើតឡើងបណ្ដាលមកពីមូលហេតុអ្វី ហើយមានវិធីអ្វីល្អ ម៉ាក់ប៉ាអាចដោះស្រាយបាន?
ឆ្លើយតបនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានបកស្រាយឲ្យដឹងថា អណ្ដាតកូនមានសភាពក្រហម ឬឡើងសក្ដាំងដែលអាចជូតចេញបាន និងក្រហាយឈឺចាប់នៅពេលដែលមានការដាច់រលាត់ ធ្វើឲ្យកូនឈឺ ហៀរទឹកមាត់ ក្ដៅខ្លួន យំច្រើន មិនចង់ញ៉ាំអាហារមិនចង់បៅជាដើម។ ជំងឺជ្រាំងអណ្ដាតនេះ ភាគច្រើនបង្កឡើងដោយមេរោគផ្សិត និងមូលហេតុដទៃទៀតមានដូចជា៖
- ខ្វះវីតាមីន C B ជាតិស័ង្កសី ជាតិដែក អាស៊ីដហ្វូលិក
- ឧស្សាហ៍ប្រើថ្នាំផ្សះពពួកអង់ទីប៊ីយ៉ូទិក អាចបង្កើតជាផ្សិតមួយចំនួនដុះសៗ
- ទារកឧស្សាហ៍បៀមរបស់មិនស្អាត
- ម្ដាយមិនលាងសម្អាតដោះឲ្យបានស្អាត មុនបំបៅកូន
- កូនបៅក្បាលដោះដបទឹកដោះគោទាំងគគ្រិច ឬក្ដៅ។
វិធីព្យាបាលជំងឺជ្រាំងអណ្ដាតលើទារក
ម៉ាក់ប៉ាអាចអនុវត្តតិចនិកសាមញ្ញមួយចំនួនរួមមាន៖
ទី១. ដាំទឹកឲ្យពុះហើយទុកឲ្យនៅក្ដៅឧណ្ហៗ
ទី២. បង់អំបិលស្អាតទៅក្នុងទឹកក្ដៅឧណ្ហៗនោះឱ្យប្រៃល្មម
ទី៣. យកកំណាត់ទន់ៗស្អាត ដែលបានស្ងោរសម្លាប់មេរោគហើយមកជ្រលក់ទឹកអំបិលក្ដៅឧណ្ហៗនោះជូតសម្អាតក្នុងមាត់ លើអណ្ដាតឲ្យបានញឹកញាប់(៤-៥ដង/ថ្ងៃ) ប៉ុន្តែ មិនអាចជូតខ្លាំងពេកទេព្រោះអាចធ្វើឲ្យកូនឈឺ ឬឈាមបាន។ ផ្ទុយទៅវិញបើម៉ាក់ប៉ាយកកំណាត់មិនស្អាត ឬមិនបានសម្លាប់មេរោគជាមុនទេនោះការសម្អាតនឹងក្លាយជាការចម្លងមេរោគ និងធ្វើឲ្យជំងឺជ្រាំងលើកូនកាន់តែធ្ងន់ធ្ងរថែមទៀត។
បន្ថែមពីលើនេះ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនេះបានឲ្យដឹងទៀតថា សម្រាប់វិធីព្យាបាល ក្រៅពីអនុវត្តតាមតិចនិកខាងលើ ម៉ាក់ប៉ាអាចប្រើថ្នាំលាបប្រឆាំងពពួកផ្សិត ដែលមានលក្ខណៈជាពពួកក្រេមជាដើម។
[embed-health-tool-vaccination-tool]