ត្បិតការយំរបស់ទារកជារឿងធម្មជាតិក៏ដោយ តែបើយំខ្លាំង និងយូរពេកក៏មិនល្អចំពោះទារកដែរ ព្រោះវាអាចបណ្ដាលឲ្យគាំង ដែលជាហេតុនាំឲ្យប៉ះពាល់ដល់បេះដូងទៅវិញ។ នេះជាការបញ្ជាក់របស់អ្នកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិ ប្រាប់មកកាន់ Hello គ្រូពេទ្យ។
អ្នកគ្រូពេទ្យផ្នែកអាហារូបត្ថម្ភបានបន្តទៀតថា កាលណាកូនយំខ្លាំង ចលនាបេះដូងរបស់គាត់អាចមានបញ្ហា ដោយសារសំឡេងខ្លាំង ហើយអុកស៊ីសែននាំទៅចិញ្ចឹមខួរក្បាលក៏មិនបានល្អ៖ “ពេលកូនយំគាំង អុកស៊ីសែនដែលនាំទៅចិញ្ចឹមខួរក្បាលមិនបានល្អទេ ហើយករណីនេះយូរៗទៅអាចប៉ះពាល់ដល់ខួរក្បាលបាន’។ អ្នកស្រីវេជ្ជបណ្ឌិតវ័យក្មេងរូបនេះបានឲ្យដឹងទៀតថា ពេលកូនផ្ដើមយំ សូមប្រញាប់លួងកូនជាបន្ទាន់ ចៀសវាងទុកចោលឲ្យយំកាន់តែខ្លាំង ហើយប្រសិនបើគាំងខ្លាំង ត្រូវប្រញាប់រកជំនួយពីពេទ្យ។
ក្នុងករណីដែលកូនគាំងរហូតបាត់សំឡេងដល់ឡើងស្វាយខ្លួន ម៉ាក់ៗគ្រប់រូបគួរតែប្រញាប់ទៅមន្ទីរពេទ្យជាប្រញាប់ ហើយយើងមិនគួរលើកកូនមកអង្រួន ឬយកវត្ថុផ្សេងដាក់មាត់ និងមិនគួរឲ្យកូនបៅដោះ ឬទឹកឡើយ ព្រោះវាអាចធ្វើឲ្យកូនឈ្លក់ ឬស្ទះផ្លូវដង្ហើម។
ជាធម្មតាទារកអាចយំគាំង និងបាត់ទៅវិញខ្លួនឯងក្នុងរយៈពេល ៣០-៦០វិនាទី តែបើមានបញ្ហាយំគាំងច្រើនដងក្នុងមួយថ្ងៃ អាចមានបញ្ហាអ្វីមួយ ដូចនេះម៉ាក់ប៉ាត្រូវនាំកូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិភាក្សា និងស្វែងរកមូលហេតុច្បាស់លាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕