ក្មេងតូចជួបអាការៈហើមពោះញឹកញាប់ ដែលនេះជាក្តីកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប ហើយដើម្បីដោះស្រាយបញ្ហានេះ ម៉ាក់ប៉ាតែងយកប្រេងកូឡាមកលាបរឹតពោះឲ្យកូន។ ទារកហើមពោះមកពីមូលហេតុអី? តើការលាបប្រេងកូឡាអាចព្យាបាលអាការៈហើមពោះបានទេ?
ទារកបញ្ចេញខ្យល់ ឬផោមជាញឹកញាប់ជារឿងធម្មតានោះទេ តែបើហើមពោះញឹកញាប់នោះទើបគួរឲ្យបារម្ភ។ លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមារ គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី ថា ក្មេងហើមពោះអាចបណ្តាលមកពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន ឯករណីមួយទៀត អាចមកពីរបបអាហាររបស់ម្តាយ ដែលញ៉ាំអាហារផ្អាប់ ជូរ ផ្អូម បន្លែឆៅ ផឹកថ្នាំខ្មែរ ឬស្រាត្រាំ ហើយបំបៅដោះកូន។ ចំពោះកូនធំ អាចញ៉ាំអាហារបាន មកពីការអាលែកហ្ស៊ីនឹងសារធាតុណាមួយ ឬក៏ញ៉ាំបន្លែឆៅ។
“យើងជឿគ្រប់គ្នាផឹកថ្នាំខ្មែរ ស្រាថ្នាំ ធ្វើឲ្យឆ្អិនសរសៃម្តាយ សម្បូរទឹកដោះឲ្យកូនម៉ឹម តែតាមពិតជាគ្រឿងពុល ពេលបំបៅដោះកូន ធ្វើឲ្យកូនទៅជារលាកពោះវៀន ហើមពោះ’។ លោកស្រីវេជ្ជបណ្ឌិតរៀបរាប់។
លោកស្រីវេជ្ជបណ្ឌិតថា ការព្យាបាលអាការៈហើមពោះទៅតាមមូលហេតុជាក់ស្តែង បើមកពីចំណីអាហារម្តាយ យើងត្រូវផ្លាស់ប្តូររបបអាហារ បើមកពីផឹកថ្នាំខ្មែរ ម្តាយត្រូវបញ្ឈប់ភ្លាម។ ចំពោះការព្យាបាលវិញ គ្រូពេទ្យឯកទេសកុមាររូបនេះថា គ្រូពេទ្យអាចឲ្យប្រើថ្នាំមួយចំនួន ដើម្បីឲ្យដើរខ្យល់ស្រួល ហើយព្យាបាលឫសគល់ តើកូនហើមពោះមកពីអ្វីឲ្យប្រាកដ។
ចំពោះការលាបប្រេងកូឡាវិញ មិនមានការសិក្សាបញ្ជាក់ថា អាចបំបាត់អាការៈហើម ឆ្អល់ពោះនោះទេ។ លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ការលាបប្រេងកូឡាឲ្យកូនក្មេងអាយុក្រោម ២ឆ្នាំ មិនត្រឹមតែគ្មានបានប្រយោជន៍នោះទេ ថែមទាំងប៉ះពាល់សុខភាពក្មេងទៀត។ ផលប៉ះពាល់នៃការលាបប្រេងកូឡាឲ្យក្មេងអាយុក្រោម ២ឆ្នាំ មាន ទី១ ពាក់ព័ន្ធនឹងប្រព័ន្ធផ្លូវដង្ហើម ធ្វើឲ្យក្មេងពុល ទី១ ប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យក្មេងអាប់ប្រាជ្ញា និងទី៣ ធ្វើឲ្យក្មេងមានបញ្ហាស្បែក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕