សម្រាប់ម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ ហើយត្រូវចេញមកធ្វើការឆ្ងាយពីផ្ទះ ៨-១០ ម៉ោង តែងតែច្របាច់ទឹកដោះទុកឲ្យកូនបៅ។ តែបន្ទាប់ពីវិលទៅផ្ទះវិញ ម៉ាក់ៗនៅតែគ្មានទំនុកចិត្តបំបៅដោះកូន ព្រោះខ្លាចទឹកដោះផ្ទុកក្នុងដើមទ្រូងនោះយូរ បែរជាផ្អូម? តើការបារម្ភនោះ ត្រឹមត្រូវដែរឬទេ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបកស្រាយថា ទឹកដោះនៅក្នុងខ្លួនយើងទោះមិនបានបំបៅកូនច្រើនម៉ោង ហើយសល់ច្រើនយ៉ាងណា ក៏មិនផ្អូម ឬខូចគុណភាព និងបាត់បង់ឱជារសដែរ។ តែសម្រាប់ម៉ាក់ៗដែលច្របាច់ទឹកទុកដាក់មិនបានត្រឹមត្រូវ គឺពិតជាអាចផ្អូមបាន។ ទឹកដោះដែលច្របាច់រួចអាចទុកបាន ៤-៦ ម៉ោង នៅសីតុណ្ហភាពធម្មតា ហើយបើទុកក្នុងទូរទឹកកកអាចរក្សាទុក ២៤ ម៉ោង និងកន្លែងបង្កកអាចទុកបាន ៤-៨ ថ្ងៃ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនោះបន្តទៀតថា ពេលយើងមកដល់ផ្ទះវិញ កុំអាលទាន់ឲ្យកូនបៅភ្លាម ត្រូវជូតលាង ឬងូតទឹកសម្អាតដោះឲ្យបានស្អាតបាក់តេរី ឬញើសសិន ហើយច្របាច់ចោលទឹករាវៗបន្តិចចេញសិន ចាំឲ្យកូនបៅ។
លោកបានបន្ថែមមានម៉ាក់ៗខ្លះ ត្រឡប់មកពីធ្វើការ ក៏ឲ្យកូនបៅទាំងមិនបានលាងសម្អាត ទើបធ្វើឲ្យញើស ជាតិកង្វក់ជាប់ខ្លួន ទឹកដោះដែលហៀរមកផ្អាប់ជាប់ក្បាលដោះទុករាប់ម៉ោង បង្កជាបាក់តេរីបណ្ដាលឲ្យឈឺពោះកូន ក្រោយបៅ ឬនាំឲ្យកូនរាករូស តែបែរជាច្រឡំថាមកពីទឹកដោះផ្អូមទៅវិញ។ ជម្រើសល្អ មកពីធ្វើការងូតទឹកដុះសាប៊ូ លាងខ្លួនឲ្យស្អាត និងត្រជាក់ខ្លួនចាំឲ្យកូនបៅ ទើបយើង និងកូនមានភាពស្និទ្ធស្នាល រីករាយពេលកំពុងបំបៅ។
[embed-health-tool-vaccination-tool]