backup og meta

ក្រៅពី​ទឹក​ដាំពុះ មាន​ទឹក​ណា​ផ្សេង​អាច​ឆុង​ទឹកដោះ​គោ​កូន​បានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 18, 2020

    ក្រៅពី​ទឹក​ដាំពុះ មាន​ទឹក​ណា​ផ្សេង​អាច​ឆុង​ទឹកដោះ​គោ​កូន​បានអត់?

    ប៉ា​ម៉ាក់​មួយ​ចំនួន​ដែល​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ ទំនង​ជា​នៅ​មាន​មន្ទិល​ថា​តើ​ក្រៅ​ពី​ទឹក​ដាំ​ពុះ នៅ​អាច​ប្រើ​ទឹក​ផ្សេងទៀត​​ដើម្បី​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​បាន​ឬ​យ៉ាងណា​?​ កុំ​ឲ្យ​មាន​មន្ទិល​ច្រើន តោះ​ប៉ាៗ​ម៉ាក់ៗ​មក​ស្វែង​យល់​ទាំង​អស់​គ្នា​។

    ជា​ទូទៅ​យើង​តែ​ង​ឃើញ​ការណែនាំ​ឲ្យ​​ម៉ាក់ៗ​ឆុង​ទឹក​ដោះ​គោ​ជាមួយ​ទឹក​ដាំ​ពុះ ហើយ​ទឹក​ដាំ​ពុះ​នោះ​ទៀត​សោត​ត្រូវ​ជា​ទឹក​ដែល​ស្អាត​ផង​ដែរ។ ក្រោយ​ដាំ​ទឹក​ពុះ មុន​យក​មក​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ប៉ា​ម៉ាក់​ត្រូវ​ទុក​ទឹក​នោះ​ឲ្យ​ចុះ​ត្រជាក់​មក​ត្រឹម​ប្រហែល​៧០​អង្សា​សេ ឬ​៣០​នាទី​ក្រោយ​ដាំ​ពុះ​។ ពេល​ឆុង​រួច​ហើយ ម៉ាក់ៗ​ត្រូវ​ប្រាដក​ថា​ទឹក​ដោះ​គោ​មិន​ក្ដៅ​ពេក​ទេ ព្រោះ​អាច​រលាក​មាត់​កូន​បាន ឬ​បើ​នៅ​ក្ដៅ​ ប៉ា​ម៉ាក់​អាច​យក​ទឹក​ដោះ​គោ​ឆុង​រួច​ដាក់​ក្នុង​កំប៉ុង​​សម្រាប់​អូនៗ​បៅ​នោះ ទៅ​ដាក់​ក្រោម​ទឹក​ត្រ​ជាក់​ដែល​យើង​បង្ហូរ​ពី​ក្បាល​រ៉ូប៊ីនេ​​ឲ្យ​ចុះ​ត្រជាក់​ល្មម​​ឲ្យ​កូន​បៅ​បាន​។

    ចុះ​បើ​ពេល​ចេញ​ក្រៅ​ផ្ទះ​មាន​ទឹក​អ្វី​អាច​ឆុង​ជំនួស​ទឹក​ដាំ​ពុះ​បានទេ?

    ពិត​ណាស់​ហើយ តាម​ការ​ណែ​នាំ​ជាច្រើន​តែង​​ឲ្យ​យើង​គួរ​ឆុងទឹក​ដោះ​គោ​កូន​ជាមួយ​ទឹក​ដាំពុះ​ ប៉ុន្តែ​បើ​យើង​មើល​លើ​ស្លាក​សញ្ញា​នៅ​លើ​ម្សៅ​ទឹក​ដោះ​គោ​ភាគ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ទំនង​ជា​យើង​បាន​ឃើញ​ថា​ឃ្លា​ណែនាំ​​ឲ្យ​​យើង​គួរ​សុំ​យោ​បល់​ពី​គ្រូ​ពេទ្យ​ថា​គួរ​ប្រើ​ទឹក​ដាំ​ពុះ ឬ​យ៉ាង​ណា​។

    សម្រាប់​សមាគម​ធ្វើការ​លើ​សុខ​ភាព​កុមារ​អាមេរិក American Academy of Pediatrics  បាន​ណែ​នាំ​ឲ្យ​ប៉ា​ម៉ាក់​ប្រើ​ទឹក​ស្អាត​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ដោយ​មិន​សម្ដៅ​តែ​លើ​ទឹក​ដាំ​ពុះ​នោះ​ដែរ​។ គ្នា​យើង​ក៏​គួរ​ដឹង​ដែរ​ថា​ទឹក​ដាំពុះ​គ្រាន់តែ​អាច​កម្ចាត់​បាក់តេរី តែ​មិន​អាច​កម្ចាត់​សារធាតុ​គីមី​ពុល​​ក្នុង​ទឹក​នោះ​ទេ​។

    ឆុងទឹកដោះគោម្សៅ

    វិប​សាយ​សុខភាព​មួយ​ឈ្មោះ​ថា​ Verywell family បាន​ដក​ស្រង់​សេចក្ដី​ណែនាំ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​​ថា​​រាល់​ទឹក​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​មិន​ថា​ទឹក​ពី​ក្បាល​រ៉ូប៊ីនេ ឬ​ទឹក​បរិសុទ្ធ​ទេ គួរ​តែ​ដាំ​ពុះ​ជាមុន​សិន មុន​នឹង​យក​មក​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ហើយ​ថា​ត្រូវ​ឆុង​​ពេល​ទឹក​មាន​សីតុណ្ហ​ភាព​មិន​ទាប​ជាង​៧០​អង្សា​សេ​។

    ថ្វីបើ​បែប​នេះ​មែន ប្រ​ភព​ដដែល​ក៏​​បញ្ជាក់​ដែរ​ថា ប្រ​សិន​ជា​យើង​​មិន​មាន​ទឹក​ដាំ​ពុះ​ទេ​នោះ យើង​អាច​ប្រើ​ទឹក​ស្អាត​ដើម្បី​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​បាន​​ដូច​គ្នា តែ​ថា​ត្រូវ​ឲ្យ​កូន​បៅ​ភ្លាមៗ​បន្ទាប់​ពី​ឆុង​រួច មិន​ត្រូវ​យក​ទៅ​រក្សា​ទុក​នោះ​ទេ​។ ក្នុង​ករណី​នេះ យើង​អាច​ប្រើ​ទឹក​ដប​បាន​ដែរ ដោយ​យើង​អាច​ពិនិត្យ​មើល​លើ​ផលិត​ផល​ទាំង​នោះ មាន​បញ្ជាក់​ថា​ទឹក​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ក្មេង​​បាន​ឬ​យ៉ាងណា ដោយ​ផលិត​ផល​ខ្លះ​គេ​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​តែ​ក្មេង​តូចៗ​តែ​ម្ដង​។​

    យ៉ា​ងណា បើ​ម៉ាក់ៗ​​មាន​មន្ទិល​សង្ស័យ​ណា​មួយ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន គួរ​ប្រឹក្សា​យោបល់​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម