ម៉ាក់ៗមួយចំនួនច្រើនតែស្តាយ កាលណាឆុងទឹកដោះរួចហើយ កូនបៅមិនអស់ មិនហ៊ានចាក់ចោលទេ ទុកឱ្យកូនម៉ឹមបន្តទៀត។ ទឹកដោះគោម៉ឹមនៅសល់ គួរទុកឲ្យកូនម៉ឹមបន្តទៀតទេ? ហេតុអី?
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានបញ្ជាក់ថា តាមការណែនាំរបស់ CDC អាមេរិក ទឹកដោះគោដែលកូនម៉ឹមរួចហើយ មានន័យថា ទឹកដោះគោដែលប្រឡាក់ជាមួយទឹកមាត់កូន មិនអាចទុកបាននោះទេ ព្រោះមានការបង្ករោគ ទុកបានយ៉ាងយូរត្រឹម ១ម៉ោងប៉ុណ្ណោះ ត្រូវចាក់ចោល ព្រោះនៅក្នុងទឹកមាត់កូនមានមេរោគ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា នៅពេលកូនម៉ឹមទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះ អ៊ីចឹងកាលណាយើងទុកយូរម៉ោងបន្តិច កូនយើងម៉ឹមទឹកដោះគោដែលនៅសល់នោះ អាចបង្កឱ្យកូនឈឺពោះ រាករូសជាដើម។
ផ្ទុយទៅវិញ បើសិនជាយើងឆុងទឹកដោះគោហើយ មិនទាន់ឲ្យកូនម៉ឹមទេ យើងអាចទុកក្នុងទូទឹកកកបានរហូតដល់ ២៤ម៉ោង។ បន្ទាប់យកចេញពីទូទឹកកហើយ កូនបៅមិនអស់ យើងមិនអាចយកទឹកដោះគោនោះទៅដាក់ក្នុងទូទឹកកកវិញទេ មានន័យថា ទឹកដោះគោនោះខូចគុណភាពហើយ។
ក្នុងករណីដែលម៉ាក់ប៉ាឆុងទឹកដោះគោឲ្យកូនរួច តែកូនបែរជាគេងលក់ យើងអាចរក្សាទុកទឹកដោះគោទាំងនោះក្នុងបរិយាកាសធម្មតា នៅកន្លែងស្អាត បានរយៈពេល ២ម៉ោង។
[embed-health-tool-vaccination-tool]