ចំពោះមនុស្សស្រី វដ្ដរដូវជាផ្នែកមួយជួយឲ្យយើងដឹងពីបញ្ហាសុខភាពដោយធម្មជាតិ តែពេលចាប់ផ្ដើមពពោះក្លាយជាម៉ាក់មួយរូប រដូវនឹងបាត់មួយរយៈពេលសិន ក្រោយសម្រាលទើបអាចមានរដូវវិញ។ ប្រសិនបើម៉ាក់ៗកំពុងបំបៅដោះកូន ហើយមានរដូវត្រឡប់មកវិញ វាអាចប៉ះពាល់ដល់គុណភាពទឹកដោះឬអត់?
ក្រោយសម្រាលកូនរួចហើយ ស្ត្រីអាចមានរដូវវិញចន្លោះពី ៦-៨សប្ដាហ៍ សម្រាប់ម៉ាក់ៗមិនបំបៅដោះកូន។ ចំណែកស្ត្រីដែលបំបៅដោះកូន ពេលវេលាមានរដូវត្រឡប់មកវិញអាចយូរជាងនេះ និងមានភាពខុសគ្នាទៅតាមមនុស្សម្នាក់ៗ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។
លោកបន្តថា ការប្រែប្រួលរាងកាយសម្រាប់ការវិលត្រឡប់របស់វដ្ដរដូវ នឹងមានឥទ្ធិពលខ្លះៗដល់ទឹកដោះម្ដាយ។ ក្រោយរដូវត្រឡប់មកវិញ ម៉ាក់ៗអាចសង្កេតឃើញពីការប្រែប្រួលខ្លះៗរបស់ទឹកដោះ ឬឃើញអាអូនហាក់មានប្រតិកម្មទៅនឹងទឹកដោះដែរ។ ការមករដូវនេះ អាចធ្វើឲ្យសារធាតុក្នុងទឹកដោះ និងរសជាតិប្រែប្រួលសម្រាប់អាអូន ជាហេតុអាចធ្វើឲ្យមានការថយចុះនៃបរិមាណទឹកដោះ ឬក៏អាអូនអាចប្រែប្រួលអារម្មណ៍ចង់បៅ ឬចំនួនបៅជាដើម។
តាមការស្រាវជ្រាវឃើញថា សមាសធាតុទឹកដោះម្ដាយប្រែប្រួលនៅពាក់កណ្ដាលវដ្ដរដូវ ជាហេតុបណ្ដាលឲ្យទឹកដោះបាត់បង់ជាតិផ្អែម ប្រែជាប្រៃវិញ។ អំឡុងពាក់កណ្ដាលវដ្ដរដូវ និងរៀបនឹងមានរដូវ កម្រិតអឺស្ត្រូហ្សែន និងប្រូហ្សេស្តេរ៉ូន ប្រែប្រួលដែលអាចប៉ះពាល់ទៅដល់សុដន់ និងទឹកដោះម៉ាក់ៗ។ នៅពេលអ័រម៉ូនអឺស្ត្រូហ្សែនឡើងខ្ពស់ ប៉ះពាល់ដល់ផលិតភាពទឹកដោះម្ដាយ ហើយម៉ាក់ៗអាចមានអារម្មណ៍តឹងៗសុដន់។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បន្ថែមទៀតថា ទោះជាការមករដូវក្រោយសម្រាលអាចប៉ះពាល់ដល់បរិមាណ និងរសជាតិទឹកដោះម៉ាក់ៗក៏ដោយ ក៏ទឹកដោះម្ដាយនៅតែសម្បូរសារធាតុចិញ្ចឹម និងមានសុខភាពល្អសម្រាប់កូន។
[embed-health-tool-vaccination-tool]