ទោះបីជាវាមានសុវត្ថិភាពក្នុងការញ៉ាំអាហារហឹរក៏ពិតមែន ប៉ុន្តែម៉ាក់ៗមិនគួរញ៉ាំច្រើនពេកទេ និងគប្បីញ៉ាំអាហារដែលមានតុល្យភាពគ្រប់គ្រាន់ ទើបជាការប្រសើរ។ ពិតណាស់ អាអូននឹងទទួលបរិមាណតិចតួចនៃអាហារទាំងនោះតាមរយៈទឹកដោះម្ដាយ ដោយពុំមានផលប៉ះពាល់ឡើយ។
តើអាហារហឹរប៉ះពាល់ដល់ទឹកដោះដែរឬទេ?
ជាក់ស្ដែង អ្វីដែលម៉ាក់ៗញ៉ាំនឹងជះឥទ្ធិពលដល់រសជាតិនៃទឹកដោះ។ ទារកអាចនឹងចូលចិត្តរសជាតិទឹកដោះថ្មីៗ ហើយទង្វើនេះ ក៏ជាគំរូដ៏ល្អសម្រាប់ទារក មុនពេលដែលពួកគេចាប់ផ្ដើមញ៉ាំអាហាររឹងដែលមានរសជាតិខុសៗគ្នាផងដែរ។
ផលប៉ះពាល់អវិជ្ជមាននៃអាហារហឹរចំពោះទឹកដោះម្ដាយ
មិនមែនទារកគ្រប់រូបសុទ្ធតែចូលចិត្តការផ្លាស់ប្ដូរនៃរសជាតិទឹកដោះនោះទេ ហើយកូនមួយចំនួនអាចនឹងមានប្រតិកម្មជាមួយនឹងការផ្លាស់ប្ដូរនេះផងដែរ។ ផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានឡើងពីអាហារហឹរ រួមមាន៖
- កើតមានអាលែកហ្ស៊ីចំពោះអាហារហឹរ ដោយមានចេញកន្ទួលរមាស់លើស្បែក
- មានអាការៈចុកពោះ
- មានបញ្ហាហ្គាសនៅក្នុងក្រពះ
កូនមានប្រតិកម្មនឹងអាហារហឹរមានអាការៈដូចម្ដេច?
សញ្ញាជាក់លាក់ដែលបង្ហាញថាទារកមានប្រតិកម្មនឹងអាហារហឹរមានដូចខាងក្រោម។
- យំមិនឈប់ បន្ទាប់ពីបៅទឹកដោះម្ដាយ ដែលមានរសជាតិហឹរ
- មានអាការៈរាករូស ជាពិសេស បន្ទាប់ពីម្ដាយញ៉ាំអាហារហឹរ រួចបំបៅដោះ
- វដ្ដដំណេករបស់ទារកត្រូវបានរំខាន បន្ទាប់ពីបំបៅដោះដែលមានរសជាតិហឹរ ហើយទារកចាប់ផ្ដើមភ្ញាក់ពីគេងយ៉ាងឆាប់រហ័ស។
- មិនចង់បៅដោះ ជាពិសេស បន្ទាប់ពីម៉ាក់ៗញ៉ាំអាហារផ្សេងៗ
- ចេញកន្ទួលរមាស់ និងកន្ទាលត្រអាកនៅលើស្បែករបស់ទារក
តើការញ៉ាំអាហារហឹរ អំឡុងពេលបំបៅដោះមានអត្ថប្រយោជន៍ចំពោះទារកដែរឬទេ?
ប្រសិនបើអាអូនមិនមានប្រតិកម្មនឹងអាហារហឹរនៅក្នុងទឹកដោះម្ដាយទេនោះ វានឹងមិនបង្កផលប៉ះពាល់ណាមួយឡើយ។ ផ្ទុយទៅវិញ ទារកអាចនឹងទទួលបានអត្ថប្រយោជន៍មួយចំនួនពីទឹកដោះម្ដាយ ដែលមានរសជាតិហឹរដូចជា៖
- ងាយស្រួលក្នុងការផ្ដាច់ដោះ
- អាចស្គាល់ពីរសជាតិផ្សេងៗ
- ពង្រឹងមុខងារក្រពះ
- ទទួលយករបបអាហារល្អប្រសើរ ទាំងនៅវ័យក្មេង
តើម៉ាក់ៗកំពុងបំបៅដោះកូន គួរចាប់ផ្ដើមញ៉ាំអាហារហឹរនៅពេលណា?
ម៉ាក់ៗភាគច្រើនចាប់ផ្ដើមញ៉ាំអាហារហឹរនៅក្នុងបរិមាណតិចតួចបន្ទាប់ពីសម្រាលកូនរួច។ យ៉ាងណាមិញ ម៉ាក់ៗគប្បីរង់ចាំរហូតដល់ទារកស៊ាំនឹងការបំបៅដោះត្រឹមត្រូវ និងអភិវឌ្ឍសុខភាព ក៏ដូចជាភាពស៊ាំរបស់ពួកគេជាមុនសិន មុននឹងចាប់ផ្ដើមញ៉ាំអាហារហឹរ ។
[embed-health-tool-vaccination-tool]