ក្មេងមួយចំនួនជួបអាការៈហើមពោះញឹកញាប់ ដោយសារប្រព័ន្ធរំលាយអាហាររបស់អាអូននៅខ្ចី និងលេបខ្យល់ចូលទៅក្នុងពោះ ពេលបៅដោះម្ដាយ ឬទឹកដោះគោ។ ចំណែកឯក្មេងខ្លះ អាចហើមពោះដោយសារផលរំខានពីអាហារដែលម៉ាក់ៗញ៉ាំ ឬការធ្វើអនាម័យមិនបានត្រឹមត្រូវ នេះបើតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។
ចំពោះម៉ាក់ៗប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរធ្វើតាមប៉ុន្មានចំណុចនេះ ទើបអាចបញ្ចៀសបាននូវអាការៈហើមពោះ។
១. លាងដបទឹកដោះគោឲ្យស្អាត
អនាម័យដបឆុងម្សៅទឹកដោះជារឿងសំខាន់បំផុត កាលយើងលាងមិនបានស្អាតល្អ ឬផ្អាប់ម្សៅទឹកដោះទុកយូរ ទើបយកទៅលាង បាក់តេរី ផ្សិត ឬវីរុសកកើត បង្កទៅជាក្លិនផ្អូមជូរ មានបញ្ហាដល់កូន។ ចំពោះបញ្ហានេះវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញទូទៅ និងជំងឺកុមារ បានលើកឡើងថា មានទារកជាច្រើនកើតជំងឺផ្សេងៗដោយសារតែការលាងសម្អាតដបទឹកដោះគោនេះ។ លោកបានបន្ថែមទៀត ការលាងសម្អាតមិនមែនលាងឲ្យតែរួចពីដៃដូចរបស់របរមនុស្សធំប្រើប្រាស់ឡើយ ព្រោះកូនក្មេងប្រព័ន្ធការពាររាងកាយមិនទាន់រឹងមាំល្អ កាលណាតែដបមានក្លិនជូរផ្អូម ទារកអាចនឹងរាករូស ហើមពោះភ្លែត។
២. កូនម៉ឹមទឹកដោះគោដែលនៅសល់
មិនមានការណែនាំណាមួយឲ្យយើងយកទឹកដោះគោកូនម៉ឹមនៅសល់ ទុកឲ្យកូនញ៉ាំពេលក្រោយនោះទេ ត្រូវចាក់ចោល តែទោះយ៉ាងណាម៉ាក់ប៉ាចេះតែស្តាយ ដែលបញ្ហានេះក៏ជាមូលហេតុធ្វើកូនហើមពោះដែរ។ ទឹកដោះនៅសល់កាលណាយើងទុកមិនបានត្រឹមត្រូវ ឬមិនបានគ្របគម្របជិត អាចមានធូលីហុយចូល ឬសត្វល្អិតដូចជា រុយ ស្រមោចវារពីលើ កូនញ៉ាំទៅបើមិនរាករូស ក៏ហើមពោះដែរ។ អ្វីដែលសំខាន់នោះ ទឹកដោះគោកូនម៉ឹមនៅសល់នឹងមានចូលទឹកមាត់កូនក្នុងនោះ ទុកមិនបានយូរនោះទេ មេរោគនឹងបម្លែងទៅពពួកបាក់តេរី ឬផ្សិត យកឲ្យកូនញ៉ាំច្បាស់ជារាករូសមិនខាន។
៣. ញ៉ាំទឹកដោះគោម្សៅមាន SYNBIOTICS
រូបមន្តថ្មីចុងក្រោយនៃម្សៅទឹកដោះគោ ដោយមានការសំយោគចូលគ្នារវាងប្រ៉ូបាយអូទិក និង ប្រ៊ីបាយអូទិក ហៅថា ស៊ីនបាយអូទិក (SYNBIOTICS) ជួយកសាងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ និងអភិវឌ្ឍប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ។ ម៉ាក់ៗនឹងសង្កេតឃើញថា បញ្ហាក្រពះពោះវៀនរបស់កូនតូច ដូចជា ការទល់លាមក ចុកពោះ និងអាការៈរាកដោយសារបាក់តេរីអាក្រក់ នឹងត្រូវកាត់បន្ថយច្រើន ហើយមិនងាយឈឺទៀត។
[embed-health-tool-vaccination-tool]