backup og meta

ទឹក​ដោះ​គោ និង​ទឹក​ដោះពពែ ខុសប្លែកគ្នា​បែបណាខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 15, 2021

    ទឹក​ដោះ​គោ និង​ទឹក​ដោះពពែ ខុសប្លែកគ្នា​បែបណាខ្លះ?

    នៅ​ពេល​​និយាយ​ពី​ទឹក​ដោះ​សត្វ​ យើង​តែង​តែ​គិត​ដល់​ទឹកដោះគោ​​មុន​គេ​មិន​​ខាន​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ទឹកដោះ​សត្វ​មួយ​ប្រភេទ​ទៀត​កំពុង​ទទួល​ការ​ពេញ​និយម​នៅ​ជុំវិញ​ពិភព​លោក​ដែរ​នោះ​​​​គឺ​ទឹក​ដោះ​ពពែ​ ដោយ​សារ​តែ​ទឹក​ដោះ​ពពែ​មាន​​អត្ថប្រយោជន៍​ពិសេស​​ពី​ធម្មជាតិ​​​ ​ច្រើន​យ៉ាង​។ បើ​អ៊ីចឹង តើទឹកដោះពពែ និង​ទឹកដោះគោ​មាន​ភាព​ខុស​គ្នា​បែប​ណា​ខ្លះ?

    តស់​យើង​​ស្វែង​យល់​ទាំង​អស់​គ្នា​៖

    ១. ប្រូតេអ៊ីន

    បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​តែង​កើត​លើ​ក្មេង​ក្រោម​អាយុ​៣ឆ្នាំ​ ទាក់​ទង់​ទៅ​នឹង​ទឹក​ដោះ​គោ​ គឺ​បញ្ហា​ទល់លាមកដោយសារ​តែ​ទឹកដោះ​ប្រភេទ​នេះ​មាន​ប្រូតេអ៊ីន​មួយ​ប្រភេទ​ហៅថា Alpha s1 Caseinខ្ពស់​។ បរិមាណ​ប្រូតេអ៊ីន​Alpha s1 Casein ធ្វើ​ឲ្យ​ក្មេង​ជួប​បញ្ហា​ដូច​ជា​ទល់លាមក ហើម​ពោះ ពិបាក​រំលាយ​អាហារ ក្អែ និង​មាន​រោគ​សញ្ញា​ជំងឺ​សើ​ស្បែក​ជា​ដើម​។ ដោយ​ឡែក​សម្រាប់​ទឹក​ដោះ​ពពែ​វិញ មាន​បរិមាណ​ប្រូតេអ៊ីន​Alpha s1 Casein ៨៩​ភាគ​រយ​តិច​ជាង​ទឹក​ដោះ​គោ ដែល​មិន​បង្ក​ឲ្យ​ក្មេង​ជួប​បញ្ហា​ទាំងនេះទេ​។ ជំនួស​មក​វិញ ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​តូច​ៗ ទន់ ដែល​ពេល​ចូល​ដល់​ក្នុង​ពោះវៀន​ ងាយ​ស្រួល​រំលាយ និង​រំលាយបាន​​រហ័ស​។

    ទឹកដោះពពែ

    ២. ប្រូតេអ៊ីន​ប្រភេទ A1 និង​A2

    ទឹក​ដោះ​គោ​ធម្មតា​មាន​ប្រូតេអ៊ីន​ពីរ​ប្រ​ភេទ​លាយ​បញ្ចូល​គ្នា​ គឺ​ប្រូតេអ៊ីន​A1 និង A2 ប៉ុន្តែ​ក្នុង​ទឹក​ដោះ​ពពែ​វិញ​មាន​តែ​ប្រ​ភេទ A2 តែ​មួយ​មុខ​ប៉ុណ្ណោះ​។​ ការ​សិក្សា​បាន​បង្ហាញ​ថា​ បញ្ហា​ក្នុង​ការ​រំលាយ​អាហារ​មួយ​ចំនួន​កើត​ចេញ​ពី​ប្រូតេអ៊ីន​A1។ ​នេះ​ជា​មូល​ហេតុ​មួយ​​ក្នុង​ចំណោម​មូល​ហេតុ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ញ៉ាំ​ទឹក​ដោះ​ពពែ មាន​ប្រូតេអ៊ីន​A2 ងាយស្រួល​រំលាយ​ និង​ទន់​ពេល​ចូល​ដល់​ក្នុង​ពោះ​វៀន​។

    ប្រូតេអ៊ីនទឹកដោះពពែ

    ៣. ជាតិខ្លាញ់

    ជាតិ​ខ្លាញ់​មាន​នៅ​ក្នុង​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​​ជាតិ​ខ្លាញ់​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ដោយ​ហេតុ​ថា​មូលេគុល​ជាតិ​ខ្លាញ់​ក្នុង​ទឹក​ដោះ​ពពែ​តូច​ជាង​ច្រើន​ដង​ បើ​ធៀប​ទៅ​នឹង​​មូលេគុល​ជាតិ​ខ្លាញ់​មាន​ក្នុង​ទឹក​ដោះ​គោ​។ មួយ​វិញ​ទៀត​ទឹក​ដោះ​ពពែ​ក៏​មាន​អាស៊ីដ​ខ្លាញ់​ចង្វាក់​ខ្លី និង​មធ្យម ដែល​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​ទឹក​ដោះ​គោ​។​

    ៤. HMOs​

    ជាតិ​ប្រ៊ីបាយអូទិច ឬ​អូលីកូសេឆារីត ឬHMOs មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយអាហារ និង​អង់​ទីករ​។ សម្រាប់​ទឹក​ដោះ​ពពែ មាន​សារធាតុ​HMOs រហូត​ដល់​៦​ដង ច្រើន​ជាង​ទឹក​ដោះ​គោ​។​​

    HMOs

    ៥. នុយក្លេអូទីត

    បើ​និយាយ​​ពី​សារធាតុ​សំខាន់​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ​វិញ ទឹក​ដោះពពែ​ ក៏មាន​ខ្ពស់​ដែរ​។ ទឹក​ដោះ​ពពែ មាន​កម្រិត​ជាតិ​នុយក្លេអូទីត​បួន​ដង​ច្រើន​ជាង​ទឹក​ដោះ​គោ ហើយ​សារធាតុ​នេះ​មាន​ប្រយោជន៍​ជួយ​បង្កើន​ភាព​ស៊ាំ​ដល់​កុមារ​។

    នុយក្លេអូទីត

    ៦. អាហាររូបត្ថម្ភ

    ​ទឹក​ដោះ​ពពែ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មាន​ទាំង​វីតាមីន ​ពិសេស​មាន​ជាតិ​រ៉ែ​ខ្ពស់​ជាង​ទឹក​ដោះ​គោ​។ ជា​ធម្មជាតិ​ទឹក​ដោះ​ពពែ ងាយ​ស្រួល​រំលាយ និង​អាច​ដោះ​បញ្ចៀស​បញ្ហា​ទល់​លាមក ហើមពោះ ឬ​ពិបាក​រលាយ​អាហារ ក្អែ និង​អាការៈ​សើ​ស្បែក​ ជា​ដើម​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម