ទារកជនជាតិជប៉ុន តូចបំផុតលើផែនដី ទម្ងន់ស្មើនឹងខ្ទឹមបារាំងមួយមើម និងធ្លាប់ធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ពេលនេះអាចចេញពីមន្ទីរពេទ្យបានហើយ ក្រោយទទួលការមើលថែដិតដល់រយៈពេល ៥ ខែ។
យោងតាមមន្ទីរពេទ្យ Keio University Hospital ក្នុងទីក្រុង តូក្យូ កន្លែងទារកតូចបំផុតលើផែនដីចាប់កំណើត ទារករូបនេះ កើតមកមានទម្ងន់ត្រឹម ២៦៨ ក្រាមប៉ុណ្ណោះ ដោយសម្រាលនៅសប្តាហ៍ទី ២៤ ព្រោះមិនអាចបន្តលូតលាស់ក្នុងស្បូនដូចទារកដទៃទៀតបាន។
បច្ចុប្បន្ន អូនតូចរូបនេះ មានទម្ងន់សរុប ៣,២៣៨ គីឡូក្រាម ខណៈក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ម៉ាក់ៗអូនតូច បានលើកឡើងថា “អ្វីខ្ញុំអាចនិយាយពេលនេះ ខ្ញុំសប្បាយចិត្តដែលគាត់អាចលូតលាស់ដូចក្មេងដទៃបាន។ និយាយស្មោះទៅចុះ ខ្ញុំធ្លាប់គិតថាកូនខ្ញុំ មិនអាចមានជីវិតទៀតផង។”
អត្ថបទពាក់ព័ន្ធ៖ មានផ្ទៃពោះ
វេជ្ជបណ្ឌិត តាក់កេស៊ី អារីមិស៊ូ ជាអ្នកព្យាបាលអូនតូចផ្ទាល់ លើកឡើងថា គាត់ចង់ប្រាប់មនុស្សទាំងអស់ បើទោះជាទារកកើតមកមានទម្ងន់ស្រាលប៉ុណ្ណា តូចប៉ុណ្ណា នៅតែអាចរស់រានមានជីវិត និងចាកចេញពីមន្ទីរពេទ្យ ដោយមានសុខភាពមាំទាំបាន។
អូនតូចជនជាតិជប៉ុននេះ បានបំបែកកំណត់ត្រា ជាទារកភេទប្រុសតូចបំផុតលើផែនដី ខណៈកំណត់ត្រាចាស់ ជាទារកជនជាតិអាល្លឺម៉ង់ ចាប់កំណើតកាលពីឆ្នាំ ២០០៩ ជាមួយទម្ងន់ ២៧៤ ក្រាម។
ប៉ុន្តែសម្រាប់កំណត់ត្រា ទារកតូចបំផុតលើផែនដីកំពុងរស់រានមានជីវិត នៅតែជារបស់ទារិកាជនជាតិអាល្លឺម៉ង់ ចាប់កំណើតកាលពីឆ្នាំ ២០១៥ ជាមួយទម្ងន់ត្រឹមតែ ២៥២ ក្រាមប៉ុណ្ណោះ។
យោងតាមអង្គការ យូនីសែហ្វ អត្រាមរណៈមាតា និងទារក ក្នុងប្រទេសជប៉ុន គឺស្ថិតក្នុងកម្រិតទាបបំផុត បើធៀបទៅនឹងបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក។
[embed-health-tool-vaccination-tool]