backup og meta

ការថែទាំ និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារកកើតមិនគ្រប់ខែ

ការថែទាំ និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារកកើតមិនគ្រប់ខែ

តាម​រយៈ​ការ​ចុះ​ផ្សាយ​លើក​មុន យើង​ដឹង​ហើយ​ថា ទារក​កើត​មិន​គ្រប់​ខែ​ប្រឈម​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ច្រើន​មុខ តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ និង​ម៉ាក់​ប៉ា​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​បំប៉ន​បំផុត នោះ​ទើប​អាចលូត​លាស់ មាន​សុខភាព​ល្អ ដូច​ទារក​កើត​គ្រប់​ខែ។

លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង ដែល​បម្រើ​ការ​នៅ​មន្ទីរសម្រាក​ព្យាបាល និង​សម្ភព មាតា នឹង​ប្រាប់​ពី​វិធី​ថែទាំ និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ទារក​កើត​​មិន​គ្រប់​ខែ។

១- ការ​ថែទាំ​ទារក​កើត​មិន​គ្រប់​ខែ

សម័យ​មុន ទារក​កើត​មិន​គ្រប់​ខែ មាន​ឱកាស​តិចតួច​អាច​រស់រាន​មាន​ជីវិត ប៉ុន្តែ​ដោយសារ​វិស័យ​វេជ្ជសាស្ត្រ​បច្ចុប្បន្ន​កាន់តែ​ទំនើប ទារក​អាច​មាន​ជីវិត​ប្រកប​ដោយ​សុខភាព​ល្អ ក្រោម​ការ​ថែទាំ​ពិសេស អាច​មាន​រយៈពេល​​ច្រើន​សប្តាហ៍ ឬដល់​ខែ​ក៏​មាន។

– ឧបករណ៍​ជំនួយ​ដង្ហើម៖ មាន​វិធី​សាស្ដ្រ​ច្រើន​ជួយការ​ដក​ដង្ហើម​ខុសៗ​គ្នា​របស់​ទារក​កើត​មិន​គ្រប់ខែ ដើម្បី​ជួយ​ឲ្យ​ទារក​ដក​​ដង្ហើម​បាន​ត្រឹម​ត្រូវ។ វិធីសាស្ត្រ​ទាំងនោះ​អាច​មាន បំពង់​ទុយោស៊ក​តាម​​មាត់​ចូល​ក្នុង​បំពង់​ខ្យល់ ម៉ាស៊ីន​សប់​ដង្ហើម (C-PAP) ឬ​ម៉ាស​គ្រប​សម្រាប់​ផ្តល់​អុកស៊ីសែន​ជា​ដើម។

– វិធីសាស្ត្រ​ផ្ដល់​អាហារ៖ បរិក្ខារ​នេះ​ដើម្បី​ផ្ដល់​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ​ទទួល​បាន​អាហារូបត្ថម្ភ មាន​ខ្សែ​បំពង់​បញ្ចូល​ទៅ​ក្នុង​សរសៃ​វ៉ែន បំពង់​ស៊ក​បញ្ចូល​ក្នុង​រន្ធ​ផ្ចិត ខ្សែ​បំពង់​សម្រាប់​ផ្ដល់​អាហារ​ស៊ក​តាម​មាត់ តាម​ច្រមុះ និង​ខ្សែ​បំពង់​បញ្ចូល​តាម​សរសៃ​វ៉ែនធំ​កណ្តាល។

– ដាក់​ក្នុង​កែវ៖ ដើម្បី​រក្សា​សីតុណ្ហភាព​សមស្រប បង្ការ​មេរោគ សំឡេង​រំខាន ក៏​ដូចជា​អំពូល​បញ្ចាំង​ភ្លើង​ប៊ីលី (Bili) ដើម្បី​ជួយ​បង្ការ​បញ្ហា​ស្បែក​លឿង និង​ភ្នែកលឿង។

អត្ថបទពាក់ព័ន្ធ៖

២- សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ

ទារក​កើត​មិន​គ្រប់​ខែ និង​ទារក​កើត​​គ្រប់​ខែ​មិន​ដូច​គ្នា​​នោះ​ទេ ខណៈ​កូន​កើត​គ្រប់​ខែ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ពី​ម្ដាយ មុន​នឹង​ត្រៀម​លក្ខណៈ​ចេញ​មក​ក្រៅ ឯ​ទារក​កើត​មិន​គ្រប់​ខែ​វិញ មិន​ទាន់​ទទួល​បាន​សារធាតុ​ចិញ្ចឹម​​គ្រប់​​គ្រាន់​នៅ​ឡើយ ទាំង​ប្រភេទ​ប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ បែប​នេះ​ទើប​ចាំបាច់​បំប៉ន​នូវ​សារធាតុ​ចិញ្ចឹម​ទាំង​នោះ​ដល់​ពួក​គេ។

ដោយ​ហេតុថា ទារក​កើត​មិន​គ្រប់​ខែ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​លើស​ពី​ទារក​កើត​គ្រប់ខែ ម៉ាក់ៗ​ដែល​សម្រាល​កូន​មិន​គ្រប់​ខែ ចាំបាច់​ត្រូវ​ការ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ៖

-ការ​បំបៅ​ដោះ​កូន៖ មិន​ថា​ទារក​កើត​គ្រប់​ខែ ឬ​មិន​គ្រប់​ខែ​នោះ ទឹក​ដោះ​ម្តាយ​ជា​អាហារ​បំប៉ន​ល្អ​បំផុត ព្រោះ​ទឹក​ម្តាយ​សម្បូរវីតាមីន ប្រូតេអ៊ីន និងអង់ទីករការពារទារកពីជំងឺផ្សេងៗ។ ចំពោះម៉ាក់ដែលបំបៅដោះកូន ចាំបាច់ត្រូវញ៉ាំអាហារឲ្យបានគ្រប់មុខ មានទាំងត្រី សាច់ ស៊ុត បន្លែគ្រប់មុខ គ្រាប់ធញ្ញជាតិ ផ្លែឈើ ដែលចម្អិតឲ្យឆ្អិនល្អ និងមានអនាម័យ។

ទារកកើតមិនគ្រប់ខែ

-ការបំបៅកូនដោយម្សៅទឹកដោះ៖ ម៉ាក់ៗដែលមានបញ្ហាសុខភាព ទឹកដោះចេញតិច ឬគ្មានទឹកដោះសោះ អាចឲ្យ​កូ​ន​ម៉ឹមទឹកដោះគោ។ តែទោះ​យ៉ាងណា ត្រូវ​ជ្រើសរើសប្រភេទម្សៅទឹកដោះណាដែលមានសារធាតុចិញ្ចឹមសំខាន់ៗ និងមាន​ថាមពល​ខ្ពស់​ដែល​ចាំបាច់ចំពោះទារកកើតមិនគ្រប់ខែ ដូចជា ពពួក Protein DHA និង Omega (ជួយខួរក្បាល និងភ្នែក) ជាតិ​កាក​សរសៃ​ដែល​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ កាល់​ស្យូម (ជួយ​ធ្មេញ និង​ឆ្អឹង) ជាតិ​ដែក​ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម បំបាត់​ភាព​ស្លេកស្លាំង និង​វីតាមីន​គ្រប់​ប្រភេទ។

៣- ការតាមដានជាមួយគ្រូពេទ្យ

គ្រូពេទ្យនឹងណាត់ម៉ាក់ប៉ាឲ្យយកកូនមកពិនិត្យសុខភាពឡើងវិញ ដើម្បី​បាន​ដឹង​ពី​ការ​វិវត្ត​នៃ​សរីរាង្គ​ផ្សេងៗ និង​វាយ​តម្លៃ​ការ​ទទួល​បាន​អាហារូបត្ថម្ភ ថាតើ​គ្រប់គ្រាន់​ដែរ​ឬទេ? ក្នុងនោះ​ពេទ្យ​នឹង​ថ្លឹង​ទម្ងន់ ពិនិត្យ​មើលសួត ក្រពះ ពោះវៀន មើលអេកូបេះដូង អេកូខួរក្បាល ជាដើម។

ក្នុង​​ករណី​​មាន​​សំណួរ ឬ​​មន្ទិល​សង្ស័យ​​ជុំវិញ​​សុខភាព​​អ្នក ជម្រើស​​ល្អ​​បំផុត សូម​​ពិគ្រោះ និង​​ប្រឹក្សា​​យោបល់​​ផ្ទាល់​​ជាមួយ​​ពេទ្យ​​ជំនាញ។ Hello Health Group មិន​​ចេញ​​វេជ្ជបញ្ជា មិន​​ធ្វើ​​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​​ជូន​​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/10/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 18

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម