ការលូតលាស់ និងអាកប្បកិរិយា
មកដល់ពេលនេះ កូនយើងអាចលេងដៃ ឬជើងគេបាន ២-៣ នាទី។ អាអូនអាចចូលចិត្តធ្វើអ្វីដដែលៗរហូតដល់បានលទ្ធផល ហើយក៏ប្តូរទៅធ្វើអ្វីផ្សេងដើម្បីចង់ដឹងថាបានលទ្ធផលខុសគ្នា ឬយ៉ាងណា។ ម៉ាក់ប៉ាមានចាប់អារម្មណ៍ទេ កូនយើងស្ងាត់ខុសពីមុនដែលតែងតែយំពេលភ្ញាក់ឡើង ពេលនេះអាអូនចូលចិត្តគេងលេងក្នុងអង្រឹង។
នៅក្នុងសប្តាហ៍ ទី ១៨ នេះ កូនយើងអាច៖
– ទប់ក្បាលនឹងបាន
– ងើបខ្លួនពេលគេងផ្កាប់មុខដោយប្រើកម្លាំងដៃ
– ចាប់កាន់របស់លេងដាក់លើដៃ
– ប្រើដៃ និងជើងស្របពេលគ្នា
– លេងក្នុងគ្រែដេក
– ចេះលេងរបស់តូចៗ
– ធ្វើសកម្មភាពដដែលៗទាល់បានលទ្ធផលទើបទៅលេងអ្វីថ្មី
-ចេះសើចក្អាកក្អាយ។
១- បង្រៀនកូនពីអីខ្លះ?
ម៉ាក់ប៉ាអាចជំរុញការវិវត្តរបស់កូនដោយលេងជាមួយគេឲ្យបានច្រើន។ មានល្បែងជាច្រើនដែលភ្ញោចដល់វិញ្ញាណទាំង ៥ របស់កូន ដូចជាការចាប់កាន់របស់រូបរាងខុសគ្នា ពណ៌ខុសគ្នា ដែលនឹងភ្ញោចដល់កាយវិញ្ញាណ និងចក្ខុវិញ្ញាណកូន។ ល្បែងដែលក្មេងៗចូលចិត្តនោះគឺលេងពួនបិទមុខ ដែលយើងចំណាំហៅថា វ៉ាក់អ៊ើ ល្បែងនេះពេញនិយមចំពោះក្មេងៗណាស់ ដោយគ្រាន់តែយកដៃបិទមុខហើយស្រែកថាវ៉ាក់អើ រួចធ្វើមុខគួរឲ្យស្រឡាញ់ នោះអាអូននឹងសើចកក្អឹក។
សុខភាព និងសុវត្ថិភាព
២-ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
អាអូនលូតលាស់បានល្អ ម៉ាក់ប៉ាប្រហែលជាមិនមានរឿងច្រើនត្រូវសួរគ្រូពេទ្យនោះទេ ដោយគ្រូពេទ្យគ្រាន់តែពិនិត្យតែរាងកាយ និងការវិវត្តនៃចលនាតែប៉ុណ្ណោះ។
– ពិនិត្យកម្លាំងកាយ រួមទាំងបញ្ហាមុនៗឡើងវិញ
– វាយតម្លៃការវិវត្តចលនាក្បាល ដៃ
– ពិនិត្យការមើល ស្តាប់ ប្រាស្រ័យទាក់ទង។
៣- ត្រូវដឹងពីអីខ្លះ?
នៅសប្តាហ៍ទី ១៨ នេះម៉ាក់ប៉ាអាចសង្កេតឃើញ អាអូនមានបញ្ហាមួយចំនួនដូចខាងក្រោមនេះ៖
ភ្នែកក្រហម៖ ជាការរលាកនៃស្រទាប់ភ្នែកដោយពពួកវីរុស បាក់តេរី ឬអាលែកហ្ស៊ី។ ស្រទាប់គ្របគ្រាប់ភ្នែកពណ៌ស និងក្រោមត្របកភ្នែកឡើងរលាក ធ្វើឲ្យភ្នែកទៅជាក្រហម ស្ងួត មានអាចម៍ភ្នែកពណ៌ស លឿង ឬបៃតង។ អាអូនអាចហៀរទឹកភ្នែក និងពិបាកបើកភ្នែកនៅពេលព្រឹក។ ជំងឺនេះអាចកើតលើភ្នែកតែម្ខាង ឬទាំងសងខាង។ បើក្មេងមានរោគសញ្ញាទាំងនេះ ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេទ្យឲ្យបានរួសរាន់ដើម្បីព្យាបាលត្រឹមត្រូវ។
ជំងឺភ្នែកក្រហមជាជំងឺឆ្លង ដូចនេះគួរការពារខ្លួនយើងឆ្លងពីកូន ដោយលាងសម្អាតដៃឲ្យបានទៀងទាត់ ជាពិសេសមុន និងក្រោយប៉ះភ្នែកក្មេង។ គួរទុកកូននៅផ្ទះ មិនឲ្យទៅក្រៅ ឬសាលារៀន និងសម្អាតកន្លែងគេង សម្លៀកបំពាក់ និងកន្សែងកូនឲ្យបានញឹកញាប់។ ជំងឺនេះបណ្តាលមកពីបាក់តេរីគ្រូពេទ្យនឹងឲ្យប្រើថ្នាំបន្តក់ភ្នែក ឬក្រែមលាបភ្នែក។ បើវីរុស អាអូននឹងមានរោគសញ្ញាផ្តាសាយផ្សំ នោះគ្រូពេទ្យនឹងឲ្យម៉ាក់ប៉ារក្សាអនាម័យកូនឲ្យបានល្អ ដោយសម្អាតភ្នែកជាមួយកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗ ហើយអាអូននឹងជាទៅវិញក្នុងរយៈពេល ១ អាទិត្យ។
ចំពោះការប្រតិកម្មវិញ គ្រូពេទ្យនឹងជួយរកមូលហេតុពិតប្រាកដ ហើយទារកត្រូវនៅឲ្យឆ្ងាយពីសារធាតុនោះ។ ពេលខ្លះក៏អាចឲ្យប្រើថ្នាំបន្តក់ភ្នែក។
ស្គមពេក៖ ជាទូទៅ បើក្មេងលេងច្រើន និងលូតលាស់ល្អ នឹងឡើងទម្ងន់ជាធម្មតា។ តែបើទារកមិនគ្រប់គីឡូវិញ ម៉ាក់ប៉ាគួរតាមដាន វាស់កម្ពស់ដើម្បីដឹងពីការលូតលាស់របស់កូន។ មានកត្តាជាច្រើនដែលពាក់ព័ន្ធនឹងការលូតកម្ពស់ និងឡើងទម្ងន់របស់ក្មេងដូចជា កត្តាតំណពូជ ចំណីអាហារ ការលេង -ល-។ បើម៉ាក់ ឬប៉ា ស្គមតូច នោះកូនអាចមាឌដូចយើង ឯការលេងច្រើនពេកក៏អាចឲ្យអាអូនស្រកសាច់ដែរ។
លើសពីនេះទៀតអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សំខាន់បំផុត យើងមិនគួរបង្អត់អាហារក្មេងតាមតែចិត្ត គ្មានក្បួនខ្នាតនោះឡើយ។ បើសិនជាយើងគិតថាកូនមិនគ្រប់ទម្ងន់ ដោយសារមិនអាចស្រូបយកសារធាតុចិញ្ចឹម ឬមានជំងឺអ្វីនោះ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាលទាន់ពេល។
ការព្រួយបារម្ភ
៤- រឿងអីខ្លះត្រូវបារម្ភ?
បៀមមេដៃ៖ ស្ទើរតែគ្រប់ក្មេងទាំងអស់សុទ្ធតែបៀមមេដៃពេលនៅតូចៗ ខ្លះក៏បៀមតាំងពីក្នុងពោះមកម៉្លេះ។ នេះមិនមែនជារឿងកម្រនោះទេ ដោយសារមាត់មិនត្រឹមតែសម្រាប់ការញ៉ាំនោះទេ វាក៏អាចឲ្យក្មេងដឹងពីអ្វីនៅជុំវិញ និងផ្តល់នូវភាពរីករាយ។ ដំបូងឡើយអាអូនចេះតែបៀមលេងៗម្តងម្កាលទេ តែយូរៗទៅអាចនឹងយល់ថាការបៀមដៃធ្វើឲ្យគេមានអារម្មណ៍រីករាយ ហើយក៏ក្លាយជាទម្លាប់ទៅ។ ទារកបៀម ដៃគួរស្រលាញ់ ដល់ពេលអាអូនរឹតតែធំ ហើយដៃមានចាប់កាន់របស់កខ្វក់ទៀតនោះ ម៉ាក់ប៉ាច្បាស់ជាមិនស្រួលចិត្តទេ តែងតែហាម និងទាញដៃកូនចេញពីមាត់។ ទោះជាយ៉ាងណាក៏ដោយយើងមិនចាំបាច់ព្រួយបារម្ភនោះទេ ព្រោះមិនមានភស្តុតាងបង្ហាញថាទម្លាប់ជញ្ជក់ដៃរបស់កូនកើតចេញពីភាពខ្សោយខាងផ្លូវចិត្ត អាចធ្វើឱ្យមានបញ្ហាដល់ការតម្រឹមធ្មេញ ឬបណ្តាលឲ្យខូចទ្រង់ទ្រាយមាត់ឡើយ។
តាមការពិតក្មេងភាគច្រើននឹងបោះបង់ទម្លាប់នេះនៅពេលមានអាយុពី ៤-៦ឆ្នាំ។ អ្នកជំនាញជាច្រើនបានណែនាំថាម៉ាក់ប៉ាមិនគួរបញ្ឈប់ទម្លាប់បៀមដៃមុនពេលនេះទេ។ ការសិក្សាខ្លះបានបង្ហាញថាក្មេងប្រមាណជាងពាក់កណ្តាលមានទម្លាប់បៀមដៃនេះពេលនៅក្មេង ភាគច្រើននៅអាយុ ១៨-២១ ខែ ទោះមានអ្នកខ្លះផ្តាច់ហើយក៏ដោយ។ ជាង ៨០% បានឈប់នៅអាយុ ៥ ឆ្នាំ ហើយ ៩៥% ឈប់នៅអាយុ ៦ ឆ្នាំ និងឈប់ដោយខ្លួនឯងមិនបាច់មានគេជួយឡើយ។
វិធីងាយៗដែលជួយឲ្យកូនលែងបៀមដៃ ម៉ាក់ប៉ាគ្រាន់តែឲ្យកូនងាកមកលេងរបស់លេងដែលប្រើដៃជំនួស ប៉ុណ្ណោះ យូរៗទៅកូននឹងភ្លេចបៀមដៃដោយខ្លួនឯង។
[embed-health-tool-vaccination-tool]