ហ្វូឡាតគឺជាវីតាមីនសំខាន់ដែលម៉ាក់ប៉ាត្រូវដឹងព្រោះនៅពេលទទួលបានវីតាមីននេះទាបអាចបង្កឲ្យមានការសម្រាលកូនមុនខែ និងពិការភាពនៃទារក។ ពិការភាពនៃទារកកើតមានទៅលើខួរក្បាល ឬឆ្អឹងខ្នងរបស់ទារក។ ហ្វូឡាតគឺសំខាន់សម្រាប់ស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជ និងអំឡុងពេលចាប់ផ្ដើមនៃការពពោះ ហើយនៅពេលទារកកើតមកហើយក៏នៅតែបន្តត្រូវការហ្វូឡាតដែរ បើមិនដូច្នោះទេទារកអាចនឹងមិនលូតលាស់បានល្អ ឬយឺត។
ហ្វូឡាត គឺជាវីតាមីន B មួយប្រភេទដែលមានតួនាទីសំខាន់សម្រាប់ការលូតលាស់ និងការវិវត្តរបស់ក្មេងដូចវីតាមីន B1 (Thiamine) វីតាមីន B7 (Niacin) និងវីតាមីន B12 ដែរ ។ ក្មេងដែលមិនទទួលបានហ្វូឡាតគ្រប់គ្រាន់អាចវិវត្តជំងឺស្លេកស្លាំង រាករូស ស្រកទម្ងន់ ខ្សោយ និងឆេវឆាវ។
តាមគោលការណ៍ណែនាំទៅលើកម្រិតត្រូវការប្រចាំថ្ងៃនៃហ្វូឡាតគឺបែងចែកទៅតាមអាយុ។
- ទារកក្រោម ៦ ខែ ត្រូវទទួល ៦៥ មីក្រូក្រាមក្នុងមួយថ្ងៃ (ដែលពួកគេទទួលបានពីទឹកដោះម្ដាយ ឬម្សៅទឹកដោះគោ)
- ទារកពី ៦-១២ ខែ ត្រូវទទួលបាន ៨០ មីក្រូក្រាមក្នុងមួយថ្ងៃ
- ក្មេងពី ១-៣ ឆ្នាំ ត្រូវទទួលបាន ១៥០ មីក្រូក្រាមក្នុងមួយថ្ងៃ
- ក្មេងពី ៤-៨ ឆ្នាំ ត្រូវទទួលបាន ២០០ មីក្រូក្រាមក្នុងមួយថ្ងៃ
- ក្មេងពី ៩-១៣ ឆ្នាំ ត្រូវទទួលបាន ៣០០ មីក្រូក្រាមក្នុងមួយថ្ងៃ
- ក្មេងពី ១៤-១៨ ឆ្នាំ ត្រូវទទួលបាន ៤០០ មីក្រូក្រាមក្នុងមួយថ្ងៃ។
គោលការណ៍ណែនាំលើចំណីអាហារក៏បានឲ្យដឹងថាសម្រាប់ស្ត្រីដែលបំបៅដោះកូនត្រូវបន្ថែមបរិមាណហ្វូឡាតរហូតដល់ ៥០០ មីក្រូក្រាម និង ៦០០មីក្រូក្រាមសម្រាប់ស្ត្រីពពោះ ឬស្ត្រីដែលត្រៀមពពោះ។
អាហារដែលជាប្រភពនៃហ្វូឡាតរួមមាន សណ្ដែកអង្គុយ ពោតបារាំង សណ្ដែកក្រហម ផ្កាខាត់ណាខៀវ គ្រាប់ផ្កាឈូករ័ត្ន ស្ពៃពួយឡេង ពោត ដំឡូងបារាំងដុត ស្ពៃក្ដោប ផ្លែបឺរ សណ្ដែកដី ទឹកផ្លែប៉េងប៉ោះស្រស់ ទឹកក្រូចស្រស់ ផ្លែក្រូច ស៊ុត និងចេក។
[embed-health-tool-vaccination-tool]