ការថែទាំទារកមិនមែនជារឿងងាយស្រួលឡើយ ហើយវាទាមទារឲ្យយើងមានភាពអំណត់អត់ធ្មត់ ក៏ដូចជាការប្ដេជ្ញាចិត្តខ្ពស់ ។ ពេលខ្លះ សកម្មភាពសាមញ្ញៗ និងទម្លាប់ប្រចាំថ្ងៃមួយចំនួន ក៏អាចបង្កជាហានិភ័យដល់សុខភាពរបស់ក្មេងផងដែរ។ ជាក់ស្ដែង ការផ្លុំអាហារមុនពេលបញ្ចុកទារក ក៏អាចបំផ្លាញដល់សុខភាពមាត់ធ្មេញរបស់ក្មេង មុនពេលដែលពួកគេដុះធ្មេញទៅទៀត។
១. ហេតុអ្វីទើបយើងត្រូវជៀសវាងផ្លុំអាហារឲ្យទារក?
ម៉ាក់ៗប្រហែលជាមានការភ្ញាក់ផ្អើលនៅពេលដឹងថា បាក់តេរីដែលបណ្ដាលឲ្យពុកធ្មេញ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។ ប្រសិនបើយើងមានដង្កូវស៊ីធ្មេញ ហើយផ្លុំអាហារឲ្យទារកនោះ បាក់តេរីដែលចេញពីមាត់របស់យើង អាចចម្លងទៅកាន់ទារកបាន។ ជាទូទៅ កូនតូចមិនមានបញ្ហាធ្មេញប្រហោង បង្កឡើងដោយបាក់តេរី Streptococcus Mutans នៅពេលដែលពួកគេកើតមកនោះទេ។ ជាក់ស្ដែង បាក់តេរីមួយប្រភេទនេះ អាចធ្វើឲ្យកើតមានធ្មេញប្រហោង នៅពេលដែលវាបន្សល់ទុកអាស៊ីដដែលទៅប៉ះនឹងកម្ទេចកំទីដែលនៅជាប់ធ្មេញ។ យ៉ាងណាមិញ នៅពេលដែលទារកប៉ះពាល់ទៅនឹងបាក់តេរី ធ្មេញនឹងវិវត្តទៅជាប្រហោង នៅមុនពេលដែលទារកដុះធ្មេញទៅទៀត ព្រមទាំងក្លាយទៅជាបញ្ហាពុកធ្មេញថែមទៀតផង។
យោងទៅតាមការសិក្សាមួយបានបង្ហាញថា កុមារភាគច្រើនឆ្លងបាក់តេរី Streptococcus Mutans ពីម្ដាយរបស់ពួកគេ ហើយជាទូទៅ បាក់តេរីនេះសាយភាយ នៅពេលដែលប៉ាម៉ាក់ផ្លុំអាហារឲ្យកូនៗ ញ៉ាំអាហារដោយប្រើស្លាបព្រាតែមួយ និងថើបមាត់របស់ទារក។
២. ដើម្បីការពារសុខភាពមាត់ធ្មេញរបស់ទារក ប៉ាម៉ាក់គួរអនុវត្តន៍វិធីសាស្ត្រដូចខាងក្រោមនេះ
- ព្យាយាមកុំផ្លុំអាហាររបស់ទារក និងមិនត្រូវប្រើប្រាស់ស្លាបព្រា ឬកែវទឹករួមគ្នាឡើយ។
- អនុវត្តអនាម័យមាត់ធ្មេញឲ្យបានល្អ។
- ជូតមាត់របស់ទារកជាញឹកញាប់ ជាមួយនឹងកំណាត់សើម ស្អាតល្អ ដើម្បីកុំឲ្យបាក់តេរីមានឱកាសលូតលាស់បាន។
- ជូតអណ្ដាត ធ្មេញ និងថ្ពាល់របស់ទារកជាប្រចាំ។
[embed-health-tool-vaccination-tool]