ម៉ាក់ប៉ាដែលមានកូនអាយុ ១-២ ឆ្នាំអាចនឹងមានអារម្មណ៍ពិបាកក្នុងការថែទាំកូន ព្រោះក្មេងចន្លោះអាយុនេះនៅបន្តលូតលាស់ ហើយតម្រូវការប្រចាំថ្ងៃ និងសកម្មភាពក៏ផ្លាស់ប្ដូរដែរ។ ដូចនេះហើយអត្ថបទនេះនឹងលើកឡើងពីគន្លឺះខ្លះៗសម្រាប់ម៉ាក់ប៉ាក្នុងការថែទាំកូនអាយុ ១-២ ឆ្នាំ។
របបអាហារ
យោងតាមសមាគមសុខភាពបេះដូងអាមេរិក (AHA) ចំនួនកាឡូរីដែលក្មេងត្រូវការប្រចាំថ្ងៃ គឺមានភាពខុសគ្នាទៅតាមក្មេងនីមួយៗ និងសកម្មភាពរបស់ពួកគេ។ ប៉ុន្តែ AHA បានសន្មតថាក្មេងអាចនឹងត្រូវការកាឡូរីចន្លោះពី ៩០០-១២០០ កាឡូរីក្នុងមួយថ្ងៃ។ ភាគច្រើនក្មេងអាយុ ១ ឆ្នាំត្រូវការប្រហែល ១ ០០០ កាឡូរីក្នុងមួយថ្ងៃ ហើយកាឡូរីនេះត្រូវបានបែងចែកក្នុងអាហារបីពេល និងអាហារសម្រន់ពីរពេលក្នុងមួយថ្ងៃ។ ពេលខ្លះក្មេងអាចនឹងញ៉ាំច្រើននៅពេលព្រឹក និងមិនឃ្លាននៅអាហារពេលល្ងាច ហើយនៅថ្ងៃបន្ទាប់អាចនឹងមានភាពខុសប្លែក ដែលនេះគឺជារឿងធម្មតាទេ។ ជាទូទៅ ក្មេងដែលមិនមានអាលែកហ្ស៊ីនឹងអាហារគួរមានរបបអាហារដែលមានសាច់ ពពួកសណ្ដែក គ្រាប់ធញ្ញជាតិ ទឹកដោះគោ បន្លែ និងផ្លែឈើ។
សាកលវិទ្យាល័យផ្នែកជំងឺកុមារសហរដ្ឋអាមេរិកក៏បានផ្តល់តិចនិកខ្លះ៖
- គួរឲ្យកូនផឹកទឹក ឬទឹកដោះគោ និងចៀសវាងទឹកផ្លែឈើព្រោះទឹកផ្លែឈើមានជាតិស្ករខ្ពស់
- គួរផ្តល់អាហារសម្រន់ល្អៗដូចជាផ្លែឈើស្រស់ និងផ្លែឈើក្រៀម។
ការធ្វើសកម្មភាព
ក្មេងគួរធ្វើសកម្មភាពយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ។ សកម្មភាពទាំងនេះមិនចាំបាច់ជាសកម្មភាពស្មុគស្មាញអ្វីទេ ដោយម៉ាក់ប៉ាចំណាយពេលនាំកូនចេញទៅក្រៅ ឬដើរនៅតាមសួនក៏បានដែរ។ តាមពិតទៅការធ្វើសកម្មភាពមិនមែនជារឿងពិបាកសម្រាប់ក្មេងទេ ព្រោះការលេងគឺជាការធ្វើសកម្មភាពសម្រាប់ពួកគេហើយ។ ម៉្យាងទៀតការលេងអាចជួយក្មេងឲ្យរៀនពីពណ៌ តួលេខ ការដោះស្រាយបញ្ហា និងគំនិតច្នៃប្រឌិតរបស់ពួកគេ។ ក្មេងមួយចំនួននឹងពិបាកក្នុងការឲ្យពួកគេចាប់អារម្មណ៍ និងផ្ដោតទៅលើរឿងអ្វីមួយ ប៉ុន្តែនៅពេលដែលការផ្ដោតអារម្មណ៍ និងអាកប្បកិរិយារបស់ពួកគេអាចគ្រប់គ្រងបាន នេះជាឱកាសដ៏ល្អសម្រាប់សាកល្បងសកម្មភាពថ្មីៗ។
យ៉ាងណាមិញ ក្មេងខ្លះទៀតអាចនឹងចូលចិត្តតាមម៉ាក់ ឬប៉ា ដូចនេះម៉ាក់ប៉ាអាចឲ្យពួកគេចូលរួមក្នុងសកម្មភាពខ្លះៗដែលកំពុងធ្វើដូចជាការធ្វើការងារផ្ទះ។ ការងារផ្ទះសម្រាប់ក្មេងអាចជាការរៀបចំប្រដាប់លេងរបស់ពួកគេជាដើម។
ការគេង
ម៉ាក់ប៉ាដឹងហើយថាក្មេងត្រូវការគេងច្រើន ហើយការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យក្មេងមានអារម្មណ៍មិនល្អ និងរញ៉ាំរញ៉ូវ។ ក្មេងចន្លោះអាយុនេះត្រូវការគេង១៤ម៉ោងក្នុងមួយថ្ងៃ ដូចនេះគួរឲ្យកូនគេងថ្ងៃ និងចូលគេងនៅពេលព្រលប់។ ក្មេងខ្លះអាចនឹងត្រូវការគេងថ្ងៃ២ដងក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនជាម៉ាក់ប៉ាឃើញថាកូនមិនគេងនៅម៉ោងគេងថ្ងៃរបស់ពួកគេ ឬមើលទៅមិនហត់នៅម៉ោងដដែលនោះ ក្មេងអាចនឹងត្រូវគេងថ្ងៃតែម្ដងក្នុងមួយថ្ងៃប៉ុណ្ណោះ។ ការគេងថ្ងៃរបស់ក្មេងអាចមានរយៈពេលពី ២-២ ម៉ោងកន្លះ និងការគេងពេលយប់គួរមានរយៈពេល ១២ ម៉ោង។
គ្រឿងអេឡិចត្រូនិក
ម៉ាក់ប៉ាគួរកាត់បន្ថយការប្រើគ្រឿងអេឡិចត្រូនិករបស់ក្មេងមិនថាទូរស័ព្ទ ឬទូរទស្សន៍ទេ។ ម៉្យាងទៀត ប៉ាម៉ាក់កុំបើកទូរទស្សន៍ចោលឲ្យក្មេង ព្រោះអាចប៉ះពាល់ដល់សមត្ថភាពក្នុងការរៀន។
[embed-health-tool-vaccination-tool]