backup og meta

បន្លែ ផ្លែឈើទាំងនេះ​ល្អ​ខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Aug 17, 2020

    បន្លែ ផ្លែឈើទាំងនេះ​ល្អ​ខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ

    ការ​ចាប់​ផ្តើម​ឲ្យ​ទារក​ញ៉ាំ​អាហារ​បន្ថែម ដែល​ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា​ការ​ផ្តាច់​ដោះ​ឬ​ការ​ផ្តល់​អាហារ​បន្ថែម ជា​ការ​សំខាន់​​និង​មិន​​អាច​រំលង​បាន​ក្នុង​ការលូតលាស់របស់អូន​ៗ។ ក្នុង​អំឡុង​ពេល​នេះ ​ម៉ាក់ៗ​​អាច​នឹង​ធូរ​ស្រាល​ខ្លួន​​ជាង​​មុន​​ដោយ​សារ​​មិន​​បាច់​បំបៅ​​កូន​ទៀត​​ទេ​ តែ​វា​ក៏​ស្មុគស្មាញ​ផង​ដែរ​ ដោយ​សារ​មិន​ដឹង​ថា​ត្រូវ​ឲ្យ​​កូន​ញ៉ាំ​អី ហើយ​ចៀស​វាង​អី​នោះ។ យ៉ាងណា​​បន្លែ​​និង​ផ្លែឈើ​​ដ៏​ស័ក្កិ​សម​​បំផុត​ចំនួន ៤ នេះ​គឺ​ល្អ​​ក្នុង​ការ​ចាប់​ផ្តើម​ញ៉ាំ​ដំបូងរបស់​អូនៗ​។

    ១- ផ្លែប៊ឺរ

    មាន​ពាក្យ​ដំណាល​តៗ​គ្នា​​ថា មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​សំបូរ​ខ្លាញ់​ឡើយ​ ទោះ​បី​អាហារ​នោះ​ល្អ​សម្រាប់​សុខភាព​ក៏​ដោយ។ តែ​ការ​ពិត​ទៅ ខ្លាញ់​​គឺ​ជា​ចំណែក​​មួយ​​​ដែល​​មិន​អាច​ខ្វះ​បាន​ក្នុង​របប​អាហារ​របស់​ក្មេង​ ជាពិសេស​អូន​តូច​ក្រោម​មួយ​ឆ្នាំ​នេះ​តែ​ម្តង។ ដោយ​សារ​ខ្លាញ់​នេះ​ឯង​ ជួយ​ឲ្យ​​រាងកាយ​យើង​ស្រូប​យក​ពពួក​សារធាតុ​ចិញ្ចឹម ​ដែល​រលាយ​ក្នុង​ខ្លាញ់​បាន (វីតាមីន​A វីតាមីន​C វីតាមីន​D និង​វីតាមីនE ដែល​ជួយ​ដល់​សុខភាព​ស្បែក​និង​មុខងារ​ខួរក្បាល)។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​ផ្លែ​ប៊ឺរ​​​​ស្ថិត​ក្នុង​ចំណៅម​​ផ្លែឈើ​ល្អ​បំផុត​សម្រាប់​ក្មេង​នោះ។ មិន​តែ​ប៉ុណ្ណោះ​ផ្លែប៊ឺរ​​ក៏​មាន​ពពួក​ខ្លាញ់​ល្អ​សម្រាប់​សុខភាព​ដូច​ជា monounsaturated fats និង​វីតាមីន​​E។ បន្ថែម​ពី​លើ​នេះ វា​ក៏​ផ្តល់​ឲ្យ​យើង​នូវ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀតដូច​ជា​ folate ប៉ូតាស្យ៉ូម​និង​ពពួក​វីតាមីន​ជា​ច្រើន​​ទៀត។

    ដោយ​សារ​សាច់ប៊ឺរមាន​សភាព​​ម៉ដ្ឋ​ល្អ​នៅ​ពេល​ក្រឡុក​ឬ​កិន វា​ងាយ​ក្នុង​ការ​ញ៉ាំ​សម្រាប់​ក្មេង​ដែល​ចាប់​ផ្តើម​ផ្តាច់​ដោះ​ដំបូងៗ​។ ម៉ាក់ៗ​​ក៏​អាច​ក្រឡុក​លាយ​ជាមួយ​ផ្លែឈើ​ផ្សេង​ទៀត​ដើម្បី​បង្កើន​រសជាតិ​ក៏​ដូចជា​សារធាតុ​ចិញ្ចឹម​ដល់​ក្មេង​បាន​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ 

    ២- ផ្លែចេក

    ផ្លែ​ចេក​មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព ឆ្ញាញ់​ និង​ស្រួល​យក​តាម​ខ្លួន​នោះ​ទេ ​ថែម​ទាំង​ជាជម្រើស​ល្អ​សម្រាប់​ក្មេង​តូចៗ​ទៀត​ផង។ ចេក​សំបូរ​ទៅ​ដោយ​សារធាតុ​សរសៃ វីតាមីន​B និង​ពពួក​កាបូអ៊ីដ្រាត​ដែល​ល្អ​សម្រាប់​សុខភាព​ទៀត​ផង។ ចេក​​ផ្តល់​ថាមពល​​ដល់​ក្មេង​​បាន​យូរ​ ហើយ​មិន​ធ្វើ​ឲ្យ​​ហើម​ពោះ ឬ​មិន​ស្រួល​ពោះ​អ្វី​នោះ​ឡើយ។ ផ្នែកនេះ​​ក៏​ប្រើ​ជា​មធ្យោបាយ​​ក្នុង​ការ​ការពារ​និង​ព្យាបាល​ពេល​រាករូស ​និង​ទល់​លាមក​ផង​ដែរ។

    ៣- មើម​ដំឡូងជ្វា

    ក្មេង​រឹត​តែ​ចូលចិត្ត​ដំឡូងជ្វា​ទៅ​ទៀត​ដោយ​សារ​រសជាតិ​ឆ្ញាញ់ និង​សំបូរ​សារធាតុ​ចិញ្ចឹម​ច្រើន។ មើម​ដំឡូង​ជ្វា​មាន​​ច្រើន​​ប្រភេទ​ដែល​​មាន​ពណ៌​​ផ្សេងៗ​​គ្នា​​តាំង​​ពី​ស​ ដល់​ផ្កាឈូក។ ជាទូទៅ​ដំឡូង​ផ្តល់​វីតាមីន​C វីតាមីន​B និង​ផូស្វ័រ បន្ថែម​ពីលើ​នេះ​ដំឡូង​ពណ៌​ទឹក​ក្រូច​មាន​បែតា​ការ៉ូទែន (Beta carotene ) ឯ​ពណ៌​ស្វាយ​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ទៀត។ ចំណុច​ល្អ​មួយ​ទៀត​​នោះ គឺ​ដំឡូងជ្វាមាន​រសជាតិ​ផ្អែម​ឆ្ញាញ់​ពី​ធម្មជាតិ ​ដែល​នេះ​ហើយ​​ក្មេងៗ​ចូល​ចិត្ត​ជាង​បន្លែ​ផ្សេងៗ។ ដំឡូង​​មិន​​ពិបាក​ចម្អិន​​នោះ​​ទេ និងមិន​​ប្រើពេល​​យូរ​ដែរ។ ពេល​ចម្អិន​ដំឡូន​​កិន​ឲ្យ​​ក្មេង​ញ៉ាំ ម៉ាក់ៗ​កុំ​ភ្លេច​បន្ថែម​ប្រេង​បន្តិច​ដើម្បី​ស្រូប​បាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់​​របស់​ដំឡូង​។

    ៤- ផ្កា​ខាត់ណា​ខៀវ

    ផ្កាខាត់ណាខៀវរក្សា​ដំណែង​ក្នុង​ក្រុម​អាហារ​ល្អ​សម្រាប់​ក្មេង​បាន​ជារៀង​រាល់​ឆ្នាំ។ មិន​ត្រឹម​តែ​សំបូរ​វីតាមីន និង​សារធាតុ​រ៉ែ​ទេ វា​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។ ផ្កាខាត់ណា​ខៀវ​​ជួយ​បន្សាប​ជាតិ​ពុល​​និង​បន្ថយ​​ជាតិ​​អាស៊ីត​​ក្នុង​​ខ្លួន​ក្មេង​​បាន​យ៉ាង​​ច្រើន។

    ខណៈ​ដែល​ផ្កា​ខាត់ណា​ខៀវ​ចាំបាច់​ត្រូវ​តែ​មាន​ក្នុង​អាហារ​ក្មេង តែ​វា​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​ក្មេង​ទើប​​ផ្តាច់​​ដោះ​ដំបូងៗ​​ដែរ​​។ នេះ​គឺ​ដោយ​​សារ​សារធាតុ​នីត្រាត និង​​សារធាតុ​សរសៃ​​ដែល​អាច​ធ្វើ​ឲ្យ​​ក្មេង​​ហើម​ពោះ ​និង​មិន​ស្រួល​​ក្នុង​​ពោះ​​បាន​​សម្រាប់​​ក្មេង​​តូចៗ​។ ដោយ​សារ​​គុណ​ប្រយោជន៍​​វា​ច្រើន​​ជាង​គុណ​វិបត្តិ ម៉ាក់ៗ​​គួរ​ឲ្យ​ក្មេង​ញ៉ាំ​បន្លែ​នេះ​​នៅ​ពេល​​ក្មេង​គ្រប់​​អាយុ ៨​ខែ​​ឡើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Aug 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម