ពិតណាស់ ក្មេងៗចាំបាច់ត្រូវរក្សាអនាម័យខ្លួនប្រាណ ដើម្បីទទួលបានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ។ ជាក់ស្ដែង ការរក្សាអនាម័យខ្លួនប្រាណល្អក៏ធ្វើឲ្យកុមារចេះស្រលាញ់ខ្លួនឯង និងពោរពេញទៅដោយភាពជឿជាក់ផងដែរ។
បង្រៀនឲ្យកូនចេះធ្វើអនាម័យខ្លួនប្រាណ
យើងរាល់គ្នាត្រូវការថែទាំខ្លួនប្រាណឲ្យស្អាតល្អ ដើម្បីកម្ចាត់មេរោគ និងបាក់តេរី ក៏ដូចជាជៀសផុតពីជំងឺផ្សេងៗ។ ការធ្វើអនាម័យខ្លួនប្រាណស្អាតក៏ជួយឲ្យយើងមានភាពជឿជាក់លើខ្លួនឯង ដោយកម្ចាត់ចោលបញ្ហាផ្សេងៗដូចជាមានក្លិនមាត់ និងក្លិនខ្លួនមិនល្អជាដើម។
ចំពោះកុមារ មូលដ្ឋាននៃការធ្វើអនាម័យខ្លួនប្រាណមានដូចជា៖
- លាងសម្អាតដៃ
- ខ្ទប់មាត់រាល់ពេលក្អក
- ងូតទឹកជាទៀងទាត់
- ដុសសម្អាត និងប្រើខ្សែទាក់ធ្មេញ
ប៉ាម៉ាក់គប្បីជួយណែនាំកូនឲ្យអនុវត្តទម្លាប់អនាម័យផ្ទាល់ខ្លួនល្អ ពីព្រោះថាទម្លាប់ទាំងនេះនឹងកាន់តែមានសារសំខាន់នៅពេលដែលកុមារកាន់តែធំទៅៗ និងឈានចូលដល់វ័យជំទង់។ ជាទូទៅ ការបង្រៀនក្មេងឲ្យចេះថែទាំខ្លួនប្រាណ នៅពេលដែលពួកគេចូលដល់វ័យជំទង់នឹងកាន់តែមានការពិបាកជាងមុនមិនខាន។
លាងសម្អាតដៃ
មេរោគភាគច្រើនសាយភាយតាមរយៈការប៉ះពាល់ដៃ។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីឲ្យកូនលាងសម្អាតដៃជាញឹកញាប់ ដើម្បីការពារខ្លួន និងអ្នកដទៃពីជំងឺផ្សេងៗ។
ចូរលើកទឹកចិត្តឲ្យកូនលាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹក៖
- នៅពេលដែលដៃកខ្វក់
- មុនពេលញ៉ាំអាហារ ឬរៀបចំអាហារ
- បន្ទាប់ពីប៉ះពាល់សាច់ឆៅ រួមទាំងសាច់មាន់ និងសាច់គោ
- បន្ទាប់ពីប៉ះពាល់វត្ថុរាវណាមួយ ដូចជាឈាម ទឹកនោម ឬកម្អួត
- បន្ទាប់ពីប៉ះពាល់សត្វ
- បន្ទាប់ពីញើសសំបោរ កណ្ដាស់ ឬក្អក
- បន្ទាប់ពីចេញពីបង្គន់
ងូតទឹក
កុមារត្រូវការងូតទឹកសម្អាតខ្លួនជាទៀងទាត់។ ដូចនេះ ប៉ាម៉ាក់គប្បីណែនាំឲ្យកូនងូតទឹកពីរដងក្នុងមួយថ្ងៃនៅពេលព្រឹកព្រលឹម និងនៅមុនពេលចូលគេង។
ជាមួយគ្នានេះដែរ យើងត្រូវប្រាកដថាកូនបានលាងសម្អាតខ្លួនប្រាណសព្វល្អ រួមទាំងក្លៀក និងនៅបរិវេណប្រដាប់បន្តពូជ ក៏ដូចជាគូទ ហើយពួកគេត្រូវជូតសម្អាតខ្លួនឲ្យស្ងួតល្អ មុនពេលស្លៀកសំលៀកបំពាក់។
សំលៀកបំពាក់ និងស្បែកជើង
កុមារត្រូវការផ្លាស់ប្ដូរសំលៀកបំពាក់ជារៀងរាល់ថ្ងៃ ទោះបីជាសំលៀកបំពាក់នោះមិនមានក្លិនមិនល្អក៏ដោយ និងជាពិសេសគឺខោទ្រនាប់តែម្ដង។
[embed-health-tool-vaccination-tool]