ប៉ាម៉ាក់មួយចំនួនតែងប្រើពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» ដើម្បីប្រាប់ ឬ ហាមកូនកុំឱ្យធ្វើនេះ ឬធ្វើនោះ។ តើពាក្យទាំងនេះ ជះឥទ្ធិពលអ្វីខ្លះដល់កូន? ប៉ាម៉ាក់គួរនិយាយបែបណាជំនួសវិញ?
តាមការសិក្សាបានឱ្យដឹងថា ពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» ធ្វើឱ្យកូនវង្វេង និងមិនយល់ពីអត្ថន័យដែលប៉ាម៉ាក់ព្យាយាមប្រាប់ ឬចង់ឱ្យអាអូនធ្វើអ្វីមួយ ឬកូនអាចគិតថាពាក្យទាំងនេះជាការបន្ទោស ដែលកូនធ្វើអ្វីក៏ខុស ធ្វើអ្វីក៏មិនត្រូវ ធ្វើអ្វីក៏មិនបាន ឬតែងតែធ្វើខុសជានិច្ច ទើបប៉ាម៉ាក់តែងតែ ហាម ឬបញ្ឈប់កុំឱ្យធ្វើនេះ ឬធ្វើនោះ។
យូរៗទៅ កូននឹងធ្លាក់ទឹកចិត្តដែលអាចបណ្តាលឱ្យខ្វះជំនឿចិត្ត លើខ្លួនឯង និងមានអារម្មណ៍មិនល្អចំពោះខ្លួនឯង។
លើសពីនេះទៅទៀត ពេលកូនឮពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» គ្រប់ពេលវេលា ឬញឹកញាប់ពេក កូនអាចគិតថា មិនចាំបាច់ព្យាយាមធ្វើឱ្យល្អទេ ព្រោះគង់តែប៉ាម៉ាក់ថាឱ្យ ឬបន្ទោស ឬហាមដដែលហ្នឹង។
ម្យ៉ាងទៀត ពេលអាអូនកំពុងចង់ធ្វើអ្វីមួយ ប៉ាម៉ាក់បែរជាហាមឃាត់ កូននឹងមិនសុខចិត្តទេ ដូច្នេះប៉ាម៉ាក់គួរប្រាប់ឱ្យធ្វើអ្វីដែលប៉ាម៉ាក់ចង់ឱ្យកូនធ្វើជំនួសឱ្យការ ហាម ឬបញ្ឈប់កូនពីការធ្វើអ្វីមួយ។ នេះក៏ជាវិធីដ៏ល្អក្នុងការបង្វែរអារម្មណ៍របស់កូនដែរ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ពាក្យពេចន៍ម៉ាក់ៗគួរប្រើ៖
- កុំរត់! ឬកុំរត់ប្រយ័ត្នដួលកូន! ប្តូរមកជា ដើរវិញកូនទើបអត់ដួល។
- កុំយកតុក្តតារបស់ប្អូន! ប្តូរមកជា កូនទៅរកអីផ្សេងលេងសិនទៅ ចាំប្អូនឈប់លេង ចាំកូនលេងតុក្តតាហ្នឹង។
- កុំទាត់បាល់ក្នុងផ្ទះបែករបស់របរ! ប្តូរមកជា កូនអាចទាល់បាល់នៅខាងក្រៅផ្ទះ អ៊ឹងចឹងទើបអត់បែករបស់របរក្នុងផ្ទះ!
- កុំបាចដីខ្សាច់! ប្តូរមកជា កូនអាចចាក់ខ្សាច់ចូលក្នុងធុងនេះ!
- អូនមិនអាចញុំានំពេលនេះបានទេដល់ម៉ោងញុំាបាយហើយ! ប្តូរមកជា អូនអាចញុំានំក្រោយញុំាបាយរួច។
- ឈប់រំខានម៉ាក់! ម៉ាក់កំពុងធ្វើការ។ ប្តូរមកជា ចាំបន្តិច! ម៉ាក់បង្ហើយការងារសិន ចាំម៉ាក់និយាយជាមួយកូន។
- កុំរំខានប៉ា! ប្តូរមកជា មកលេងជាមួយម៉ាក់ ប៉ាកំពុងធ្វើការ។
- ឈប់យំ! ប្តូរមកជា ប្រាប់ម៉ាក់មើល ម៉េចបានកូនយំ!
ពាក្យអវិជ្ជមានដូចជា «កុំ» «ហាម» «ឈប់» ឬ«ទេ» អាចធ្វើឱ្យអាអូនវង្វេងមិនដឹងថាធ្វើម៉េចទើបត្រូវ ឬត្រូវធ្វើអ្វីបន្ទាប់ទេ ។ ដូច្នេះប៉ាម៉ាក់គួរប្រើភាសាវិជ្ជមាន ដើម្បីប្រាប់អាអូនឱ្យធ្វើអ្វីដែលប៉ាម៉ាក់ចង់ឱ្យកូនធ្វើ។ ការធ្វើបែបនេះអាចឱ្យកូនធ្វើតាមតាមសម្រួល និងបង្កើនទំនាក់ទំនងល្អរវាងប៉ាម៉ាក់ និងកូន។
[embed-health-tool-vaccination-tool]