ប៉ាម៉ាក់អាចចម្លែកចិត្តបើយើងមិនដែលប្រើពាក្យអាក្រក់ អសុរោះ ឬពាក្យជេរ នៅក្នុងគ្រួសារ តែកូនតូចរបស់យើងបែរជាចេះជេរយើង ឬអ្នកដទៃទៅវិញ។ ធម្មតាក្មេងអាចមិនដឹងថាពាក្យដែលគេកំពុងប្រើជាពាក្យអាក្រក់ ឬជាពាក្យក្នុងន័យជេរ នរណាម្នាក់នោះទេ ទំនងជាគេគិតថាជាពាក្យថ្មី ឬទើបបានឮ ហើយក៏យកមកប្រើ។ ដូចនេះ ប៉ាម៉ាក់ត្រូវដឹងតិចនិកមួយចំនួននេះដើម្បីអប់រំកូនកុំឲ្យប្រើពាក្យមិនល្អ អសុរោះទាំងនេះ។
១.កុំទាន់ប្រតិកម្មនឹងកូនភ្លាមៗ
ពេលកូនយើងប្រើពាក្យជេរ ឬអសុរោះក្នុងកាលៈទេសៈណាមួយ ទំនងជាកូនគិតថា៖
- វាជាពាក្យថ្មី កំប្លែង គួរឲ្យចង់និយាយ
- កូនអាចបង្ហាញពីអារម្មណ៍ខឹង ដោយបានឃើញមនុស្សធំធ្វើដូចនេះពេលមានអារម្មណ៍មិនល្អ ឬខឹង។
- កូនចង់បានការយកចិត្តទុកដាក់ពីមនុស្សធំ
បើកូនយើងប្រើពាក្យមិនសមរម្យ អសុរោះដើម្បីបានការយកចិត្តទុកដាក់ ម៉ាក់ៗកុំទាន់ឆ្លើយតបទៅកូនភ្លាមៗ ការធ្វើដូចនេះអាចធ្វើឲ្យកូនឈប់និយាយពាក្យមិនល្អទៀត និងធ្វើឲ្យកូនដឹងថាការប្រើពាក្យមិនល្អ មិនមែនជាវិធីទទួលបានការចាប់អារម្មណ៍នោះទេ។
២. សួរកូនដោយចិត្តត្រជាក់ថាម៉េចបានប្រើពាក្យនេះ?
បន្ទាប់ពីយើងធ្វើមិនដឹងមិនឮនឹងពាក្យនេះរួចហើយ យើងក៏គួរចាប់ផ្ដើមសួរកូនថាហេតុអ្វីបានជាកូននិយាយពាក្យមិនល្អទាំងនេះ។ ប៉ាម៉ាក់កុំសួរសំណួរដោយត្រង់ៗពេកអី ដោយអាចសួរកូនថា «កូនមានអារម្មណ៍យ៉ាងម៉េច បានជានិយាយពាក្យមិនល្អចេញមក?»
ចម្លើយរបស់កូនអាចនឹងថាព្រោះតែគិតថាគេចូលចិត្តពាក្យហ្នឹង ស្ដាប់ទៅដូចចង់និយាយតាម ឬក៏គេមានអារម្មណ៍ខឹងជាដើម។
៣. ទទួលយកចម្លើយរបស់កូន និងផ្ដល់ដំណោះស្រាយ
បន្ទាប់ពីដឹងពីមូលហេតុដែលកូននិយាយពាក្យមិនល្អហើយ យើងគួរតែរកវិធីប្រាប់កូនឲ្យចេះប្រើពាក្យសមរម្យនិយាយជំនួសវិញ។
បើសិនជាកូនគិតថាពាក្យ ជេរ អសុរោះ ជាពាក្យគួរឲ្យចង់និយាយ យើងគួរតែប្រាប់កូនថាពាក្យទាំងនោះជាពាក្យសម្រាប់តែមនុស្សធំប្រើប៉ុណ្ណោះ។ ត្រង់ចំណុចនេះ យើងមិនបាច់ពន្យល់វែងឆ្ងាយក៏បាន ព្រោះថាក្មេងតូចៗមិនសូវជាយល់បានច្រើនទេ បើយើងពន្យល់ស្មុគស្មាញពេក។
ប៉ុន្តែបើកូនយើងប្រើពាក្យ ជេរ ព្រោះតែពួកគេខឹង យើងគូរលើកទឹកចិត្តឲ្យកូននិយាយពាក្យសមរម្យជំនួសវិញ ដោយអាចប្រាប់ថាពេលកូនខឹង កូនគួរនិយាយ «ខ្ញុំមានអារម្មណ៍ខឹង ព្រោះ…» ជាដើម។
ដោយឡែកបើកូនប្រើពាក្យមិនល្អ ឬជេរនរណាម្នាក់ យើងក៏ត្រូវតែប្រាប់កូនកុំឲ្យនិយាយពាក្យនេះដែរ ដោយអាចពន្យល់កូនថាការជេរ ឬប្រើពាក្យអសុរោះលើអ្នកដទៃ ស្មើនឹងយើងធ្វើឲ្យគេឈឺចាប់ ជាដើម។
៤. ហាមប្រើពាក្យអសុរោះក្នុងផ្ទះ
កូនតូចអាចនឹងងាយស្រួលណែនាំមិនឲ្យនិយាយពាក្យអសុរោះ បើនៅក្នុងផ្ទះមានទម្លាប់មិននេះនិយាយពាក្យទាំងនេះ មិនថាចាស់ ឬក្មេង។ មួយវិញទៀត យើងអាចប្រាប់កូនពីពាក្យអសុរោះមួយចំនួនដែលកូនបានឮពីខាងក្រៅ ឬពាក្យអសុរោះផ្សេងទៀត ដល់កូនបានដឹង និងប្រាប់កូនមិនឲ្យប្រើពាក្យទាំងនេះ មិនថានៅទីណាក៏ដោយ។
៥. លើកសរសើរកូន
ប៉ាម៉ាក់កុំភ្លេចនិយាយសរសើរកូន នៅពេលណាមួយកូនចេះប្រើពាក្យសមរម្យក្នុងការបង្ហាញអារម្មណ៍។ យើងត្រូវពន្យល់កូនបន្ថែមដែរ ថាកូនអាចនិយាយពាក្យសមរម្យ ដើម្បីបង្ហាញអារម្មណ៍បាន មិនមែនមានតែពាក្យអសុរោះនោះទេ ពេលយើងចង់បង្ហាញអារម្មណ៍ក្រោធខឹងចេញមកក្រៅនោះ។
[embed-health-tool-vaccination-tool]