ក្មេងណាក៏ដូចក្មេងណាដែរ ចូលចិត្តញ៉ាំតែសាច់ មិនចង់ ឬមិនចេះញ៉ាំបន្លែទេ ជាប់បន្លែតិចតួច រើសចេញអស់។ ចំពោះម៉ាក់ប៉ាដែលមានកូនមិនចេះញ៉ាំបន្លែ អាចសាកល្បងធ្វើតាមតិចនិកមួយចំនួនខាងក្រោមនេះ ដែលណែនាំដោយលោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យ កុមារជាតិ។
១- នាំកូនដើរផ្សារទិញបន្លែ ត្រី សាច់
ការនាំកូនទៅផ្សារធម្មតា ឬផ្សារទំនើប ទិញត្រី សាច់ ស៊ុត បន្លែ សម្រាប់ចម្អិនអាហារ ធ្វើឲ្យកូនមានឱកាសជ្រើសរើសប្រភេទអាហារដែលគេចូលចិត្ត។ ពេលកំពុងដើរផ្សារ ម៉ាក់ៗអាចប្រាប់កូនពីឈ្មោះបន្លែនីមួយៗ អត្ថប្រយោជន៍របស់វា ពេលខ្លះគេមិនចេះញ៉ាំ ឬមិនដែលញ៉ាំមែន តែពេលឃើញពណ៌ រូបរាង និងសារសំខាន់របស់វា អាចឲ្យគេសាកល្បងញ៉ាំបន្លែទាំងនោះ។
អត្ថបទពាក់ព័ន្ធ៖
- នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត
- អាហារទាំងនេះ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ!
២- ឲ្យកូនជួយបេះ ឬលាងបន្លែ
មិនចប់នោះទេ បន្ទាប់ពីនាំកូនដើរផ្សាររួច ពេលមកដល់ផ្ទះវិញ ម៉ាក់ៗត្រូវនាំកូនរៀបចំបេះបន្លែ និងលាងសម្អាតបន្លែជាមួយគ្នា ទោះជាកូនប្រុស ឬស្រីក៏ដោយ។ ធ្វើបែបនេះ កូនៗនឹងសប្បាយចិត្ត ចង់ញ៉ាំរបស់ដែលគេបានធ្វើដោយផ្ទាល់ដៃ តើវាមានរសជាតិបែបណា?
៣- ឲ្យកូនមើល ឬរៀនចម្អិនម្ហូប
ចុងក្រោយបំផុត ម៉ាក់ៗត្រូវឲ្យកូនមើល ឬរៀនពីរបៀបចម្អិនម្ហូបជាមួយបន្លែដែលគេបានទៅទិញ និងលាងសម្អាតនោះ ប៉ុន្តែត្រូវឲ្យមានការប្រុងប្រយ័ត្នចំពោះកូនកុំឲ្យមានការរលាក ឬរបួស។ ពេលម្ហូបឆ្អិនរួចរាល់ នោះកូនច្បាស់ជាសាកល្បងញ៉ាំម្ហូបអាហារស្នាដៃរបស់គេ ដោយមិនខ្វល់ពីរឿងមានបន្លែ ឬអត់មានបន្លែនោះទេ ទោះជាញ៉ាំដំបូងៗក្មេងរាងស្ទាក់ស្ទើរ តែគេពេញចិត្តនូវអ្វីដែលបានធ្វើ យូរៗទៅគេនឹងញ៉ាំបន្លែដោយមិនបាច់បង្ខំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]