តាម CDC របស់អាមេរិកឲ្យដឹងថា រាងកាយកូនក្មេងអាចទប់ទល់នឹងវីរុសកូវីដ-១៩ បានល្អជាងរាងកាយមនុស្សធំ ហើយវីរុសកូវីដ-១៩ ក៏អាចធ្វើទុក្ខលើកូនក្មេងខ្លាំងដូចមនុស្សធំ រហូតគំរាមកំហែងដល់ជីវិត។ ពេលក្មេងឆ្លងជំងឺកូវីដ-១៩ អាអូនខ្លះចេញរោគសញ្ញាតិច ខ្លះទៀតស្ទើរតែគ្មានរោគសញ្ញាឲ្យដឹងផង។ ប៉ុន្តែក្នុងករណីមួយចំនួន ពេលអាអូនកើតជំងឺកូវីដ-១៩ ហើយ អាចវវិត្តទៅជាជំងឺរលាកពហុប្រព័ន្ធ (MIS-C) គ្រោះថ្នាក់ដល់សុខភាព។
អ្វីទៅជាជំងឺរលាកពហុប្រព័ន្ធ (MIS-C) លើក្មេង?
ជំងឺរលាកពហុប្រព័ន្ធ ឬរលាកគ្រប់ប្រព័ន្ធទាំងអស់ក្នុងរាងកាយ ជាជំងឺកម្រមួយដែលអាចបណ្ដាលឲ្យក្មេងកើតជំងឺនេះធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ ជំងឺ MIS-C នេះ ស្រដៀងនឹងជំងឺកាវ៉ាសាគី (Kawasaki Disease) ដែលអាចធ្វើឲ្យសរសៃឈាមរលាក បណ្ដាលឲ្យខូចបេះដូង។
កុមារដែលមានជំងឺ MIS-C ភាគច្រើនគ្រុនក្តៅ (សីតុណ្ហភាព ៣៨ អង្សាសេ ឬខ្ពស់ជាងនេះ) មានរយៈពេលច្រើនថ្ងៃ រួមជាមួយរោគសញ្ញាផ្សេងទៀត។ រោគសញ្ញាទូទៅផ្សេងទៀតរួមមាន៖
- ឆាប់ខឹង ឬមិនសូវលេងច្រើនដូចធម្មតា
- ឈឺចុកពោះ
- រាករូស
- ក្អួត
- ឡើងកន្ទួលក្រហម
- ភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម
- មិនសូវញ៉ាំអាហារ
- មាត់ឡើងក្រហម ហើយប្រេះ ឬអណ្ដាតឡើងពកៗដូចផ្លែស្ដ្រប៊ើរី
- ហើមដៃ ជើង (ស្បែកអាចមានពណ៌ក្រហម)។
ជំងឺ MIS-C នេះ មិនឆ្លងទេ ប៉ុន្តែក្មេងដែលមានរោគសញ្ញាទាំងនេះអាចមានជំងឺកូវីដ -១៩ ឬជំងឺឆ្លងផ្សេងទៀតដែលអាចចម្លងទៅអ្នកដទៃបាន។ ម៉ាក់ប៉ា ឬអ្នកថែទាំគួរតែមានការប្រុងប្រយ័ត្ន ដើម្បីការពារការរីករាលដាលពីជំងឺកូវីដ-១៩ រហូតកើតជំងឺរលាកពហុប្រព័ន្ធនេះ។
បន្ថែមពីលើនេះ ប្រសិនបើកូនក្ដៅខ្លួនលើសពី ២-៣ថ្ងៃ មិនព្រមបាត់ គួរយកកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញក្មេងឲ្យបានឆាប់ទើបល្អ ចៀសវាងអាអូនអាចធ្លាក់ខ្លួនឈឺជំងឺធ្ងន់ធ្ងរ។
[embed-health-tool-vaccination-tool]