ស្របគ្នាជាមួយការពាក់ម៉ាស និងរក្សាគម្លាត ការលាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ និងទឹកស្អាត ជាវិធីចាំបាច់សម្រាប់ការពារយើងឆ្លងវីរុសកូវីដ-១៩ ដែលនេះជាការណែនាំពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។ ប៉ុន្តែ ចំពោះការឲ្យអាអូនតូចៗប្រើអាល់កុល ឬជែលលាងដៃ ត្រូវបានអ្នកជំនាញអះអាងថា មិនមានសុវត្ថិភាពចំពោះក្មេង និងមិនគួរឲ្យក្មេងប្រើទេ។
ហេតុអ្វីបានទារក និងកូនក្មេងមិនអាចប្រើអាល់កុល ឬជែលលាងដៃបាន?
វាជារឿងចាំបាច់ដល់ម៉ាក់ប៉ាគួរដឹងថា យើងមិនគួរឲ្យកូនតូចយើងប្រើ ឬលេងជាមួយជែល ឬអាល់កុលលាងដៃទេ។ ព្រោះកូនក្មេងអាចពុលនឹងជាតិអាល់កុលផ្ទុកក្នុងជែលលាងដៃបាន ពិសេសបើអាអូនជ្រុលផឹកអាល់កុលនោះ។ នេះបើតាមការលើកឡើងរបស់ American Academy of Pediatrics (AAP)។
យោងតាមលោកស្រី Patricia Garcia ឯកទេសជំងឺកុមារនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារ Connecticut នៃសហរដ្ឋអាមេរិក ឲ្យដឹងថា សូម្បីតែកូនក្មេងដាក់ដៃចូលមាត់ ឬបៀមដៃក្រោយពេលលាងដៃហើយអាចបណ្ដាលឲ្យក្មេងពុលនឹងអាល់កុលបាន ពិសេសបើកូនដាក់ដៃចូលមាត់ពេលដៃនៅសើមពីជាតិអាល់កុលនោះ។
ជែល ឬទឹកអាល់កុលលាងដៃខ្លះផលិតឡើងសម្រាប់កុមារប្រើ ក៏ប៉ុន្តែភាគច្រើនវាមិនមានផ្ទុកជាតិអាល់កុលទេ ជាហេតុបណ្ដាលឲ្យវាគ្មានប្រសិទ្ធភាពទប់ទល់នឹងពពួកបាក់តេរី និងវីរុសផ្សេងៗរួមទាំងវីរុស SARS-CoV-2 ដែរ។ បន្ថែមពីលើនេះ ជែល ឬទឹកអាល់កុលសម្រាប់កុមារមានផ្ទុកសារធាតុ Benzalkonium chloride ដែលអាចធ្វើឲ្យពុលបានបើលេបចូលក្នុងខ្លួន។
AAP បានឲ្យទៀតថា កូនក្មេងមានអាយុលើ២៤ខែ អាចប្រើជែល ឬអាល់កុលលាងដៃបាន ប៉ុន្តែក្នុងលក្ខខណ្ឌដែលម៉ាក់ប៉ាអាចចាំឃ្លាំមើលកូនបានដិតដល់។ ផ្ទុយទៅវិញ បើតាមលោកស្រី Patricia Garcia ក្មេងៗដែលមានអាយុក្រោម៥ឆ្នាំត្រូវឃ្លាំមើលឲ្យបានដិតដល់មែនទែន រាល់ពេលប្រើជែល ឬអាល់កុលលាងដៃរួច ដើម្បីចៀសវាងអាអូនបៀមដៃ បណ្ដាលឲ្យពុលបាន។
បើយើងចង់ការពារកូនពីបញ្ហាពុលអាល់កុលដោយសារលាងដៃសម្អាត វិធីដែលមានសុវត្ថិភាពនោះគឺ លាងសម្អាតដៃកូនជាមួយសាប៊ូ និងទឹកស្អាត រួចជូតសម្អាតដៃកូនជាមួយកន្សែង ឬក្រដាសស្អាត។ ធ្វើបែបនេះ យើងមិនសូវបារម្ភពីបញ្ហាកូនពុលជាតិអាល់កុលទេ។
[embed-health-tool-vaccination-tool]