ជំងឺអុតស្វាយ ជាជំងឺនៅលើស្បែក ដែលមនុស្សគ្រប់រូបត្រូវតែកើតវាម្ដង។ បើទោះជាវាកើតនៅលើស្បែកក៏ពិតមែន តែអុតស្វាយផ្ដល់ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើកើតលើកុមារដែលមានប្រព័ន្ធភាពស៊ាំខ្សោយ គ្មានអង់ទីក័រការពារពីម្តាយ និងអ្នកមិនបានចាក់វ៉ាក់សាំងការពារ។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ជំងឺអុតស្វាយបណ្ដាលមកពីមេរោគឈ្មោះ Varicella Zoster ដែលបង្កឲ្យមានពងបែកនៅលើស្បែក។ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវនោះនឹងកើតមានផលវិបាកច្រើនដូចជា ដំបៅស្បែកក្លាយជាធ្ងន់ធ្ងរពេលមានឆ្លងមេរោគពីខាងក្រៅបន្ថែម រលាកសួត រលាកខួរក្បាល ក្ដៅខ្លួនខ្លាំង ចេញពងបែកច្រើន ឬមានការហូរឈាមតាមពងបែក រហូតប៉ះពាល់សរីរាង្គសំខាន់ៗដទៃទៀតដូចជា រលាកថ្លើម ខួរក្បាល កកឈាមក្នុងសរសៃឈាម ពិការអវយវៈ ឬបញ្ញាស្មារតីជាដើម។
ទោះជាយ៉ាងណាវេជ្ជបណ្ឌិតរូបនោះបានបញ្ជាក់ថា ជំងឺរលាកស្រោមខួរ អាចបណ្ដាលមកពីមេរោគជាច្រើនផ្សេងៗគ្នា មិនមែនកើតអុតស្វាយសុទ្ធតែនាំឲ្យរលាកខួរក្បាលនោះទេ ហើយវ៉ាក់សាំងដែលយើងយកកូនទៅចាក់តាមការកំណត់របស់រដ្ឋនោះក៏មិនមែនការពាររលាកស្រោមខួរ គ្រប់មុខនោះទេ។ គ្រាន់តែការចាក់វ៉ាក់សាំង ពិតជាអាចការពាររលាកខួរក្បាលដែលបង្កពីមេរោគអុតស្វាយបានពិតមែន។
គ្រូពេទ្យឯកទេសជំងឺទូទៅរូបនោះ បន្តទៀតថា បើនិយាយពីអត្ថប្រយោជន៍វ៉ាក់សាំងអុតស្វាយវិញ គឺអាចការពារ រលាកសួត រលាកខួរក្បាល និងស្រោមខួរក្បាល ព្រោះកោសិកាខួរក្បាលតែងប៉ះពាល់ ហើយវាមិនអាចមកដូចដើមបានទេ។ ក្រៅពីនោះបើចាក់ហើយចេញ ក៏ស្បែកគ្មានសភាពធ្ងន់ធ្ងរ ឬចេញក្ដាំងសុសសាច់ដែរ។
ដូចនេះហើយម៉ាក់ប៉ាគួរតែគិតគូរចំពោះការចាក់វ៉ាក់សាំង ឬមិនដូច្នោះទេគួរតែឲ្យកូនញ៉ាំអាហារដែលសម្បូរជីវជាតិ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរឹងមាំ ទើបជំងឺអស់នោះមិនផ្ដល់ផលអាក្រក់ចំពោះសុខភាព។
[embed-health-tool-vaccination-tool]