គ្នាយើងដឹងស្រាប់ហើយថា ក្មេងងាយឈឺណាស់ ជាពិសេសនោះគឺក្ដៅខ្លួន ផ្ដាសាយជាដើម។ អាការៈក្ដៅខ្លួន ជាសញ្ញាទូទៅមួយដែលអាអូនតូចៗ ឧស្សាហ៍កើតមានញឹកញាប់ ប៉ុន្តែបើសិនជាម៉ាក់ប៉ាសង្កេតឃើញថា កូនក្ដៅខ្លួន រួមផ្សំជាមួយការដង្ហក់ ពិបាកដកដង្ហើម ពេទ្យថា អាអូនអាចកើតជំងឺប្រភេទផ្លូវដង្ហើមហើយ។
“បើអាអូនក្ដៅខ្លួន បូកផ្សំជាមួយនឹងការដកដង្ហើមញាប់ៗ អាចជាសញ្ញាបញ្ជាក់ថា អាអូនកើតជំងឺហឺត រលាកសួត ឬជំងឺរលាកទងសួត។ “នេះបើតាមការឲ្យដឹងរបស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ។
ប៉ុន្តែ នៅពេលដែលក្ដៅខ្លួន មិនថាក្មេង ឬក៏មនុស្សចាស់ទេ រាងកាយរបស់យើងនឹងធ្វើការសម្របសម្រួលជាមួយកម្ដៅរាងកាយ ដែលវាបណ្ដាលឲ្យដង្ហើមក៏ញាប់ និងបេះដូងក៏លោតញាប់ដូចគ្នា។ ដូចនេះហើយ ក្នុងពេលដែលក្ដៅខ្លួន គ្រូពេទ្យត្រូវពិនិត្យជាចាំបាច់ថា តើដង្ហើមញាប់ដោយសារក្ដៅខ្លួនតែមួយមុខ ឬក៏មានឈឺជំងឺផ្សេងៗដែរឬក៏អត់។ ឧទាហរណ៍. ក្ដៅខ្លួនដោយសាររាក ក្ដៅខ្លួនដោយសារជំងឺរលាកបំពង់កជាដើម។
កាលណាបើកូនក្ដៅខ្លួន យើងជាម៉ាក់ប៉ាត្រូវរកមួលហេតុឲ្យបានច្បាស់ថា កូនក្ដៅខ្លួនដោយសារអ្វីឲ្យប្រាកដ ព្រោះជួនកាលការក្ដៅខ្លួនមិនមែនបង្កឡើងដោយមេរោគអីទេ។ ជួនកាលការក្ដៅខ្លួនរបស់អាអូនតូចៗមិនមែនជាសញ្ញានៃការកើតជំងឺទេ ព្រោះពេលខ្លះ អាអូនអាចឡើងកម្ដៅខ្លួនដោយសារការស្លៀកពាក់ឃ្លុំ ហប់ពេក ឬមួយឡើងកម្ដៅខ្លួនបន្ទាប់ពីរត់លេង ក្រោមកម្ដៅថ្ងៃ។
លោកស្រីវេជ្ជបណ្ឌិតរោគកុមាររូបនេះបញ្ជក់ថា បើយើងមើលទៅឃើញថា អាអូនក្ដៅខ្លួនដោយសារឈឺជំងឺអ្វីមួយ នោះសីតុណ្ហភាពខ្លួនកូននឹងឡើងដល់ ៣៨ អង្សារសេ ឬលើសហ្នឹង ព្រោះជាទូទៅ សីតុណ្ហភាពក្នុងខ្លួនយើងគឺ ៣៧-៣៧.៥អង្សារសេ (សីតុណ្ហភាពធម្មតា) កាលណាបើយើងក្ដៅខ្លួនគឺសីតុណ្ហភាពនឹងឡើងចាប់ពី ៣៨ អង្សារសេ ទៅ។
[embed-health-tool-vaccination-tool]