ជំងឺរលាកស្រោមខួរលើកុមារមានដល់ទៅ ៥ ប្រភេទ ក្នុងនោះរួមមានជំងឺរលាកស្រោមខួរបណ្តាលមកពីវីរុស បាក់តេរី មេរោគផ្សិត ប៉ារ៉ាស៊ីត និងជំងឺរលាកស្រោមខួរមិនមែនបណ្តាលមកពីមេរោគ។ ដ្បិតជំងឺរលាកស្រោមខួរក្បាលអាចព្យាបាលជាសះស្បើយ តែក៏អាចបង្កផលវិបាកធ្ងន់ធ្ងរដល់ក្មេងដែរ ហើយក្នុងនោះជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាក់តេរីខ្លះអាចការពារបានដោយការចាក់វ៉ាក់សាំងការពារ។
ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរក្បាលនៅពេលណាខ្លះ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា នៅក្នុងកម្មវិធីជាតិចាក់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានផ្តល់វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរក្បាលដោយឥតគិតថ្លៃដល់ទៅ ៣ មុខ ឯណោះ ។
១. វ៉ាក់សាំងការពារមេរោគ ភ្នើម៉ូកូក (Streptococcus pneumoniae)៖ ចាក់នៅពេលទារកអាយុបាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។
២. វ៉ាក់សាំងការពារមេរោគអេម៉ូហ្វីលីស (Hib)៖ ចាក់នៅពេលទារកអាយុបាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។
៣. វ៉ាក់សាំងរលាកខួរក្បាល ជេអ៊ី៖ ចាក់នៅពេលទារកអាយុបាន ៩ ខែ។
ដោយឡែក ក្រោយពេលកូនតូចចាក់វ៉ាក់សាំងរួច អ្នកគ្រូពេទ្យ ពុំ ច័ន្ទ អនុប្រធានមណ្ឌលសុខភាព ទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល បានប្រាប់ពីវិធីថែទាំកន្លែងចាក់វ៉ាក់សាំងកូន ដើម្បីការពារកុំឲ្យហើម ឬបង្កទៅជាខ្ទុះដុំៗ ដូចខាងក្រោមនេះ។
– កុំឆាប់បកបង់បិទកន្លែងចាក់ថ្នាំ ព្រោះអាចបណ្ដាលឲ្យហូរឈាម ហើយក៏មិនគួរទុកយូរពេកដែរ យ៉ាងយូរកន្លះម៉ោងក្រោយចាក់។
– កុំយកដៃទៅស្ទាបអង្អែលកន្លែងចាក់ថ្នាំ ព្រោះធ្វើឲ្យមុខរបួសកាន់តែហើម និងបង្កទៅជាឆ្លងមេរោគដោយសារដៃមិនស្អាត។
– ហាមយកប្រេងកូឡាទៅលាបកន្លែងចាក់ថ្នាំ ព្រោះវាមានសារធាតុក្ដៅនាំឲ្យមុខរបួសទៅជាហើម។
– ថ្ម បាយ ឬពងទាក្ដៅ ហាមយកទៅស្អំកន្លែងចាក់ថ្នាំ។
– អាចយកកៅអៀកបញ្ចុះកម្ដៅបិទកន្លែងចាក់ថ្នាំបាន ដើម្បីកុំឲ្យមុខរបួសឡើងហើម ឬក្មេងយកដៃទៅប៉ះចុះឡើង។
– បើកន្លែងចាក់ថ្នាំមានលេចចេញដូចពងបែក កុំច្របាច់ កុំជោះ ឬធ្វើអ្វីឲ្យបែកពងនោះឲ្យសោះ ព្រោះអាចឆ្លងមេរោគ។
– ប្រសិនបើមានឆ្លងមេរោគក្លាយជាដំបៅហើយ ត្រូវប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យភ្លាម ដើម្បីព្យាបាលជាបន្ទាន់។
[embed-health-tool-vaccination-tool]