រវល់នឹងការងារផង បូករួមទាំងភារៈមើលថែទាំ ចិញ្ចឹម និងអប់រំកូនទៀត ទម្រាំក្លាយជាអ្នកម្តាយឆ្លាតវៃម្នាក់ ទាមទារឲ្យស្រីៗលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត រូបសម្រស់ ដើម្បីតែកូន។
ឆ្លងកាត់ការធ្វើបទសម្ភាសជាមួយអ្នកម្ដាយប្រមាណជា ១០ រូប អំពីបទពិសោធដើម្បីក្លាយជាអ្នកម្ដាយដ៏ឆ្លាតវៃ ត្រូវមានប៉ុន្មានចំណុចខាងក្រោមនេះ៖
១- ភាពអត់ធ្មត់
ចិញ្ចឹមកូនមិនមែនជារឿងងាយនោះទេ ត្រូវចំណាយពេលយូរ និងការអត់ធ្មត់ខ្លាំងបំផុត ព្រោះនៅតូចពេក កូនមិនអាចយល់ពីអ្វីដែលយើងនិយាយ ឬចង់បាននោះទេ ចង់បាន ដឹងតែបានហ្នឹង តែបើមិនបាន យំឡាំប៉ាមិនខាន។ ដល់ពេលគេធំបន្តិច ចេះនិយាយ ចេះដើរ អាចស្ដាប់ពាក្យសម្ដីយើងបាន តែចចេសរឹងរូស ធ្វើតាមចិត្តគេចង់បាន អ៊ីចឹងបើម៉ាក់ៗខ្វះភាពអត់ធ្មត់ ប្រៀបបាននឹងបោះបង់កូន ឲ្យកូនកាច់ចង្កូតទៅដោយខ្លួនឯង។
២- មានពេលវេលាសម្រាប់កូន
យើងដឹងហើយថា កូនៗត្រូវការភាពកក់ក្ដៅ ត្រូវការថ្នាក់ថ្នម ដែលនៅក្នុងសង្គមខ្មែរ ម្ដាយជាអ្នកដែលនៅកៀកកិត និងចំណាយពេលជាមួយកូនច្រើនជាងឪពុក ដោយទំនាក់ទំនងកូនជាមួយម្ដាយមានតាំងពេលគេម៉ឹមដោះម្ដាយម៉្លេះ។ បែបនេះហើយ ទោះជាម៉ាក់ៗរវល់យ៉ាងណា ក៏ឆ្លៀតចំណាយពេលជាមួយកូនឲ្យបានច្រើន ដើម្បីអប់រំ ណែនាំគេឲ្យក្លាយជាកូនល្អ សិស្សល្អ ក្មេងល្អ។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ
៣- ធ្វើជាគំរូដល់កូន
គេបានប្រៀបធៀបកូនក្មេងទៅនឹងក្រដាសសស្អាត មើលឃើញអី ធ្វើហ្នឹងហើយ បែបនេះយើងជាម្ដាយចាំបាច់ត្រូវតែធ្វើជាគំរូដល់កូនជាមុន មិនត្រូវឈ្លោះប្រកែកគ្នានៅមុខកូនទេ។ ការធ្វើបែបនេះ កូននឹងចាប់ផ្ដើមរៀនសូត្រពីគំរូរបស់ម៉ាក់ ធ្វើតាមម៉ាក់ៗនូវរឿងល្អៗ ពេលធំឡើង គេនឹងមានទម្លាប់ល្អ ម៉ាក់ៗមិនចាំបាច់ចំណាយពេលច្រើនដើម្បីកាច់ចង្កូតកូនឡើយ។
៤- ដឹងរបៀបចិញ្ចឹមកូន
គ្រប់គ្នាដឹងហើយថា ចិញ្ចឹមកូនមិនមែនជារឿងងាយនោះទេ កូនមានសុខភាពល្អ ឆ្លាត ទាល់តែមានម៉ាក់ឆ្លាត និងប៉ិនប្រសប់ដែរ។ ម៉ាក់ៗឆ្លាតយ៉ាងម៉េច គឺដឹងពីរបៀបថែទាំកូន ដឹងពីរបៀបជ្រើសរើសអាហារដែលអាចបំប៉នរាងកាយកូនរឹងមាំ ខួរក្បាលឆ្លាតវៃ ឆ្អឹងរឹងមាំ ហើយបើកូនបៅទឹកដោះគោ ត្រូវចេះសួរនាំ ឬជ្រើសរើសប្រភេទដែលមានសារធាតុបំប៉នឲ្យខួរក្បាលឆ្លាត (DHA) ព្រោះខួរក្បាលក្មេងលូតលាស់ខ្លាំងនៅប៉ុន្មានឆ្នាំដំបូង ហើយបើយឺតពេល ពិបាកបន្តិចហើយ។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?
- តិចនិកសាមញ្ញៗជួយឲ្យកូនរឹងមាំ មិនឈឺផ្ដេសផ្ដាស
៥- ផ្ដល់ការគាំទ្រ និងក្តីស្រលាញ់ឲ្យកូន
ក្មេងត្រូវការក្តីស្រលាញ់ និងកម្លាំងចិត្តពីយើងគ្រប់ពេល ដូចនេះម៉ាក់ដ៏ល្អ ចាំបាច់ត្រូវតែផ្ដល់ក្ដីស្រលាញ់ដោយគ្មានលក្ខខណ្ឌ ឯការគាំទ្រ និងលើកទឹកចិត្ត ក៏ត្រូវផ្ដល់ឲ្យកូន ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ ពេលកូនធ្វើអ្វីមួយមិនបានល្អ គួរលើកទឹកចិត្តកូន ឲ្យកូនខំប្រឹងបន្តទៀត ឬកែប្រែនូវអាកប្បកិរិយាឆ្គាំឆ្គង មិនត្រូវស្តីបន្ទោស ស្រែកគំហក ជេរស្ដីដោយពាក្យអសុរោះ ឬវាយដំនោះឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]