បើតាមចាស់ៗតែងនិយាយថា ពេលកូនចេះអ្វីមួយតែងរមាក (រាក) ដូចជាពេលចេះអង្គុយ ចេះនិយាយ ចេះឈរ ជាដើម។ តើនោះពិតជាមកពីដល់វ័យ ទើបកូនបែរជារមាក ឬរាក បែបនោះមែន?
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ឲ្យដឹងថា មិនមែនមកពីចេះអ្វីមួយ កូនត្រូវតែធ្វើទុក្ខរាក រមាក ក្ដៅខ្លួនអ្វីនោះទេ។ ប៉ុន្តែកូនរាកកើតឡើងដោយសារកូនចូលដល់វ័យ ៦ ខែ ចេះវា ចេះក្រឡាប់ ចាប់បានរបស់មិនល្អដាក់ចូលក្នុងមាត់មៀមលេង ដូចនេះហើយ ទើបមានឆ្លងមេរោគចូលទៅក្នុងពោះ។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបានបន្ថែមទៀតថា កាលកូននៅតូចនៅតែមួយកន្លែង មិនទាន់ចេះក្រឡាប់ វា មិនទាន់ចេះចាប់កាន់អ្វី ក្មេងក៏មិនមិនងាយប្រឈមនឹងការឆ្លងមេរោគផ្សេងៗឡើយ។
ងាកមកមើលសង្កេតសកម្មភាពកូនវិញ នៅពេលដែលចេះវា ចេះលូន ប្រាកដជាមិននៅមួយកន្លែង ហើយយើងក៏មិនប្រាកដថា សម្ភារៈជុំវិញខ្លួនកូនបានសម្អាតស្អាតទាំងអស់គ្មានធូលីដីហុយមកទុំ ឬសត្វល្អិតដែលចម្លងមេរោគដូចជារុញ មិនបានទុំកន្លែងកូនរស់នៅណាស់។
ដូចនេះហើយបានជាក្មេងឲ្យតែចម្រើនវ័យដល់ចេះក្រឡាប់ អង្គុយ វា តែងតែឆ្លងមេរោគផ្សេងៗដែលបណ្ដាលឲ្យរាក ក្ដៅខ្លួន ហើមពោះ។ លោកបានណែនាំដល់ម៉ាក់ប៉ាទាំងអស់ថា ពេលកូនរាកមិនត្រូវទុកចោលមិនខ្វល់ខ្វាយនាំទៅជួបពេទ្យឡើយ ព្រោះអាចបណ្ដាលឲ្យកូនមានគ្រោះថ្នាក់សុខភាពកាន់តែធ្ងន់។
[embed-health-tool-vaccination-tool]