ចំពោះអាអូនតូចៗ បើម៉ាក់ប៉ាមិនបានប្រយ័ត្ន នឹងកើតរាករូសញឹកញាប់ ព្រោះក្រពះ-ពោះវៀនអាអូននៅខ្ចីនៅឡើយ។ បើម៉ាក់ប៉ា មិនចង់ឲ្យកូនឧស្សាហ៍រាក ឬចង់ឲ្យក្រពះ-ពោះវៀនកូនល្អ ត្រូវជ្រើសរើសអាហារបំប៉នបែបណាទើបជាជម្រើសល្អសម្រាប់កូន?
លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានបកស្រាយឲ្យដឹងថា ម៉ាក់ប៉ាត្រូវដឹងថា ពេលដែលចង់បំប៉នអាហារកូនតូចៗ ពីលើការបៅទឹកដោះម្ដាយ ឬទឹកដោះគោ គឺនៅពេលដែលទារក ឬកូនតូចមានអាយុចាប់ពី៥-៦ខែឡើង ហើយអាហារដែលត្រូវផ្ដល់ឲ្យកូនចម្បងនោះគឺ អាហារទន់ ម៉ដ្ត ដូចជា បបរខាប់គ្រប់គ្រឿងជាដើម។ លោកបន្តថា នៅក្នុងបបរខាប់គ្រប់គ្រឿង មានគ្រឿងផ្សំគ្រប់មុខរួមមាន បន្លែ (បន្លែក្រហម បន្លែបៃតង…) ត្រី សាច់ អង្ករ ហើយគ្រូពេទ្យក៏ឲ្យយើងបន្ថែមប្រេងឆា ឬប្រេងអ៊ូលីវទៅក្នុងអាហារបំប៉នរបស់កូនថែមទៀត។
ដោយឡែក វេជ្ជបណ្ឌិតរូបនេះបន្តថា សម្រាប់កូនតូចៗដែលមានអាយុប្រហែល៨-៩ខែឡើង ទើបពេទ្យណែនាំឲ្យបន្ថែមអាហារបំប៉នផ្សេងៗទៀត ឬអាចហៅបានថា អាហារក្រៅពេលមានដូចជា៖
– យាអ៊ួរ
– នំសម្រាប់បេប៊ី
– ផ្លែឈើស្ងោរ ចំហុយ។ល។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា នៅពេលដែលកូនតូចៗទទួលបានអាហារគ្រប់គ្រាន់ ហើយចម្អិនដោយមានអនាម័យខ្ពស់នោះ មិនត្រឹមតែក្រពះ-ពោះវៀនកូនទេមានសុខភាពល្អ និយាយរួម ទាំងសុខភាពទូទៅ ទាំងការលូតលាស់របស់ក្មេងក៏បានល្អដែរ។
[embed-health-tool-vaccination-tool]