ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ជំងឺហើមពោះរបស់ទារក ឬកុមារកើតឡើងមានមូលហេតុ ហើយក៏មានវិធីព្យាបាលត្រឹមត្រូវដែរ។ ប៉ុន្តែតាមចាស់ៗពីមុន ច្រើនតែបង្គាប់ឲ្យយកស្លឹកគូឆាយ ស្លឹកម្លូ ឬមើមខ្ទឹមសយកមកបុក រួចយកទៅលាបរឹតលើពោះកូន។
ទង្វើបែបនេះលោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការនៅមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថា ធ្លាប់ឮគេនិយាយជាច្រើនពីវិធីបុរាណថាធ្វើបែបនេះ បែបនោះមែន ដើម្បីព្យាបាលក្មេងៗហើមពោះ ហើយក្រៅពីនោះថែមទាំងលាបប្រេងកូឡា ឬប្រេងខ្យល់ទៀតផង។
វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនោះបន្ថែមទៀតថា វិធីទាំងនោះផ្នែកវិទ្យាសាស្ត្រមិនគាំទ្រឡើយ ដោយតម្រូវឲ្យគ្រូពេទ្យស្វែងរកមូលហេតុនាំដែលឲ្យហើមពោះនោះសិន ទើបព្យាបាលដោយថ្នាំផ្សេងៗទៅតាមមុខសញ្ញា និងពពួកបាក់តេរីបណ្ដាលឲ្យហើមពោះវិញ។
ចំពោះវិធីព្យាបាលដោយប្រើប្រេងកូឡា ប្រេងខ្យល់ ឬបុកស្លឹកនេះស្លឹកនោះ គ្រូពេទ្យមិនអនុញ្ញាតឡើយ ព្រោះអាចបណ្ដាលឲ្យរលាកស្បែកទារកទៅវិញ។ ដោយសារតែស្បែកទារកមានសភាពខ្ចីងាយនឹងប្រតិកម្មជាមួយបរិយាកាសជុំវិញខ្លួន ហើយទម្រាំតែរបស់អស់ទាំងនោះមានជាតិកាត់ ហើយក្ដៅក្រហល់ក្រហាយ ស្បែកនឹងក្រហម ហើម របក រហូតមានបញ្ហាធ្ងន់ធ្ងរពិបាកព្យាបាលទៅវិញ។
ដូចនេះបើកូនហើមពោះត្រូវនាំកូនទៅឲ្យគ្រូពេទ្យពិនិត្យ ដើម្បីឲ្យច្បាស់ថាកូនពិតជាហើមពោះមែន ឬមិនមែនកុំចេះតែគោះពោះកូន ហើយសន្និដ្ឋានកូនថាមានជំងឺដោយខ្លួនឯង និងទៅផ្សំថ្នាំតាមនឹកឃើញ ព្រោះគ្រោះថ្នាក់ដល់កូនទៅវិញ។
[embed-health-tool-vaccination-tool]