សព្វថ្ងៃនេះយើងច្បាស់ជាឃើញហើយថា ចំនួនក្មេងៗធាត់ៗមានកាន់តែច្រើនឡើងៗ។ បញ្ហាធាត់លើសទម្ងន់លើកុមារ គឺជាបញ្ហាផ្នែកសុខភាពដ៏ស្មុគស្មាញមួយ ហើយបញ្ហានេះកើតឡើងនៅពេលក្មេងឡើងគីឡូច្រើនលើសពីគីឡូសមស្របជាមួយអាយុរបស់ក្មេង។
បើក្មេងធាត់ខ្លាំងតាំងពីនៅវ័យក្មេង ពួកគេភាគច្រើននឹងនៅបន្តធាត់រហូតដល់ពេញវ័យ ដែលនេះនឹងធ្វើឲ្យក្មេងទាំងនោះប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៅថ្ងៃខាងមុខ មានដូចជាជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ហើយរាល់បញ្ហាទាំងអស់នេះ នឹងធ្វើឲ្យពួកគេប្រឈមជាមួយបញ្ហាសុខភាពផ្លូវចិត្ដ គ្មានទំនុកចិត្ដលើរូបរាងខ្លួនឯង ពិបាកចិត្ដ ឬកើតជាបញ្ហាស្ត្រេសជាដើម។
១- មូលហេតុធ្វើឲ្យក្មេងធាត់លើសទម្ងន់
មានមូលហេតុជាច្រើនបណ្ដាលឲ្យក្មេងៗធាត់ខ្លាំង។ ភាគច្រើននៃបញ្ហាធាត់ គឺបណ្ដាលមកពីកត្តាហ្សែនតំណពូជ ការញ៉ាំអាហារមិនល្អ និងមកពីមិនសូវបានបញ្ចេញសកម្មភាព។ មានករណីកម្រខ្លះ គឺបណ្ដាលមកពីបញ្ហាអ័រម៉ូនក្នុងខ្លួនប្រែប្រួល។ បើយើងជាប៉ាម៉ាក់សង្កេតឃើញថាកូនមានបញ្ហាសុខភាពណាមួយធ្វើឲ្យខ្លួនធាត់ ដូចជាបញ្ហាអ័រម៉ូនជាដើមនោះ យើងគួរតែនាំកូនទៅពិនិត្យ ធ្វើតេស្តឈាម និងពិនិត្យដងខ្លួនតាមការណែនាំរបស់គ្រូពេទ្យ។
បញ្ហាទាក់ទងជាមួយកត្តាតំណពូជ មិនមែនមានន័យថាក្មេងដែលមានក្រុមគ្រួសារធាត់ៗ សុទ្ធតែក្លាយទៅជាធាត់នោះទេ។ ប្រសិនបើមានប៉ាម៉ាក់ ឬបងប្អូនកើតជំងឺធាត់ នោះកូនៗងាយប្រឈមជាមួយបញ្ហាធាត់កាន់តែខ្ពស់។ ប៉ុន្តែបញ្ហាធាត់ក៏អាចបណ្ដាលមកពីកត្តាអាកប្បកិរិយា និងរបៀបរបបរស់នៅក្នុងក្រុមគ្រួសារ មានដូចជាការញ៉ាំអាហារ ឬផឹកភេសជ្ជៈផ្សេងៗជាដើម។
ទម្ងន់របស់ក្មេងៗ គឺអាស្រ័យលើរបបអាហារ និងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ នាពេលបច្ចុប្បន្នក្មេងៗភាគច្រើន មិនសូវបញ្ចេញសកម្មភាពច្រើនទេ។ គេសង្កេតឃើញថា ក្មេងៗសព្វថ្ងៃចូលចិត្ដមើលទូរទស្សន៍ ឬកុំព្យូទ័រយ៉ាងហោចណាស់ ក៏ប្រមាណ ៣ ទៅ ៤ ម៉ោងដែរក្នុងមួយថ្ងៃ។ នេះមិនទាន់រាប់ទាំងរយៈពេលដែលពួកគេចំណាយពេលមើលទូរសព្ទ ឬលេងហ្គេមផង។
អត្ថបទពាក់ព័ន្ធ៖
- វិធី ៥ យ៉ាង អ្នកជំនាញចែករំលែកដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យបានក្នុងការចិញ្ចឹមកូន
- តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាងស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ
- មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់
- ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណាទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?
២- ផលវិបាកបណ្ដាលមកពីបញ្ហាធាត់
សុខភាពមិនល្អ
បញ្ហាធាត់លើសទម្ងន់ គឺមានផលវិបាកខ្លាំងទៅលើសុខភាពរាងកាយរបស់អ្នកជំងឺ។ ក្មេងៗមានបញ្ហាធាត់ប្រឈមមុខខ្ពស់ជាមួយបញ្ហា៖
– ឡើងជាតិកូលេស្តេរ៉ូល និងឡើងសម្ពាធឈាម ហើយនឹងធ្វើឲ្យក្មេងប្រឈមនឹងជំងឺបេះដូងទៅថ្ងៃខាងមុខ
– បញ្ហាដង្ហើម ដូចជាជំងឺហឺត ឬពិបាកដកដង្ហើមពេលគេង
– មានបញ្ហាសន្លាក់
– បញ្ហាឈឺចាប់តាមសាច់ដុំ និងឆ្អឹង
– បញ្ហាកើតលើឆ្អឹង
– ប្រឈមនឹងបញ្ហាចាល់អ័រម៉ូនអាំងស៊ុយលីន ឬជំងឺទឹកនោមផ្អែមប្រភេទ២ បញ្ហាជាតិស្ករមិនប្រក្រតី
– បញ្ហាស្បែក មានដូចជាឡើងមុន ឡើងក្រហមក្ដៅលើស្បែក និងមានមេរោគផ្សិត
– មានបញ្ហាខ្លាញ់រុំថ្លើម
ហើយនៅមានបញ្ហាមួយចំនួនផ្សេងទៀតមានដូចជា៖
– ជំងឺថប់បារម្ភ
– ជំងឺបាក់ទឹកចិត្ដ
– មិនមានទំនុកចិត្ដលើរូបរាងខ្លួនឯង
– បញ្ហាមិនចុះសម្រុងជាមួយសង្គមខាងក្រៅ ដោយសារមានគេធ្វើបាប ឬបង្អាប់ផ្សេងៗ
ដូចនេះប៉ាម៉ាក់គួរតែធ្វើ ឬបង្រៀនកូនអនុវត្តវិធីល្អៗសម្រាប់សុខភាពដូចខាងក្រោម៖
– រៀបចំកម្មវិធីផ្សេងៗក្នុងក្រុមគ្រួសារ ឬហាត់ប្រាណជុំគ្នាជាដើម។ យើងត្រូវបង្ហាញឲ្យក្មេងៗឃើញថា សកម្មភាពដែលយើងកំពុងធ្វើមានលក្ខណៈសប្បាយ និងគួរឲ្យចាប់អារម្មណ៍ នោះក្មេងៗនឹងរៀនធ្វើតាម។
– ជួយគាំទ្រ និងលើទឹកចិត្តកូនឲ្យធ្វើសកម្មភាពប្រចាំថ្ងៃ
– ជួយខ្លួនយើង និងក្រុមគ្រួសារយើង ឲ្យគេចចេញពីការរស់នៅដោយចំណាយពេលអង្គុយច្រើនពេក និយាយឲ្យស្រួលស្ដាប់ កុំឲ្យមើលទូរទស្សន៍ លេងទូរសព្ទ ឬលេងហ្គេមច្រើនពេក។
[embed-health-tool-vaccination-tool]