ជាទូទៅ ចំពោះទារកតូចៗតែងតែមានក្អែទឹកដោះម្ដាយ ឬទឹកដោះគោចេញមក បន្ទាប់ពីបៅរួច ព្រោះវាបណ្ដាលមកពីឆ្អែតពេក ដែលធ្វើឲ្យច្រាលទឹកដោះមកវិញ។ ការក្អែគឺជារឿងធម្មតារបស់ក្មេងដែលម៉ាក់ប៉ាមិនបាច់បារម្ភ ប៉ុន្តែបើឃើញកូនមានក្អែចេញមកលាយឈាមមកដែរគឺមិនត្រូវធ្វើហីទេ។ នេះបើតាមការឲ្យដឹងរបស់វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង។
ក្នុងករណី ដែលកូនតូចៗក្អែមកឈាម គឺចាំបាច់ត្រូវយកកូនមកជួបគ្រូពេទ្យ ព្រោះថាវាអាចបណ្ដាលមកពីជំងឺ២ប្រភេទដែលខាងពេទ្យជួបញឹកញាប់គឺ៖
ទី១.ទាក់ទងនឹងការរលាកបំពង់អាហារផ្នែកខាងលើ
ទី២. រលាកកក្រពះ (កន្លែងព្រំប្រទល់រវាងបំពង់អាហារខាងលើ នឹងកក្រពះ)។
លោកវេជ្ជបណ្ឌិតបន្តថា នៅពេលដែលកូនតូចៗខំប្រឹងក្អែ ឬក្អួតខ្លាំងពេក គឺវាអាចធ្វើឲ្យដាច់រលាត់ស្បែកនៅតំបន់នោះ វាធ្វើឲ្យចេញឈាមមកជាមួយដែរ។ បើសិនឃើញដូចនេះ គឺត្រូវនាំកូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ឲ្យបានត្រឹមត្រូវ ព្រោះករណីនេះមិនមែនជាការក្អែធម្មតាៗទេ។
លើសពីនេះទៅទៀត ប្រសិនបើម៉ាក់ប៉ាឃើញកូនតូចក្អែ ហើយមានលាយឡំមកជាមួយសញ្ញាដូចជា៖
– ក្អែរហូតដល់ឈ្លក់
– ក្អែរហូតទាល់មុខឡើងខៀវ
– កូនតូចពិបាកឡើងទម្ងន់ ឬក្អួត ជាដើម គឺត្រូវនាំកូនទៅជួបពិគ្រោះជាមួយគ្រូពេទ្យបានលឿន ព្រោះវាអាចបញ្ជាក់ថាកូនតូចកំពុងមានបញ្ហាផ្លូវអាហារអ្វីមួយក៏ថាបាន។
[embed-health-tool-vaccination-tool]