ប៉ាម៉ាក់ច្បាស់ជាមានការភ័យខ្លាច នៅពេលដែលសង្កេតឃើញដៃរបស់កូនញ័រមិនបាត់សោះ។ យ៉ាងណាមិញ សញ្ញានេះកម្រនឹងបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរណាស់។ ជាធម្មតា ការញ័រដៃបណ្ដាលមកពីដំណើរញ័រនិងចលនាកន្ទ្រាក់សាច់ដុំដោយឯកឯង។ ប្រសិនបើកូនមានអាការៈញ័រដៃជាច្រើនថ្ងៃជាប់គ្នា ឬស្រាប់តែកើតមានអាការៈបែបនេះម្ដងទៀត ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យកុមារ ដើម្បីស្វែងរកបញ្ហាសុខភាពធ្ងន់ធ្ងរដែលអាចកើតមាន។ ជាទូទៅ អាការៈញ័រដៃនេះ កើតឡើងដោយសារកត្តាមួយចំនួនដូចខាងក្រោម។
១. ថប់បារម្ភ
កុមារជាច្រើន ជាពិសេសក្មេងតួចៗពិបាកក្នុងការបង្ហាញអារម្មណ៍ដោយការនិយាយស្ដីណាស់។ ផ្ទុយទៅវិញ ពួកគេអាចបង្ហាញអារម្មណ៍របស់ខ្លួនដោយកាយវិការជំនួសវិញ។ ក្មេងភាគច្រើនប្រឈមនឹងការថប់បារម្ភកម្រិតមធ្យមពីពេលមួយទៅពេលមួយ ដែលធ្វើឲ្យពួកគេចាប់ផ្ដើមវាយតប់ជាមួយនឹងមិត្តភ័ក្ដិ ឬមានបញ្ហាធ្ងន់ធ្ងរនៅក្នុងគ្រួសារ។ នៅក្នុងករណីដែលកូនមានអាការៈថប់បារម្ភ រាងកាយរបស់ពួកគេអាចតានតឹង ហើយចាប់ផ្ដើមញ័រដៃ។ ប៉ាម៉ាក់គប្បីលើកទឹកចិត្តឲ្យកូននិយាយពីអារម្មណ៍របស់ខ្លួន ហើយប្រសិនបើអាការៈថប់បារម្ភនេះនៅតែបន្ត ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យកុមារ។
២. ឃ្លាន
កង្វះអាហារូបត្ថម្ភ ការមិនញ៉ាំអាហារ និងការឃ្លាន ក៏អាចបណ្ដាលឲ្យជាតិស្ករក្នុងឈាមចុះទាបបានដែរ។ នៅពេលដែលជាតិស្ករក្នុងឈាមទាប កុមារអាចមានអាការៈញ័រដៃ។ ដូច្នេះហើយ ប៉ាម៉ាក់គួរណែនាំឲ្យកូនញ៉ាំអាហារដែលមានតុល្យភាព និងសុខភាពល្អ។ នៅក្នុងករណីដែលកូននៅតែមានអាការៈញ័រដៃ ទោះបីជាពួកគេញ៉ាំអាហារត្រឹមត្រូវហើយក៏ដោយ ប៉ាម៉ាក់គួរនាំកូនទៅធ្វើតេស្តទឹកនោមផ្អែម។
៣. កាហ្វេអ៊ីន
ជាញឹកញយ ការញ៉ាំជាតិកាហ្វេអ៊ីនកម្រិតខ្ពស់អាចបណ្ដាលឲ្យមនុស្សពេញវ័យចាប់ផ្ដើមញ័រដៃ។ ចំណែកឯក្មេងវិញ គឺកាន់តែងាយនឹងទទួលឥទ្ធិពលពីជាតិកាហ្វេអ៊ីនទ្វេដង ហើយសូម្បីតែការញ៉ាំទឹកសូដាមួយកំប៉ុង ក៏អាចធ្វើឲ្យក្មេងញ័រដៃបានដែរ។ ពិតណាស់ ក្មេងៗមិនគួរញ៉ាំជាតិកាហ្វេអ៊ីនឡើយ ពីព្រោះវាអាចបណ្ដាលឲ្យពួកគេមានការលូតលាស់យឺត។ ចូរឲ្យកូនញ៉ាំទឹក ឬទឹកផ្លែឈើដែលគ្មានជាតិស្ករ ជំនួសឲ្យភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
៤. បញ្ហាសាច់ដុំ
ដោយសារតែការញ័រ បណ្ដាលមកពីចលនាសាច់ដុំកន្ត្រាក់ដោយឯកឯង ដូច្នេះហើយ បញ្ហាសាច់ដុំមួយចំនួនក៏អាចនាំឲ្យក្មេងញ័រដៃផងដែរ។ នៅពេលដែលសាច់ដុំរបស់កុមារទន់ខ្សោយ និងអស់កម្លាំង ពួកគេនឹងចាប់ផ្ដើមកើតមានអាការៈញ័រដៃនេះ។ ចូរលើកទឹកចិត្តកូនឲ្យពត់ដៃជើង មុនពេលធ្វើលំហាត់ប្រាណ ដើម្បីកុំឲ្យសាច់ដុំធ្វើការហួសកម្លាំង ក៏ដូចជាសម្រាកឲ្យបានញឹកញាប់។
៥. កង្វះជាតិទឹក
បញ្ហាកង្វះជាតិទឹក ក៏អាចបណ្ដាលឲ្យចលនាសាច់ដុំមានការកន្ត្រាក់ដោយឯកឯងដូចគ្នាដែរ។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីណែនាំឲ្យកូនកាត់បន្ថយការញ៉ាំភេសជ្ជៈដែលមានជាតិស្ករ ពីព្រោះវាអាចបណ្ដាលឲ្យពួកគេខ្វះជាតិទឹក។ ជាមួយគ្នានេះដែរ ចូរឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។
[embed-health-tool-vaccination-tool]