អាការៈក្អួតចង្អោរ ជាសញ្ញាមួយនៃសុខភាពកូនដែលធ្វើឲ្យម៉ាក់ប៉ាបារម្ភ ពិសេសបើអាអូនក្អួតនៅពេលយប់។ កូនក្អួតពេលយប់អាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែពេលខ្លះ វាអាចបញ្ជាក់ពីបញ្ហាធ្ងន់ធ្ងរដទៃទៀតក៏ថាបាន។ ហេតុអ្វីបានអាអូនក្អួតពេលយប់? គួរយកទៅពេទ្យ ឬដោះស្រាយតាមវិធីណា?
មូលហេតុបណ្ដាលឲ្យកូនក្អួតពេលយប់
ដើម្បីរកដំណោះស្រាយត្រឹមត្រូវមួយទប់ទល់នឹងកូនក្អួតពេលយប់ ម៉ាក់ប៉ាត្រូវដឹងពីមូលហេតុដែលបង្កឲ្យមានអាការៈក្អួតជាមុនសិនដូចជា៖
១. ពុលចំណីអាហារ
ពេលខ្លះ កូនក្អួតអាចជាសញ្ញាថា រាងកាយអាអូនបដិសេធនឹងអាហារណាមួយដែលកូនបានញ៉ាំនៅពេលថ្ងៃ។ ទាំងអាហារឆៅ ឬឆ្អិនសុទ្ធតែអាចបណ្ដាលឲ្យអាអូនពុល ប្រសិនបើវាជាអាហារទុកចោលយូរ ចម្អិនមិនបានឆ្អិនល្អ ឬគ្មានអនាម័យជាដើម។
២. បញ្ហាក្រពះពោះវៀន
ជំងឺនៅក្រពះពោះវៀនឧស្សាហ៍កើតនៅលើកុមារណាស់ ហើយភាគច្រើនធ្វើទុក្ខនៅពេលយប់។ រោគសញ្ញាចម្បងនៃជំងឺនេះគឺក្អួត បូករួមនឹងសញ្ញាដទៃទៀត មាន ចុកពោះ ក្ដៅខ្លួនស្ទីញៗ រាករូស និងឈឺក្បាល។
៣. ក្អកខ្លាំង
បើសិនអាអូនក្អកខ្លាំងពេលយប់ វាអាចរំញោចដល់រ៉េផ្លិចបំពង់ករបស់កូនបណ្ដាលឲ្យក្អួតចេញមក។ ក្នុងករណីដែលអាអូនដកដង្ហើមតាមមាត់ពេលគេង មាត់ និងបំពង់ករបស់អាអូននឹងស្ងួត ធ្វើឲ្យរមាស់កនាំឲ្យកូនក្អក ជាហេតុបណ្ដាលឲ្យអាអូនក្អួតពេលយប់។
៤. ជំងឺហឺត
ប្រសិនអាអូនមានជំងឺហឺត នោះកូននឹងក្អក ពិបាកដង្ហើមពេលគេង។ នេះដោយសារផ្លូវដង្ហើមអាអូនកាន់តែឆាប់រងផលរំខាននៅពេលយប់ អាអូនកំពុងគេងលក់ ហើយរោគសញ្ញាមានដូចជាក្អក ថប់បារម្ភ ពិបាកគេង អាចធ្វើឲ្យអាអូនក្អួតពេលយប់បាន។
វិធីដោះស្រាយកូនក្អួតពេលយប់
ជាធម្មតា អាការៈកូនក្អួតពេលយប់កើតឡើងតែ ១-២ដង/យប់ ដែលអាចបាត់ទៅវិញដោយខ្លួនឯង ពេលអាអូនគេងលក់វិញ។ ប៉ុន្តែ យើងអាចជួយដោះស្រាយបញ្ហានេះបានដោយ ឲ្យកូនញ៉ាំទឹក ព្រោះក្អួតធ្វើឲ្យរាងកាយកូនខ្សោះជាតិទឹក ផ្ដល់អាហារស្រាលចំពោះក្រពះឲ្យកូនញ៉ាំដូចជា បបរ ដើម្បីកុំឲ្យកូនឃ្លាន ឬឲ្យអាអូនសម្រាកឲ្យបានច្រើនជាដើម។ ម៉ាក់ប៉ាត្រូវចាំថា ក្រៅពីទឹកធម្មតា មិនគួរផ្ដល់ភេសជ្ជៈផ្អែមៗដល់កូន ក្រោយពេលក្អួតរួចទេ។
ពេលណាគួរទៅជួបពេទ្យ?
បញ្ហាក្អួត ជាទូទៅធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក វាកាន់តែជាបញ្ហាធំប្រសិនបើអាអូនក្អួតផង រាកផង រួមផ្សំនឹងរោគសញ្ញាដទៃខាងក្រោមនេះទៀត ម៉ាក់ប៉ាគួរតែនាំកូនទៅពិនិត្យជាមួយគ្រូពេទ្យដូចជា៖
- ក្ដៅខ្លួនខ្លាំង
- ក្អកមិនឈប់
- មិនសូវសកម្ម សន្លឹមៗ
- ចុកពោះ ឬឈឺក្បាលខ្លាំង
- ពិបាកដកដង្ហើម
- ឡើងកន្ទួលក្រហមលើស្បែក។
[embed-health-tool-vaccination-tool]