ប្រព័ន្ធការពាររាងកាយកូនប្រឈមនឹងពពួកវីរុស និងបាក់តេរីជាច្រើនដែលមាននៅជុំវិញខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែការប្រឈមនេះក៏ធ្វើឲ្យប្រព័ន្ធការពាររាងកាយអាអូនស៊ាំនឹងពពួកវីរុស និងបាក់តេរីដែលអាចបង្កជាជំងឺតូចតាចមួយចំនួនដែរ។ ដើម្បីចៀសវាងកូនឈឺ យើងអាចពង្រឹងប្រព័ន្ធភាពស៊ាំបានជាមួយរបបអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ និងល្អចំពោះសុខភាព។ ខាងក្រោមនេះ ជារបបអាហារល្អៗជួយដល់ប្រព័ន្ធការពារ និងប្រព័ន្ធរំលាយអាហារម៉ាក់ប៉ាគួរបន្ថែមឲ្យអាអូន។
១. បន្ថែមខ្លាញ់ត្រី
អាស៊ីដខ្លាញ់ Omega 3មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព យើងអាចរកបាននៅក្នុងត្រីមានខ្លាញ់ដូចជា សាល់ម៉ុន ត្រីធូណា ប្រេងធម្មជាតិ គ្រាប់ធញ្ញជាតិ និងបន្លែបៃតង។ អាស៊ីដខ្លាញ់Omega 3 អាចប្រឆាំងនឹងការឆ្លងមេរោគនៅលើកូនក្មេងបាន។ ហេតុនេះហើយ ព្យាយាមបន្ថែមសាច់ត្រីចូលទៅក្នុងអាហារកូនយ៉ាងតិច២ដងក្នុងមួយសប្ដាហ៍ តែត្រូវប្រយ័ត្នការស្លាក់ ក្នុងករណីដែលម៉ាក់ប៉ាឲ្យអាអូនញ៉ាំគ្រាប់ធញ្ញជាតិ។
២. ញ៉ាំបន្លែ ផ្លែឈើ
គ្រប់បន្លែ និងផ្លែឈើទាំងអស់ផ្ដល់ឲ្យវីតាមីន និងជាតិរ៉ែខុសគ្នា ដូច្នេះទើបជាការសំខាន់ដែលអាអូនត្រូវញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ។ រាល់សារធាតុចិញ្ចឹមទាំងអស់នេះមានគុណសម្បត្តិបង្កើនប្រព័ន្ធភាពស៊ាំ ដែលជួយឲ្យរាងកាយផលិតគ្រាប់ឈាមសបន្ថែមទៀត ដើម្បីប្រឆាំងរាល់ការឆ្លងមេរោគ។ ម៉ាក់ប៉ាគួរព្យាយាមឲ្យកូនញ៉ាំបន្លែផ្លែឈើចម្រុះជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រយោជន៍ល្អពីវីតាមីន និងជាតិរ៉ែសំខាន់ៗដល់រាងកាយ។
៣. បង្កើនបាក់តេរីល្អក្នុងពោះវៀន
Probiotics បង្កើតបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនរបស់កូនយើង និងបង្កើតតុល្យភាពរវាងបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀន ជាហេតុបណ្ដាលឲ្យប្រព័ន្ធការពាររាងកាយអាអូនរឹងមាំ។ យ៉ាអ៊ួរធម្មជាតិមានផ្ទុកProbioticsច្រើន អ៊ីចឹងហើយ យើងអាចផ្ដល់ឲ្យកូនមួយស្លាប់ព្រាបាយពេញៗជាប្រចាំដោយបន្ថែមផ្លែឈើស្រស់ពីលើទៀតនោះ បានទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អដល់កូន។
៤. បន្ថែមវីតាមីនB6
វីតាមីនB6 ទ្រទ្រង់ប្រព័ន្ធការពាររាងកាយអាអូនដោយបង្កើតអង្គបដិប្រាណ និងជួយគ្រាប់ឈាមក្រហមដឹកជញ្ជូនអុកសែនទៅជួយដំណើរការនៃការព្យាបាលរបស់រាងកាយ។ យើងអាចរកបាននៅក្នុងនំប៉័ង Pasta ឬផ្លែចេក ដើម្បីថែមចូលរបបអាហារកូនប្រចាំថ្ងៃបាន។
៥.រក្សាទម្លាប់គេងល្អ
ដើម្បីទទួលបានប្រព័ន្ធការពាររាងកាយរឹងមាំ គ្រាន់តែឲ្យកូនញ៉ាំអាហារគ្រប់មុខនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ អាអូនត្រូវចូលគេងឲ្យបានទៀងទាត់ និងគេងឲ្យបានគ្រប់គ្រាន់។ កាលណាអាអូនគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប្រព័ន្ធការពារដំណើរការមិនបានល្អ បណ្ដាលឲ្យជំងឺផ្សេងៗជ្រៀតចូលខ្លួនកូន។
[embed-health-tool-vaccination-tool]